បន្ទាប់ពីគ្រោះធម្មជាតិ ទឹកជំនន់ខ្យល់ ព្យុះ ក៏ដូចជាការវាយប្រហារភេរវកម្ម អំពើហិង្សាក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែមនុស្សជាច្រើនបានភ្លេចថានៅមានគ្រោះថ្នាក់មួយទៀត ដែលបានសម្លាប់ មនុស្សជាច្រើនផងដែរ នោះគឺគ្រោះអគ្គិ ភ័យនៅជុំវិញពិភពលោក។
កន្លងមកថ្មីៗភ្លើងឆេះព្រៃនៅអាមេរិក ក្នុងនោះមានរដ្ឋកាលីហ្វ័រនីញ៉ា បានបំផ្លាញព្រៃឈើនិងទ្រព្យសម្បត្តិជាច្រើន ក្រៅពីនេះនៅមានអាយុជីវិតមនុស្សរាប់សិបនាក់ទៀត។ ក្រៅពីអាមេរិក នៅមានប្រទេស ជាច្រើនទៀត ក្នុងនោះមានអាហ្សង់ទីនជា ដើម ។ ប៉ុន្តែនៅទីនេះយើងរាប់តែគ្រោះ អគ្គិភ័យឆេះលំនៅឋានអគារ ដែលបាន សម្លាប់មនុស្សច្រើន បំផុតនៅក្នុងឆ្នាំ ២០១៧កន្លទៅ។
ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ មានហេតុការណ៍គ្រោះអគ្គិភ័យធំៗកើត មានឡើងសរុបចំនួន ៥លើក នៅទូទាំង ពិភពលោក និងបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៤៨នាក់ស្លាប់។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ជុំវិញហេតុការណ៍អគ្គិភ័យទាំង៥លើក៖
១-អគ្គិភ័យកើតឡើងនៅអគារ Grenfell កម្ពស់ ២៤ជាន់ក្នុងទីក្រុងឡុងដ៍ ចក្រ ភពអង់គ្លេស នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧ បណ្តាលឲ្យមនុស្ស ៧១នាក់ ស្លាប់។
២-អគ្គិភ័យកើតឡើងនៅខុនដូ Marco Polo ក្នុងទីក្រុង Honolulu កោះហាវៃ៉ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង ១៣នាក់រងរបួស។
៣-អគ្គិភ័យកើតឡើងនៅសាលា Tahfiz Darul Quran Ittifaqiyah រដ្ឋធានី គូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ បណ្តាលឲ្យសិស្ស និងគ្រូយ៉ាងហោចណាស់ ២៤នាក់ស្លាប់។
៤-អគ្គិភ័យកើតឡើងនៅផ្សារទំនើប ក្នុងទីក្រុង Davao ប្រទេសហ្វុីលីពីន នាថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៧ បណ្តាលឲ្យមនុស្ស ៣៨នាក់ស្លាប់។
៥-អគ្គិភ័យកើតឡើងនៅអគារស្នាក់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់១២នាក់ ស្លាប់៕ ម៉ែវ សាធី