ក្រុមជនជាតិរ៉ូហ៊ីងយ៉ាដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស នឹងត្រូវ បញ្ជូនត្រឡប់មកកាន់មីយ៉ាន់ម៉ាវិញក្រោយពេលមានកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល ប្រទេសទាំងពីរ លើបញ្ហាជនភៀសខ្លួន។ ប៉ុន្តែការបញ្ជូនត្រឡប់មកវិញ នោះគឺក្រុម ជនជាតិ រ៉ូហីុងយ៉ានឹងរស់នៅក្នុងជំរុំដែល រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសាងសង់។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសឲ្យ ដឹងថា ការសាងសង់ជំរំមួយដែលមាន៣ ម៉ឺនកន្លែង ទុកទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាបណ្តោះអាសន្ន នៅពេលវិលត្រឡប់ពីប្រទេសបង់ក្លាដែស ខណៈពេលដែល មីយ៉ាន់ម៉ានិងបង់ក្លាដែសកំពុងពិភាក្សាគ្នា ដើម្បីរិះរកមធ្យោបាយ នៅក្នុងការអនុវត្តលើកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិភាគតិច រ៉ូហ៊ីងយ៉ាដែលភៀសខ្លួននៅទៅបង់ក្លាដែស ដើម្បីគេចពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមអ្នកទទួលខុសត្រូវមីយ៉ាន់ម៉ានិង បង់ក្លាដែស បានធ្វើការ រួមប្រជុំគ្នានៅទីក្រុង Naypydaw ក្នុងរដ្ឋធានីមីយ៉ាន់ម៉ានៅថ្ងៃ ចន្ទមុននេះ ដើម្បីពិភាក្សាគ្នា រិះរកមធ្យោបាយនៅក្នុងការអនុវត្តលើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ កិច្ចព្រមព្រៀងនេះ ដែលត្រូវបានចុះ ហត្ថលេខា រវាងមីយ៉ាន់ម៉ានឹងបង់ក្លាដែសកាលពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំមុន។
បើយោងតាមកាសែតផ្លូវការមីយ៉ាន់ម៉ា ឈ្មោះ “New Light Of Myanmar” ជំរំជន ភៀសខ្លួនមួយ កំពុងត្រូវបានគេសាងសង់នៅតំបន់ Hla Po khaung ក្នុងភាគខាង ជើងនៃរដ្ឋ រ៉ាឃីន (RaKhine )។ ជំរំនេះ គឺទុកដើម្បីទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណជា៣ម៉ឺននាក់ស្នាក់នៅបណ្តោះអាសន្ននៅពេលពួកគេវិលត្រឡប់មកពី ប្រទេសបង់ក្លាដែសវិញ។ កាសែតផ្លូវ ការមីយ៉ាន់ម៉ាដដែលនេះ បានបញ្ជាក់ លម្អិតទៀតថា នៅក្នុងខណៈនេះ អគារ លើកទីមួយដែលមានចំនួន១០០ខ្នង នឹងត្រូវបញ្ចប់ការសងសង់នៅចុងខែមករានេះហើយ។
ដោយឡែក បើតាមការអះអាងរបស់អ្នកសម្របសម្រួលនៃទីភា្នក់ងារទទួលបន្ទុក កិច្ចការមនុស្សធម៌មីយ៉ាន់ម៉ាវិញ ដែលបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ជំរំនោះគឺទុកជាចំណុចឆ្លងកាត់មួយរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលនឹងត្រូវស្នាក់នៅជាបណ្តោះអាសន្នចំនួន១ខែឬក៏២ខែសិន មុននឹងវិលត្រឡប់ទៅកាន់ស្រុកកំណើត របស់ខ្លួននៅមីយ៉ាន់ម៉ា។
ក៏ប៉ុន្តែនៅមុនពេលដែលអាជ្ញាធរមីយ៉ាន់ម៉ារៀបចំទទួលឲ្យស្នាក់នៅក្នុងជំរំ Hla Po khaung នោះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាបឋម ត្រូវផ្តល់ភ័ស្តុតាង ឲ្យបានគ្រប់ គ្រាន់ ដែលអាចបញ្ជាក់ច្បាស់ថា ពួកគេពិតជាធ្លាប់បានរស់នៅមីយ៉ាន់ម៉ាពិតមែន។ ប៉ុន្តែ បើយោងតាម អ្នកសម្របសម្រួលនៃទីភ្នាក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌ របស់មីយ៉ាន់ម៉ាវិញ បញ្ហានេះ ពុំមែនជា ការងាយស្រួលនោះឡើយ ដោយហេតុថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ភាគច្រើន ពុំមានអត្តសញ្ញាណប័ណ្ឌដែលអាជ្ញាធរមីយ៉ាន់ម៉ាបានចេញឲ្យនោះឡើយ ។ គួរបញ្ជាក់ដែរ ថា អត្តសញ្ញាណប័ណ្ឌនោះ ពុំចាត់ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាពលរដ្ឋរបស់ មីយ៉ាន់ម៉ាទេ។ ទន្ទឹមនោះដែរ អ្នកសម្របសម្រួលនៃភ្នាក់ងារទទួលបន្ទុកកិច្ចការ មនុស្សធម៌មីយ៉ាន់ម៉ា ក៏បានថ្លែងដែរថា “ មីយ៉ាន់ម៉ានឹងសាកល្បងទទួលយកជនភៀសខ្លួនណាដែលនឹងវិលត្រឡប់ចូលមកក្នុងប្រទេសមីយ៉ាន់ម៉ាវិញ”៕ ម៉ែវ សាធី