ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់និងគ្រោះរាំងស្ងួតកំពុងតែគំរាមកំហែងពលរដ្ឋនៅលើភពផែនដី

ចែករំលែក៖

ទឹកសមុទ្រកើនឡើងបានគំរាមកំហែង ពន្លិចប្រទេសនិងទីក្រុងជាច្រើន បាត់ ចេញពីផែនទីពិភពលោក នៅក្នុងសតវត្សរ៍​ទី២១នេះ ប្រសិនបើមនុស្សមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា នៅតែអនុវត្ត នយោបាយអាតា្មនិយម មិនខ្វល់ពីបម្រែ បម្រួលអាកាសធាតុដូច អាមេរិក ដែល បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាដើម។

អង្គការណាសាបានប្រកាសថា បណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសនុទ្រឥណ្ឌា ប្រឈមនឹងការបាត់បង់ មុនគេ។ បណ្តាកោះ ប្រទេសដូចជា Maldives និង Tuvalu នឹងគ្មានមនុស្សរស់នៅទៀតឡើយនៅឆ្នាំ២០៥០។ចំណែកកោះ Kribati នឹងស្ថិតនៅក្រោមទឹកសមុទ្រ នៅឆ្នាំ២១០០។

ក្រៅពីកោះទាំងនោះ នៅមានទីក្រុង ជាច្រើនទៀត ត្រូវទឹកសមុទ្រជន់លិច ក្លាយជាទីក្រុងបាតសមុទ្រវិញ។ អង្គការ ណាសា បានប្រកាសថា នៅឆ្នាំ២១០០ ទឹកសមុទ្រនឹងឡើងកម្ពស់ជាង ២ម៉ែត្រ ដោយសារតែភ្នំទឹកកកនៅប៉ូលខាងជើងផែនដីរលាយជាបន្តបន្ទាប់។

ជាមួយនឹងកម្ពស់ទឹកសមុទ្រកើនឡើងនោះ ទីក្រុងមួយចំនួននៅអឺរ៉ុប ដូចជា Venice , Amsterdam ឬ Hamberg នឹងត្រូវបាត់ បង់ ដោយទឹកសមុទ្រគ្របដណ្តើម។ ដោយ ឡែកនៅអាស៊ាន ទីក្រុងបាងកក់ប្រទេស ថៃ ក៏ប្រឈមនឹងការលិចផងដែរដោយស្ថិតនៅតំបន់ទាប។

ក្រៅពីគ្រោះទឹកជំនន់ ផ្ទៃដីដែលនៅ សេសសល់ រហូតដល់១ភាគ៤នឹងជួបគ្រោះរាំងស្ងួតយ៉ាងខ្លាំង ក្លាយទៅជាវាល រហោឋាន បើទោះបីប្រទេសទាំងអស់លើ ពិភពលោក អាចសម្រេចកាត់បន្ថយការប្រែប្រួលអាកាសធាតុ២អង្សា នៅឆ្នាំ ២០២០ក៏ដោយ។ នេះបើយោងតាមការ សិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយនៅ ថ្ងៃអង្គារទី២ ខែធ្នូ ដោយទស្សនាវដ្តី Nature Climate Change ។

ការសិក្សារបស់ Nature Climate Change ដែលប្រមូលផ្តុំដោយអ្នកជំនាញខាងប្រែប្រួលអាកាសធាតុ បង្ហាញថា ពិភពលោក នឹងបន្តប្រឈមខ្លាំង នឹងបម្រែបម្រួល អាកាសធាតុ។ បានសេចក្តីថា ប្រសិនបើ ប្រទេសទាំងអស់ នាំគ្នាសម្រេចកាត់បន្ថយកម្តៅផែនដី ឲ្យបានចំនួនត្រឹម២អង្សាសេ ស្របតាមគោលបំណងនៃកិច្ចព្រមព្រៀមអាកាសធាតុក្រុងប៉ារីស ក៏ដោយ ក៏ ផែនដី នៅតែរងគ្រោះក្តៅស្ងួត ១ភាគ៤នៃផ្ទៃ ក្រឡាដែរ។

ក៏ប៉ុន្តែករណី ប្រសិនបើគេអាចសម្រេចកាត់បន្ថយកម្តៅឲ្យសល់តិចជាង ១,៥ អង្សាសេ នោះភាពក្តៅស្ងួតហួតហែង នឹង អាចកាត់បន្ថយបាន ទៅជិតពាក់កណ្តាល ផែនដី តែក៏នៅតែមានបញ្ហាកម្តៅដែរ។ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញដដែល។ ទោះយ៉ាងនេះក្តី ការកាត់ បន្ថយកម្តៅនេះ គឺ លំបាកនឹងសម្រេច បានខ្លាំងណាស់ពីព្រោះថា សព្វថ្ងៃ កំណើន កម្តៅភពផែនដី គឺច្រើនជាង៣អង្សារសេ ទៅហើយ។

តាមរបាយការណ៍ដដែលបានសរសេរ ទៀតថា តំបន់ដែលអាចនឹងរងគ្រោះក្តៅស្ងួតខ្លាំង គឺមាននៅភាគខាងត្បូងអឺរ៉ុប ប៉ែកខាងត្បូងអាហ្វ្រិក អាមេរិកកណ្តាល ឆ្នេរអូស្ត្រាលី និង អាស៊ីអាគ្នេយ៍ ដែលរាប់ បញ្ចូលទាំងកម្ពុជាផង។ ការស្ងួតខ្លាំង គឺនាំឲ្យក្តៅខ្លាំងហួតហែង និងនាំឲ្យមាន ភ្លើងឆេះព្រៃជាដើម។ នេះជាការអះអាង របស់លោក Su Jong Jeong អ្នកជំនាញ ម្នាក់នៅក្នុងចំណោមអ្នកសរសេរបាយ ការណ៍ខាងលើ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកទេស Shenzhen នៅប្រទេសចិន។

សូមជម្រាបថា កិច្ចព្រមព្រៀមស្តីពី អាកាសធាតុ ក្រុងប៉ារីស ដែលរដ្ឋជាច្រើន បានចុះហត្ថលេខាបេជ្ញាចិត្ត សម្រេចឲ្យ ​ បានការកាត់បន្ថយបម្រែបម្រួលអាកាសធាតុផែនដី ពី១កន្លះ ទៅ២អង្សាសេ នៅ ឆ្នាំ២០២០។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក ក្រោម ការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ព្រោះខ្លាចបាត់ប្រយោជន៍សេដ្ឋកិច្ចអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