ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកថវិកាចំនួន៤លានរៀល ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខកុមារា២នាក់ ដែលជួបគ្រោះអគ្គិភ័យ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បច្ចុប្បន្នជនរង គ្រោះកំពុងសម្រាក់ ព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាទី៤។
ក្នុងឱកាសនោះ លោកក៏បានសាកសួរសុខទុក្ខក្មេង និងឪពុកម្តាយក្មេងទាំង០២នាក់ អំពីស្ថានភាពជំងឺបន្ទាប់មក លោកអភិបាលរាជធានីភ្នំពេញ បានយកអំណោយសម្តេចតេជោ និងសម្តេចក្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ក្រុមគ្រួសារកុមាររងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២លានរៀល សរុប៤លានរៀលថវិកា របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញឧបត្ថម្ភក្នុងមួយគ្រួសារចំនួន ៥០ម៉ឺនរៀល សរុបចំនួន១លានរៀល និងថវិកាសាលាសង្កាត់ផ្សារចាស់ចំនួន១៥ម៉ឺនរៀលក្នុងមួយគ្រួសារ សរុបចំនួន៣០ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានឧបត្តម្ភថវិកាចំនួន៤លានរៀល ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលបានបំពេញការងារយ៉ាងសកម្មការ ក្នុងការជួយសង្គ្រោះជីវិតកុមារទាំង២នាក់ និង ទប់ស្កាត់ការឆេះរាល់ដាលដល់ផ្ទះមួយផ្សេងទៀត។
ក្នុងនោះដែរ កម្លាំងដែលជួយអន្តរាគមន៍សរុបចំនួន៥៥នាក់ លោកអភិបាលខណ្ឌដូនពេញ ក៏បានឧបត្ថម្ភថវិកាបន្ថែម ចំនួន២,១៥០,០០០រៀល ដោយបែងចែកដូចខាងក្រោម៖ ឧបត្ថម្ភកម្លាំងប្រជាការពារខណ្ឌ ទៅជួយក្មេងចេញពីក្នុងផ្ទះ និងជូនទៅមន្ទីរពេទ្យចំនួន០៣នាក់ក្នុងម្នាក់ៗ ថវិកាចំនួន២០ម៉ឺនរៀល។ កម្លាំងប៉ុស្តិ៍ផ្សារចាស់ ដែលចូលទៅជួយក្មេង នៅក្នុងផ្ទះចំនួន០១នាក់ ថវិកាចំនួន២០ម៉ឺនរៀល។
កម្លាំងសាលាសង្កាត់ផ្សារចាស់ចំនួន០២នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០ម៉ឺនរៀល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំនួន៤៩នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០ម៉ឺនរៀល សរុបរួមថវិកាចំនួន ៦,១០០,០០០រៀល។ ជួសមុខឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានថ្លែងអំណរអរគុណ ចំពោះអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់កម្លាំងប្រជាការពារខណ្ឌ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ៕ សំរិត