តាកែវៈ កម្លាំងសមត្ថកិច្ចចម្រុះ បានរកឃើញភេសជ្ជៈប្រភេទទឹកក្រូចម៉ាក IZE Cola ចំនួនជាង១០០ដូច ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ពោល គឺខូចគុណភាព ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកបរិភោគ ហើយមន្ត្រីជំនាញបានធ្វើការកម្ទេចចោលនៅកន្លែងតែម្ដង។ ផលិតផលទឹកក្រូចខូចគុណភាពទាំងនេះ ត្រូវបានរកឃើញនៅក្នុងឃ្លាំងស្តុកអីវ៉ាន់មួយកន្លែង នៅក្នុងផ្សារតាកែវ ទីរួមខេត្តតាកែវ។
មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទំនិញជាគ្រឿងកំប៉ុង ម្សៅទឹកដោះគោ និងធ្វើតេស្ដបឋមទៅលើប្រភេទមុខទំនិញមានដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ជាពិសេសផលិតផលបរិភោគ(ម្ហូបអាហារ) ដែលជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដោយបានធ្វើតេស្ដបឋមទៅលើប្រភេទគុយទាវ បាញ់កាញ់ ប្រហុក សណ្តែកបណ្តុះ បន្លែ ខ្ញី តៅតួរ ប្រហិតសាច់គោ ប្រហិតសាច់ត្រី ស្តរត្នោត អំបិលអឺយ៉ូត ដែលដាក់លក់នៅក្នុងផ្សារតាកែវ។
ប្រធានកាំកុងត្រូលខេត្តតាកែវ លោក ប៉ោ លាងគង់ ដែលដឹកនាំសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីសមត្ថកិច្ចប្រចាំផ្សារតាកែវ ចុះត្រួតពិនិត្យទំនិញនាពេលនោះ បានឲ្យដឹងថា មន្ត្រីជំនាញបានត្រួតពិនិត្យ និងធ្វើតេស្ដរកឃើញផលិតផលជាច្រើន ដែលអាជីវករល្មើសដាក់លក់មានសាធារតុគីមីលើសកំណត់ និងអាជីវករខ្លះ ដាក់តាំងលក់ផលិតផលខូចគុណភាពជាដើម។
បើតាមលោកប្រធានរូបនេះ មន្ត្រីជំនាញបានរកឃើញ រួមមានស្ករត្តោត មានដាក់សារធាតុគីមីសូរីយ៉ូមអីតដ្រូសូវីត ដែលជាសារធាតុគីមីហាមឃាត់ និងរកឃើញនូវម្សៅទឹកដោះគោមួយចំនួន ព្រមទាំងរកឃើញនូវទឹកក្រូចម៉ាក IZE Cola នៅឃ្លាំងស្តុកស្រាបៀរកម្ពុជា ប្រចាំខេត្តតាកែវ ចំនួន១៧កេសធំ ស្មើនឹង១០២ដបធំ ដែលហួសកាលបរិច្ឆេទប្រើប្រាស់។ ទឹកក្រូចខូចគុណភាពទាំងនេះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងឃ្លាំងស្តុកផ្ទាល់ ដោយបើកគម្របដបចាក់ចោលតែម្ដង។
មន្ត្រីជំនាញក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមមេត្តាបញ្ឈប់ការទិញផលិតផលចំណីអាហារ ដែលហួសសុពលភាពប្រើប្រាស់ កំប៉ុងផលិតផលដែលកំពិត ប៉ោង ឬគ្មានស្លាកសញ្ញាត្រឹមត្រូវ ដែលអាហារទាំងនេះ បើសិនជាយើងទទួលទាន គឺអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ឬអាចសម្លាប់យើងបាន៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក