ភ្នំពេញ ៖ អ្នកប្រដាល់ សៅ វណ្ណា មកពីក្លិបយុវជនវាលស្បូវបានឈ្នះជើងឯកពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement បន្ទាប់ពីប្រកួតឈ្នះកីឡាករ អ៊ុំ វណ្ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរដោយពិន្ទុកាលពីយប់ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ។
តាមរយៈការប្រកួតពេញ៣ទឹកនោះកីឡាករ សៅ វណ្ណា បានប្រើស្នៀតជង្គង់វាយប្រហារទៅលើកីឡាករ អ៊ុំ វណ្ណេត នាចុងទឹកទី១ ធ្វើឲ្យលោកអាជ្ញាកណ្តាលរាប់ចំនួន៨ម្តង ហើយចូលដល់ ទី២ សៅ វណ្ណា បានប្រើស្នៀតកណ្តាប់ដៃរបស់គេវាយចំផ្ទៃមុខ អ៊ុំ វណ្ណេត និងនៅទឹកចុងទឹកទី៣ សៅ វណ្ណា បានព្យាយាមវាយទៅលើ អ៊ុំ វណ្ណេត ទៀតដើម្បីសន្សំពិន្ទុ។
ជាលទ្ធផលការប្រកួតចំនួន៣ទឹកតាមបទបញ្ជាការប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត របស់សង្វៀនប្រដាល់គុនខ្មែរទូរទស្សន៍ប៉ុស្តិ៍លេខ៥ព្រែកកំពឹស ចៅក្រមទាំង៥រូបបានដាក់ពិន្ទុឲ្យកីឡាករ សៅ វណ្ណា ឈ្នះអ៊ុំ វណ្ណេត ជា ឯកច្ឆន្ទ។ ដូច្នេះ ពានរង្វាន់ និងប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារធ្លាក់ទៅលើដៃកីឡាករ សៅ វណ្ណា ហើយចំណាត់ថ្នាក់លេខ២បានទៅកីឡាករ អ៊ុំ វណ្ណេត ទទួលបានពានរង្វាន់ និងថវិកាចំនួន២.០០០ដុល្លារ ។
ដោយឡែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នៃព្រឹត្តិការណ៍ខាងលើគឺកីឡាករ គឹម វាសនា មកពីក្លិបទ័ពឆត្រយោង៩១១បានយកឈ្នះកីឡាករជើងចាស់ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យដោយពិន្ទុ។ ដូច្នេះកីឡាករ គឹម វាសនា បានចំណាត់ថ្នាក់ លេខ៣ទទួលបានប្រាក់រង្វាន់ចំនួន៧៥០ដុល្លារ និងចំណាតថ្នាក់លេខ៤ បានទៅលើកីឡាករ ង៉ែត រដ្ឋា ទទួលបានថវិកាឧបត្ថមចំនួន៥០០ដុល្លារ ៕