ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់បញ្ឆោតក្មេងស្រី២នាក់យកទៅរំលោភរួចសងប្រាក់១ម៉ឺន២ពាន់ដុល្លារ

ចែករំលែក៖

ខេត្តរតនគិរី៖ លោកមាស សាភ័ណ មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានលួងលោមក្មេងស្រីជាសិស្សសាលា២នាក់នាំមករំលោភនៅផ្ទះសំណាក់យីហោម៉េងលីនក្រុងបានលុងហើយសងសំណង១ម៉ឺន២ពាន់ដុល្លារប្រុងបញ្ចប់រឿងពោលគឺ ដើម្បីរួចពីសំណាញ់ច្បាប់ ។

អាណាព្យាបាលក្មេងស្រីរងគ្រោះលោក ស.ត និងប្រពន្ធឈ្មោះ ហ.ព បានឲ្យដឹង ថា កូនគាត់មានអាយុ១៣ឆ្នាំ និងក្មេងស្រីកូនអ្នកជិតខាងម្នាក់ទៀតអាយុ១២ឆ្នាំ (ជនជាតិចារ៉ាយ) ។

ក្មេងស្រីរងគ្រោះបានប្រាប់ថា ក្រោយពី ដឹកនាងទៅដល់ក្រុងបានលុងលោក មាស សូភ័ណ្ឌ ក៏នាំពួកនាងចូលផ្ទះសំណាក់ ប៉ុន្តែនាងមិនស្គាល់យីហោផ្ទះសំណាក់នោះ ទេ។ ពួកនាងបានបន្តថា ក្រោយពីរំលោភបានសម្រេចទាំង២នាក់ហើយលោកមាស សាភ័ណ បាននាំនាងទៅផ្សារទិញទូរស័ព្ទ ដៃឲ្យម្នាក់មួយគ្រឿង។ លុះជិះរថយន្ត ត្រឡប់មកវិញដល់ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវមិនទាន់ដល់ភូមិឡំផងលោក មាស សាភ័ណ ទម្លាក់ពួកនាងចោល ហើយដកយកទូរស័ព្ទដែលទិញឲ្យម្នាក់ មួយនោះយកវិញទាំងអស់ ។

អាណាព្យាបាលក្មេងស្រីខាងលើបាន ប្រាប់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅក្មេងស្រីទាំង២នាក់បានបាត់ពីផ្ទះហើយមានការឆោឡោដើររកក្នុងភូមិតែរកមិនឃើញ។ លុះដល់ម៉ោងប្រមាណ១០ យប់ថ្ងៃដដែលទើបរកឃើញពួកគេទាំង២ នៅចំណុចភូមិប៉ក់តូចដែលមានចម្ងាយ២គីឡូម៉ែត្រពីផ្ទះគាត់រួចបានសួរនាំពីដំណើររឿងស្រាប់តែធ្លាយរឿងមន្ត្រីនគរបាលរូបនោះលួងលោមថា នាំមកទិញខ្សែក និង ទូរស័ព្ទឲ្យនៅផ្សារបានលុងព្រោះក្មេងស្រីនេះចេញ ចូលផ្ទះមន្ត្រីនគរបាលរូបនេះព្រឹក ល្ងាចជួយលាងចាន, ជួយមើលកូនក្មេង គ្រាន់បានលុយបន្តិចបន្តួចរៀនសូត្រតែ ធាតុពិតចូលផ្ទះសំណាក់យីហោម៉េងលីន ចាប់រំលោភម្នាក់ម្តងទៅវិញ។ បន្ទាប់មកអាណាព្យាបាលក្មេងស្រីទាំង២នាក់បានទៅដាក់ពាក្យបណ្តឹងទៅមេភូមិ, មេឃុំ និងប៉ុស្តិ៍ប៉ក់ញ៉ៃ ប៉ុន្តែសមត្ថកិច្ចមិនបាន ឃាត់ខ្លួនជនល្មើសនោះទេ ។

