ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន សរសើរ គីម ជុងអ៊ុន មានភាពឆ្លាតវៃនិងចាស់ទុំក្នុងផ្នែកនយោបាយ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានក្លាយជាអ្នកទទួលជ័យជំនះនៅក្នុងវិវាទឧបទ្វីបកូរ៉េ ហើយទីក្រុងព្យុងយ៉ាងបានស្វែងរកវិធីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

លោក ពូទីន មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំយល់ថា លោក គីម ជុងអ៊ុន ជាអ្នកទទួលជ័យជម្នៈនៅក្នុងល្បែងនយោបាយ»។ លោកពូទីនបញ្ជាក់ទៀតថា កូរ៉េខាជើងបានឈានដល់គោលដៅយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន។

លោក ពូទីន បញ្ជាក់ទៀតថា «លោក គីម ជុងអ៊ុន ពេលនេះ មានក្បាលគ្រាប់បរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប បាញ់បានចម្ងាយរហូតដល់ទៅ១៣ពាន់គីឡូម៉ែត្រ គឺគ្រប់ដណ្តប់នៅគ្រប់ទិសទីលើពិភពលោក»។ មេដឹកនាំរុស្ស៊ីបានបន្តទៀតថា ដល់ពេលដែលលោក គីម ជុងអ៊ុន ត្រូវកាត់បន្ថយភាពតានតឹងនៅពេលដែលខ្លួនទទួលបានជោគជ័យលើវិស័យបរមាណូ។ លោក គីម ជុងអ៊ុន គឺជាអ្នកនយោបាយឆ្លាតវៃ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងក្រោយពេលទីក្រុងព្យុងយ៉ាងប្រកាសសាកល្បងគ្រាប់បែកបរមាណូហុីត្រូសែន កាលពីខែកញ្ញា ឆ្នាំ២០១៧ដោយជោគជ័យ។ មិនតែប៉ុណ្ណោះកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ ប្រឆាំងនឹងការធ្វើសមយុទ្ធរួមរបស់អាមេរិក ជាមួយនឹងកូរ៉េខាងត្បូង។

ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនបានគំរាមកំហែងវាយប្រហារគ្នាទៅវិញទៅមក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងកម្លាំងយោធាកម្ទេចកូរ៉េខាងជើងនៅពេលចាំបាច់។ ពេលកន្លងមកថ្មីៗលោក ត្រាំ បានបញ្ជាក់ថា កុងតាក់បញ្ជាបរមាណូរបស់លោកធំជាង និងខ្លាំងជាងកូរ៉េខាងជើង។

ចំណែករុស្ស៊ី និងចិនបានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិភាព បញ្ចប់វិវាទនៅកូរ៉េខាងជើង។ ជាមួយគ្នានេះក៏បានស្នើរដល់កូរ៉េខាងត្បូង និងអាមេរិកបញ្ចប់ការធ្វើសមយុទ្ធរួមដែលជាមូលហេតុបណ្តាលឲ្យមានភាពតានតឹង។

ប្រទេសរុស្ស៊ីបានស្វាគមន៍លទ្ធផលនៃការចរចានាពេលថ្មីៗនេះរវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើងដោយរំពឹងថា ការវិវត្ដន៍ចុងក្រោយនឹងបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាន់ខ្ពស់របស់ពួកគេកាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានយល់ព្រមសំណើររបស់ទីក្រុងសេអ៊ូល ដើម្បីរៀបចំកិច្ចពិភាក្សាយោធាក្នុងការកាត់បន្ថយភាពតានតឹង និងបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសកូរ៉េខាងត្បូងនាខែក្រោយ ដែលវាគឺជាការសន្ទនាជាផ្លូវការលើកដំបូង របស់ពួកគេក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ប្រទេសរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសថា “យើងស្វាគមន៍កិច្ចព្រមព្រៀង ដែលបានសម្រេចនៅកិច្ចប្រជុំកម្រិតខ្ពស់រវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ហើយយើងសង្ឃឹមថា ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ នឹងជួយបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងពង្រឹងស្ថិរភាពនៅក្នុងអនុតំបន់នេះ”៕ ម៉ែវ សាធី


ចែករំលែក៖