ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាកណ្តាលទាត់កីឡាកររបស់ Nantesមួយជើងហើយដកកាតក្រហមបណ្តេញចេញទៀត

ចែករំលែក៖

រឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងពេលក្រុម Nantes ប្រកួតចាញ់ក្រុមជើងខ្លាំង Paris Saint-Germainនៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល1-0ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង។

លោក Tony Chapron អាជ្ញាករណ្តាលដែលកាត់សេចក្តីក្នុងការប្រកួតនោះ បានយកជើងទាត់ កីឡាករខ្សែការពារកណ្តាល Diego Carlos របស់ក្លិបNantes ហើយដកកាតក្រហមបណ្តេញចេញពីការប្រកួតតែម្តង។

ខ្សែការពារសញ្ជាតិប្រេស៊ីលនេះបានទទួលកាតលឿងម្តងរួចទៅហើយនៅក្នុងនាទីទី ២៩ ប៉ុន្តែនៅចុងម៉ោងជិតចប់ការប្រកួតទៅហើយ Diego Carlos បានរត់ទៅប៉ះជាមួយនឹង អាជ្ញាកណ្តាលTony Chapronធ្វើឲ្យគាត់ដួល។ ពេលគាត់ក្រោកឡើងក៏យក ជើងទៅទាត់កីឡាករDiego Carlosហើយដកកាតក្រហមបណ្តេញចេញតែម្តង។

លោកWaldemar Kita ប្រធានក្លិបNantesបាននិយាយថា អាជ្ញាកណ្តាលChapronគួរតែត្រូវពិន័យ៦ខែចំពោះការសម្រេចចិត្តធ្វើរឿងមិនសមរម្យដោយចេតនាបែបនេះ។

ការឲ្យកាតក្រហមនេះមិនមានអ្វីប៉ះពាល់លទ្ធផលបាល់ទាត់រវាងក្រុមទាំងពីរនោះទេ ដោយសារតែក្រុមParis Saint-Germain បាននាំមុខលើក្រុម Nantes ដោយលទ្ធផល 1-0 តាំងពីនាទីទី១២មកម្ល៉េះដែលជាការស៊ុតបញ្ចូលទីដោយកីឡាករAngel Di Maria ៕ ដេវីត


ចែករំលែក៖