ព័ត៌មានទាន់ហេតុការណ៍៖

មាស អាលីស ជួបទុក្ខធ្ងន់ព្រោះឪពុកលាចាកលោក

ចែករំលែក៖

ភ្នំពេញ៖ ឪពុកបង្កើតរបស់តារាចម្រៀង នាង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃ១៩ ខែធ្នូ ។ នេះជាការបាត់បង់សមាជិកដ៏សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឪពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិត យ៉ាងតក់ក្រហល់បែបនេះ។

មាស អាលីសជាអ្នកចម្រៀងដែលមានទឹកដមល្អហើយធ្វើអោយគេចាប់អារម្មណ៍ក្រោយពេលដឹងថាមានសំឡេងច្រៀងប្រហែលអតីតតារាចម្រៀងជើងចាស់អ្នកស្រីហួយ មាសដោយអាលីស រមែងច្រៀងបទហួយ មាស នៅលើឆាកសម្តែង។ ពេលនេះតារាចម្រៀងមនោសញ្ចេតនា រូបនេះបានជួបទុក្ខធំគ្រាដែលលោកឪពុកជាទីស្រឡាញ់ជាបង្គោលគ្រួសារម្នាក់ដែរ បានទទួលមរណៈភាពដោយសារសម្ពាធឈាមឡើងខ្លាំង ហើយគាប់ជួនជាលោកក៏មានបញ្ហាបេះដូង ធ្វើទុក្ខស្របគ្នានោះផង ។

កន្លងមកអាលីសបានបន់ស្រន់សំពះទេវតាវត្ថុសាកសិទ្ឋិទាំងឡាយធ្វើយ៉ាងណាអោយអាយុជីវិតឪពុកបានបន្តរស់រានរឹងមាំមើលកូនចៅ។ អ្នកនាងថា ឪពុករបស់ខ្លួន គឺជាមនុស្សសំខាន់ និងជាជំហរគ្រួសារនាពេលកន្លងមក តែដោយសារតែលោកមានជំងឺប្រចាំកាយ ទើបបន្ទុកគ្រួសារត្រូវធ្លាក់លើនាង និងបងប្អូនផ្សេងទៀត។ ឪពុករបស់នាង មានឈ្មោះថា ស៊ិន សេដា អាយុ៦៥ឆ្នាំ ដោយមុនទទួលមរណភាពជំងឺរបស់លោក ក៍បានធ្វើទុក្ខ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបានប៉ុន្មានថ្ងៃដែរ។

គួរបញ្ជាក់ដែរថាពិធីបុណ្យសពឪពុកតារាចម្រៀងមាស អាលីស ត្រូវបានធ្វើឡើងតាមទំនៀមទម្លាប់ខ្មែរនៅគេហដ្ឋាននាសង្កាត់ចតុមុខខណ្ឌដូនពេញ ហើយពិធីបុណ្យគម្រប់៧ថ្ងៃក៏នឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូនេះនៅគេហដ្ឋាននាងដដែល ៕ វឌ្ឍនា


ចែករំលែក៖