អាណាព្យាបាលក្មេងស្រីរងគ្រោះបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់មកក៏លេចមុខប្រពន្ធ មន្ត្រីនគរបាលឈ្មោះ មាស សាភ័ណ រួម និងមេប៉ុស្តិ៍ប៉ក់ញ៉ៃ លោក ងយ ដន អធិការរងស្រុកអូរយ៉ាដាវសុំសម្របសម្រួលសងលុយក្នុងម្នាក់៦ពាន់ដុល្លារ ដូច្នេះ២នាក់គឺ ១ម៉ឺន២ពាន់ដុល្លារដើម្បីបញ្ចប់រឿង ។

ទាក់ទិនទៅនឹងករណីខាងលើនេះ លោកស្រី កែវ ដាវី ស្នងការរងទទួលបន្ទុក ផ្នែកជួញដូរ និងការពារអនីតិជនបានឲ្យ ដឹងថា ទោះជាមានការសម្របសម្រួលគ្នា យ៉ាងណាក៏ដោយជនប្រព្រឹត្តខុសច្បាប់ទៅលើក្មេងស្រី (អនីតិជន)ត្រូវតែមាន ទោស ហើយលោកស្រីនឹងស្រាវជ្រាវកសាង សំណុំរឿងបញ្ជូនទៅតុលាការ ។

ប៉ុន្តែកាលពីថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ លោកស្រីបានប្រាប់ អ្នកកាសែតតាមទូរស័ព្ទថា សំណុំរឿងខាងលើបញ្ជូនទៅតុលាការហើយគឺផុតពីដៃលោកស្រីហើយ។ ទោះបីយ៉ាងនេះក្តីលោក ស្រីស្នងការរងបញ្ជាក់ថា តាមការស្រាវជ្រាវ ជាការភ័ន្តច្រឡំមិនពិតដូចការចោទប្រកាន់ទេគ្រាន់តែអាណាព្យាបាលបាត់កូនស្រីហើយចោទប្រកាន់តែប៉ុណ្ណោះ ។

មជ្ឈដ្ឋានពលរដ្ឋ និងមន្ត្រីរាជការដែលដឹងរឿងរ៉ាវខាងលើនេះមានចម្ងល់ថា បើ រឿងមិនពិតហេតុអី្វសម្របសម្រួលសងលុយ ១ម៉ឺន២ពាន់ដុល្លារឲ្យអាណាព្យាបាលក្មេងស្រីនោះ។ ម៉្យាងទៀតមិនពិបាកនោះទេ សមត្ថកិច្ចទៅឆែកកាមេរ៉ានៅផ្ទះសំណាក់ យីហោម៉េងលីន ពិតជាដឹងហើយ ។

ទាក់ទិននឹងសំណុំរឿងខាងលើនេះដែរ នគរវត្តមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨បានទេ ។

បុរសដែលត្រូវជាឪពុកក្មេងស្រីរងគ្រោះជាជនជាតិដើមភាគតិចចារ៉ាយបានឲ្យដឹងថា លោកសម្រេចដកពាក្យបណ្ដឹងសំណុំរឿងនេះ ខណៈដែលជនសង្ស័យឯកភាពព្រមផ្ដល់សំណងជាប្រាក់ជាង១ម៉ឺនដុល្លារ។ លោកបានរំលឹកថា កាលពីចុងខែធ្នូ ឆ្នាំ ២០១៧មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលម្នាក់ឈ្មោះ មាស សាភ័ណ បានចាប់រំលោភកូន ស្រីរបស់លោកអាយុ១៤ឆ្នាំម្នាក់ និងកុមារីម្នាក់ទៀតត្រូវជាបងប្អូនជីដូនមួយបាន សម្រេច។ លោកបានប្ដឹងរឿងនេះទៅប៉ុស្តិ៍រដ្ឋបាល ប៉ុន្តែដោយមានអាជ្ញាធរនិងមេប៉ុស្តិ៍ នគរបាលសម្របសម្រួលរឿងនេះលោកសម្រេចដកពាក្យបណ្ដឹងវិញ ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៧ឪពុក ក្មេងស្រីរងគ្រោះបានដាក់ពាក្យប្ដឹងករណីនេះទៅនគរបាលប៉ុស្តិ៍រដ្ឋបាល។ ខ្លឹមសារពាក្យបណ្តឹងនោះប្ដឹងឈ្មោះមាស សាភ័ណ ពីបទរំលោភផ្លូវភេទលើកុមារីកំពុងសិក្សាថ្នាក់ទី៦ ។

