កម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយពេលបានបាញ់សម្លាប់បាតុករ ជាច្រើននាក់ ដែលធ្វើបាតុកម្មប្រឆាំងនៅ រដ្ឋរ៉ាឃីន។ យោធាមីយ៉ាន់ម៉ាធ្លាប់រងការចោទប្រកាន់ថាបានសម្លាប់រង្គាល ក្រុមជនជាតិរ៉ូហីុងយ៉ានៅរដ្ឋរ៉ាឃីននាពេលកន្លងមក។
បាតុកម្មនៅរដ្ឋរ៉ាឃីនបានកើតឡើងតាំងពីថ្ងៃទី១៦ខែមករា ប្រជាជនមីយ៉ាន់ម៉ា ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ប្រមាណ ជា៥.០០០នាក់ នៅក្រុង Mrauk ភាគខាង ជើងនៃរដ្ឋរ៉ាឃីន បាននាំគ្នាចុះតាមដងផ្លូវនានា ដើម្បីសម្តែងការប្រឆាំងតវ៉ារបស់ពួកគេ ទល់នឹងអាជ្ញាធរមីយ៉ាន់ម៉ា ដែលហាមឃាត់មិនឲ្យពួកគេបា្ររព្ធពិធីបុណ្យមួយ ដែលកំណត់សម្គាល់ពីការខណ្ឌបញ្ចប់នៃរាជាណាចក្ររ៉ាឃីនកាលពី អំឡុង ជាង ២០០ ឆ្នាំ មុន។ បាតកម្មបណ្តាលឲ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស បណ្តាលឲ្យប៉ូលិសបាញ់សម្លាប់បាតុករ៩នាក់ និង១២ នាក់ទៀតរងរបួស។
នៅក្នុងពេលល្ងាច ក្រុមបាតុករ បាននាំ គ្នាដង្ហែក្បួនបាតុកម្ម សំដៅទៅកាន់ អគារ របស់រដ្ឋមួយ។ បើតាមការអះអាងរបស់ ប៉ូលិសមីយ៉ាន់ម៉ា នៅខណៈនោះ កងកម្លាំង សន្តិសុខ បានសាកល្បងធ្វើការបំបែកហ្វូងបាតុករ តែពុំបានជោគជ័យ។ នៅពេល នោះហើយ ដែលកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានធ្វើការបាញ់រះជាលើកទីមួយដោយប្រើគ្រាប់ធ្វើពីកៅស៊ូ និង បន្ទាប់មកទៀត ប៉ូលិស បានចាប់បាញ់គ្រាប់កាំភ្លើងពិតៗតែម្តង។ នៅក្នុងការបាញ់បង្រ្កាបហ្វូងបាតុករកាលពីថ្ងៃទី១៦ ខែមករា យោងតាម ប្រភពប៉ូលិសមីយ៉ាន់ម៉ាដដែល មនុស្ស ស្លាប់មាន ៧ នាក់ និងអ្នករងរបួសមានជាង ១២នាក់។ បាតុកររងរបួសខ្លះៗ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្រុង Sittwe ដែលជាទីក្រុង របស់រដ្ឋរ៉ាឃីន។
គួររំលឹកថា រដ្ឋរ៉ាឃីន បានជួបប្រទះនឹងភាពតានតឹងនានាជាច្រើនមកហើយ។ គឺ ជាភាពតានតឹង រវាងប្រជាជនមីយ៉ាន់ម៉ាអ្នកកាន់ព្រះពុទ្ធសាសនានឹងសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អ្នកកាន់សាសនា អ៊ិស្លាម។ ដោយហេតុថា សហគមន៍អ្នក កាន់ព្រះពុទ្ធសាសនា តែងតែចាត់ទុកសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាពួកអន្តោប្រវេសន៍រស់នៅខុសច្បាប់នៅលើទឹកដីមីយ៉ាន់ម៉ា។ ក្រៅពីនេះភាពតានតឹង ក៏ មានផងដែរ រវាង អាជ្ញាធរកណ្តាលនឹង ប្រជាជនមីយ៉ាន់ម៉ា ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសានានៅក្នុងប្រទេស និង ដែលត្រូវបានសហគមន៍ជនជាតិភាគតិច រ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីន ចោទប្រកាន់ថា ជាសហគមន៍ រើសអើងប្រកាន់ពូជសាសន៍៕ ម៉ែវ សាធី