ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថចាប់រថយន្តដឹកឈើ ១១គ្រឿង និងឈើអារឡាំងបួនជ្រុង ៣០ដុំប្រគល់មន្រ្តីជំនាញបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងផ្ទៃប្រទេស បានសហការគ្នាចុះបើកប្រតិបត្តិការបង្រ្កាបការដឹកជញ្ជូនឈើ និងអារច្រៀកឈើដោយគ្មានលិខិតអនុញាតិ ក្នុងនោះកម្លាំងធ្វើការបង្រ្កាបបានរថយន្តផ្ទុកឈើពេញៗចំនួន ១១គ្រឿង និងឈើអារឡាំងបួនជ្រុងចំនួន ៣០ដុំថែមទៀត។

ប្រតិបត្តិការខាងលើធ្វើឡើងតាំងពីយប់រហូតដល់ព្រលប់ថ្ងៃអង្គារ ១រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចវាលនិន្រ្ទា ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ និងចំណុចត្រពងពង្ស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ចាប់តាំងពីពាក់កណ្ដាលអធ្រាត្ររហូតដល់ភ្លឺ ថ្ងៃទី០២ ខែមករា កម្លាំងធ្វើការបង្រ្កាបបានរថយន្តដឹកជញ្ជូនឈើអារ និងកូនឈើប្រភេទប្រឡៅមូល មុខកាត់អង្កត់ផ្ចិតទំហំធំជាង ២០សង់ទីម៉ែត្រឡើង លុះនៅព្រឹករហូតដល់ល្ងាចថ្ងៃដដែលកម្លាំងធ្វើការបង្រ្កាបបានឈើអារឡាំងបួនជ្រុងមុខកាត់ធំៗចំនួន ៣០ដុំថែមទៀត។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ចំពោះវត្ថុតាងរថយន្តដឹកជញ្ជូនឈើចំនួន ១០គ្រឿងក្នុងសំណោមចំនួន ១១គ្រឿង បានប្រគល់ជូនមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដើម្បីចាត់ចែង និងបន្តនីតិវិធី ចំណែកឈើអារឡាំងបួនជ្រុងប្រភេទ(រាជកុល)ចំនួន ៣០ដុំទៀតនោះ បានប្រគល់ឲ្យមន្រ្តីបរិស្ថានបន្តនីតិវិធី៕  បឹុម ពិន


ចែករំលែក៖