មេភូមិឡំទទួលស្គាល់ថា បទល្មើស ឧក្រិដ្ឋមិនអាចសម្របសម្រួលក្រៅប្រព័ន្ធតុលាការបានទេ ប៉ុន្តែអាណាព្យាបាលជន រងគ្រោះបានសំណូមពរឲ្យសម្របសម្រួលសំណុំរឿងនេះដោយសារមិនចង់មានរឿងវែងឆ្ងាយ ម្យ៉ាងជនសង្ស័យដែលជាមន្ត្រីនគរបាលជាសាច់ញាតិផង។ លោកថ្លែងថា «ខាងនគរបាលព្រហ្មទណ្ឌគាត់ថាចង់ធ្វើការព្រហ្មទណ្ឌដែរតែខាងឪពុកម្ដាយជន រងគ្រោះគេសុំសម្របសម្រួលគ្នា។ ខាង យើងនេះក្រីក្រដែលអត់មានលុយសម្រប សម្រួល អ៊ីចឹងទៅបើគេសងយើងហើយ យើងព្រមដែរក៏ធ្វើកិច្ចសន្យាទៅ» ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្តរតនគិរីលោក ឌិន ខន្នី បានឲ្យដឹងថា សំណុំរឿងបទល្មើស ឧក្រិដ្ឋមិនអាចមានអាជ្ញាធរណាមួយសម្រប សម្រួលបានទេ។ លោកបានបន្តថា អាជ្ញា ធរមូលដ្ឋាន និងមេប៉ុស្តិ៍រដ្ឋបាលណាដែលហ៊ានចេញមុខសម្របសម្រួលបទល្មើស ឧក្រិដ្ឋជាទង្វើខុសច្បាប់ ។

លោកបានបញ្ជាក់ថា ការសម្របសម្រួល ផ្ដល់សំណងមិនអាចបញ្ចប់សំណុំរឿង ព្រហ្មទណ្ឌបានទេគ្រាន់តែការជួសជុលការ ខូចខាត រីឯទោសព្រហ្មទណ្ឌនៅតែអនុវត្ត។ ទោះបីជាការសម្របសម្រួលរឿងសងលុយសងកាក់តែនេះពុំមែនជាការសម្របសម្រួល បញ្ចប់រឿងព្រហ្មទណ្ឌទេ អ្វីដែលគាត់សង លុយសងកាក់គ្រាន់តែជាការជួសជុលការខូចខាតឲ្យកុមារីរងគ្រោះ។ ចំណែកឯ ទោសព្រហ្មទណ្ឌគាត់នៅទទួលរងដដែលគឺជាប់ពន្ធនាគារ ។

លោក ឌិន ខន្នី បានសង្កត់ធ្ងន់ថា ការ សម្របសម្រួលផ្ដល់សំណងដើម្បីបញ្ចប់សំណុំរឿងព្រហ្មទណ្ឌជាសញ្ញាបង្ហាញពីការកើនឡើងវប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍បង្កឲ្យជនល្មើសមិនរាងចាល និងមិនខ្លាចច្បាប់។ ក្រមព្រហ្មទណ្ឌមាត្រា ២៤០ និងមាត្រា២៤១ចែងថា បទរំលោភ សេពសន្ថវៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។ បទល្មើសនេះប្រព្រឹត្តទៅលើបុគ្គលទន់ខ្សោយដោយមូលហេតុអាយុនៃបុគ្គលដោយបុគ្គលដែលមាន អំណាចទៅលើជនរងគ្រោះ និងការប្រើ គ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ ឬ ចុះខ្សោយលទ្ធភាពទប់ទល់ ៕ ហេង សូរិយា


ចែករំលែក៖