សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានផ្សាយថា អ្នកស្រុករាប់រយនាក់នៃតំបន់ជាយក្រុង Valencia ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ កាលពីសប្តាហ៍មុន បាននាំគ្នាតវ៉ាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អំឡុងពេលមានទស្សនកិច្ចរបស់ព្រះមហាក្សត្រអេស្ប៉ាញ ព្រះអង្គម្ចាស់ Felipe និងម្ចាស់ក្សត្រី Letizia រួមទាំងនាយករដ្ឋមន្ត្រី លោក Pedro Sanchez ដោយអ្នកខ្លះបានគប់ភក់មកលើគណៈប្រតិភូទៀតផង។
អ្នកស្រុករងគ្រោះនាំគ្នាស្រែកដោយកំហឹង ចំពោះអ្វីដែលពួកគេនិយាថា មានការជូនដំណឹងយឺតយ៉ាវពីអាជ្ញាធរ ជុំវិញគ្រោះថ្នាក់នៃទឹកជំនន់ ហើយអំឡុងពេលមានគ្រោះមហន្តរាយ សេវាសង្គ្រោះបន្ទាន់ក៏ឆ្លើយតបយឺតយ៉ាវទៀត។ ក្រុមអ្នកតវ៉ាបានស្លៀកសម្លៀកបំពាក់ ជាមួយនិងនិមិត្តសញ្ញានៃក្រុមស្តាំនិយម និងដែលតែងតែធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្វេងនិយម របស់ប្រទេសអេស្ប៉ាញ។
យុវជនម្នាក់ បានប្រាប់ព្រះអង្គម្ចាស់ Felipe ដែលនៅបន្តឈរនិយាយជាមួយប្រជាជន ទោះជាកំពុងចលាចល ដូច្នេះថា «មានការដឹងឮជាមុនហើយ ប៉ុន្តែបែរជាគ្មាននរណាម្នាក់គេចផុត»។ រីឯលោកនាយករដ្ឋមន្ត្រី Sanchez បានឆ្លើយតបថា «យើងមិនគួរត្រូវបានមើលរំលង ដោយសារតែភាពខ្វះចន្លោះខ្លះៗនោះទេ។ មានព័ត៌មានបំពុលជាច្រើនកើតឡើង ខណៈដែលមនុស្សកំពុងជួបនឹងភាពវឹកវរ»។
អេស្ប៉ាញ ដែលជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ មានព្រះមហាក្សត្រជាប្រមុខរដ្ឋ បានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លាប់ច្រើនមិនធ្លាប់មាន រហូតដល់ ២១៧នាក់ ខណៈដែលតំបន់ស្ទើរតែទាំងអស់ នៅក្នុងទីក្រុង Valencia បានរងនូវការជន់លិច៕
ដោយ៖ ធីរីណា(រូបថត៖ baotintuc)