ព័ត៌មានទាន់ហេតុការណ៍៖

ចូលមណ្ឌលកែប្រែបន្សាបគ្រឿងញៀន៣ដងមិនកែ ចេញមកវិញវាយម្តាយថែមទៀត

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលធ្លាប់បញ្ជូនចូលមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន០៣លើកតែមិនរាងចាលចេញមកវិញវាយម្តាយរងរបួស ត្រូវបានកម្លាំងសម្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៤០នាទីព្រឹក នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

នគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប្រាក់ មួយហាំង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើម្តាយបង្កើតរបស់ខ្លួនឈ្មោះ សួន សាវ៉ាង អាយុ៥៥ឆ្នាំ រស់ជាមួយគ្នា បណ្តាលឱ្យរងរបួស ហើយជនសង្ស័យនេះធ្លាប់បញ្ជូនចូលមណ្ឌលកែប្រែចំនួន៣ដងរួចមកហើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