ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានជើងទឹករុស្ស៊ី និង ឥណ្ឌូនេស៊ី ធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ឥណ្ឌូណេស៊ី និងរុស្ស៉ី នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា បានចាប់ផ្ដើមធ្វើសមយុទ្ធជើងទឹករួមគ្នាជាលើកដំបូង ខណៈមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានបំណងពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ។

ឥណ្ឌូណេស៊ី បានប្រកាន់យកគោលនយោបាយការបរទេសអព្យាក្រឹត ដោយមិនឈរនៅខាងភាគីណាមួយឡើយទាំងនៅក្នុងសង្រ្គាមអ៊ុយក្រែន និងការប្រកួតប្រជែងគ្នារវាង សហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បានសន្យាថានឹងមានភាពក្លាហាននៅលើឆាកអន្តរជាតិ ហើយកាលពីខែកក្កដា លោកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយលោក ពូទីន។
សមយុទ្ធជើងទឹករួមគ្នារវាងប្រទេសទាំង២ ដែលមានរយៈពេល៥ថ្ងៃ នឹងត្រូវធ្វើឡើងដោយចែកចេញជា២ដំណាក់កាល នៅឯមូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុង Surabaya និងសមុទ្រជ្វា។ រុស្ស៉ីបានបញ្ជូននាវាចម្បាំង ៣គ្រឿង នាវាដឹកប្រេងមួយគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង រួមទាំងទូកសណ្ដោងមួយគ្រឿង ឱ្យទៅចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយឥណ្ឌូណេស៊ី។
បើតាមក្រុមអ្នកវិភាគ ការធ្វើសមយុទ្ធយោធារួមគ្នានេះគឺជាសញ្ញាមួយបង្ហាញថាលោក Prabowo កំពុងចាប់ផ្ដើមផ្លាស់ប្ដូរគោលនយោបាយការបរទេសដ៏សំខាន់ មួយ ជាមួយការសន្យាថានឹងពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងហ្សាកាតាជាមួយមហាអំណាចធំៗ៕ ដោយ៖ ធីរីណា


ចែករំលែក៖