កីឡាករចំនួន១៣រូបដែលធ្លាប់ឈ្នះពានមាស(Ballon D’or) មុនពេលដែលកំពូលកីឡាករឆ្នើមលំដាប់ពិភពលោកគឺ Ronaldo និង Lionel Messi កាន់កាប់ផ្តាច់មុខអស់រយៈពេល១០ឆ្នាំកន្លងមក។ គិតចាប់តាំងពីឆ្នាំ២០០៨ ខ្សែបម្រើ Kaka បានលើកពាននេះជាលើកចុងក្រោយនៅឆ្នាំ២០០៧។
ខាងក្រោមនេះជាឈ្មោះកីឡាករដែលធ្លាប់ទទួលបានពានរង្វាន់បាល់មាស Ballon D’or ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ឆ្នាំ២០០៧ ៖
1-George Weah (AC Milan)

អតីតកីឡាករខ្សែប្រយុទ្ធមានដើមកំណើតនៅប្រទេសស៊ូម៉ូតំបន់អាហ្រ្វិក រូបនេះ បច្ចុប្បន្នមានវ័យ៥១ឆ្នាំ ធ្លាប់ឈ្នះពានបាល់មាសនេះជាមួយក្រុម AC Milan កាលពីឆ្នាំ១៩៩៥។
2-Matthias Sammer (Dortmund)

អតីតកីឡាករបម្រើ-ខ្សែការពារវ័យ៥០ឆ្នាំរូបនេះ មានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ ខាងកើត ធ្លាប់ឈ្នះពានបាល់មាសនេះជាមួយក្រុម Dortmund នៅឆ្នាំ១៩៩៦។
3-Ronaldo Nazario (Inter Milan)

កីឡាកររបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលជួយឲ្យក្រុមជម្រើសជាតិលើកពាន World Cup ឆ្នាំ២០០២នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនក្នុងនាមជាម្ចាស់ផ្ទះនោះ ធ្លាប់ឈ្នះពានបាល់មាសនេះ ជាមួយក្រុម Inter Milan នៅឆ្នាំ១៩៩៧ផងដែរ។
4-Zinedine Zidane (Juventus)

វីរបុរសក្រុម Juventus និង Real Madrid រូបនេះបច្ចុប្បន្នជាអ្នកចាត់ការទូទៅឲ្យក្រុមស្តេចស Real Madrid ធ្លាប់ឈ្នះពានបាល់មាសពេលលោកនៅជាមួយក្រុម Juventus នៅឆ្នាំ១៩៩៨។
5-Rivaldo(Barcelona)

ខ្សែប្រយុទ្ធដែលប្រិយមិត្តធ្លាប់ទទួលស្គាល់ថា ជាកីឡាករចូលចិត្តស៊ុតបាល់ពីចម្ងាយរូបនេះ ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុមអ្នកមានបុណ្យ Barcelona នៅឆ្នាំ១៩៩៩ មុនពេលជួយក្រុមជម្រើសជាតិប្រេស៊ីល លើកពាន World Cup 2002។
6-Luis Figo(Real Madrid)

ខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំដែលមានជំនាញពូកែញ៉ាក់បាល់ និងស៊ុតបាល់ពិន័យ Free kick សញ្ជាតិព័រទុយហ្គាល់ រូបនេះ ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុម Real Madrid នៅឆ្នាំ២០០០។
7-Michel Owen (Liverpool)

វីរបុរសក្រុមហង្សក្រហម Liverpool និងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរូបនេះ ធ្លាប់ឈ្នះពានបាល់មាសនេះ ជាមួយក្រុមដែលធ្វើឲ្យរូបគេសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅ ឆ្នាំ២០០១។
8-Ronaldo Nazario(Real Madrid)

បន្ទាប់ពីជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពាន World Cup 2002 ដដែលនោះដែរ Ronaldo អំឡុងពេល រូបគេបានផ្ទេរមកលេងឲ្យក្រុមស្តេចស Real Madrid កីឡាកររូបនេះ បានឈ្នះពានបាល់មាសជាមួយ ក្រុម Real Madrid ជាលើកទី២ ក្នុងអាជីពបាល់ទាត់របស់គេ។
9-Pavel Nedved(Juventus)

កីឡាករមាឌល្អិតសញ្ជាតិឆេករបស់ក្រុម Juventus រូបនេះត្រូវបានមជ្ឈដ្ឋានអ្នកសេ្នហាកីឡាបាល់ទាត់ទទួលស្គាល់ ពីទេពកោសល្យ និងជំនាញញាក់បាល់ និងការបញ្ជូនបាល់របស់គេដែលធ្លាប់លេងឲ្យក្រុម Juventus នៅចន្លោះឆ្នាំ២០០១-២០០៩ និងបានឈ្នះពានបាល់មាសនៅឆ្នាំ២០០៣។
10-Andriy Shevchenko (AC Milan)

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ប្រទេសអ៊ុយក្រែន Shevchenko ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុម AC Milanនៅឆ្នាំ២០០៤។
11-Ronaldinho(Barcelona)

ខ្សែប្រយុទ្ធដ៏មានទេពកោសល្យ និង ជាវីរបុរសរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បន្ទាប់ពីជួយក្រុមប្រេស៊ីល លើកពាន World Cup 2002 រួចមក បានឈ្នះពានបាល់មាសជាមួយក្រុម Barcelona នៅឆ្នាំ២០០៥។
12-Fabio Canavaro(Real Madrid)

អតីតខ្សែការពារកណ្តាល និង ជាប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះបន្ទាប់ពីជួយក្រុមអ៊ីតាលីលើកពាន World Cup 2006 រួចមក បានឈ្នះពានបាល់មាសនេះជាមួយក្រុមបាល់ទាត់អាជីព Real Madrid ផងដែរ។
13-Ricardo Kaka

កីឡាកររបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ជាសមាជិកដែលបានជួយក្រុមលើកពាន World Cup 2002 ខណៈខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះ ធ្លាប់ឈ្នះពានបាល់មាសជាមួយក្រុម Real Madrid នៅឆ្នាំ២០០៧។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristinao Ronaldo ទើបតែទទួលបានពានកិត្តិយសលើកទី៥ (២០០៨, ២០១៣, ២០១៤, ២០១៦) សម្រាប់ពានបាល់មាសនៅឆ្នាំ២០១៧។ លទ្ធផលគួរជាទីមោទនេះ នាំឲ្យរូបគេមានកំណត់ត្រា ស្មើជាមួយគូប្រជែងដ៏សំខាន់ក្នុងលីកអាជីពអេស្ប៉ាញ La Liga គឺកំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលទទួលពានមួយនេះចំនួន៥ដងដូចគ្នា(២០០៩, ២០១០, ២០១១, ២០១២, ២០១៥)៕
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច