ខេត្តកំពតៈជាងមួយខែមកហើយ ដែលមានការភ្ញាក់ផ្អើលនៅក្នុងវិទ្យាល័យ ហ៊ុនសែន អង្គស្តុក ស្ថិតក្នុងភូមិ ស្តុក ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ថា មានសិស្សស្រីជាច្រើននាក់ដួលសន្លប់ជាបន្តបន្ទាប់ ហើយការដួលសន្លប់នេះទៀតសោតបើគិតតាមអបីយជំនឿហាក់បីដូចជាខ្មោចចូលទៀតផង ។
ការភ្ញាក់ផ្អើលនេះកើតឡើងតាំងពីថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០១៧ មកម៉្លេះគឺមានសិស្សស្រីដួលសន្លប់ជាង១០នាក់ឯណោះដែលពេលនោះ សិស្សស្រីខ្លះស្រែកទ្រហោរយំត្អូញហត់ណាស់ៗ សិស្សស្រីខ្លះស្រែកគំរោះគំរើយដាក់គេឯង និងខ្លះទៀតចេញមុខយក្សកាចសាហាវមើលទៅគួរឲ្យខ្លាច ដែលនេះធ្វើឲ្យអ្នកមានជំនឿខ្លះថាខ្មោចចូល។
ប្រភពព័ត៌មានពីខេត្តកំពតបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងមួយលើកស្រាប់តែនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានហេតុការណ៍នេះកើតឡើងមួយលើកទៀត គ្រាដែលសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើធ្វើបុណ្យសូត្រមន្តរំដោះគ្រោះនិងសុំសុខសិរីសួស្តីក្នុងវិទ្យាល័យ ហ៊ុនសែន អង្គស្តុក។ ពេលនោះគេឃើញសិស្សស្រីជាច្រើននាក់បានដួលសន្លប់ដូចមុនៗដែរ ដោយក្នុងនោះមានទាំង ក្មេងស្រីសិស្សសាលាម្នាក់ជាអ្នករាំរបាំជូនពរផងដែរ។ខណៈកំពុងដួលសន្លប់នោះមានអ្នកសង្រ្គោះបឋមជួយគក់ច្របាច់ បក់ផ្លិតឲ្យដឹងខ្លួនឡើងវិញ ហើយពេលដឹងខ្លួននោះពួកគេស្រែកទ្រហោរយំ និយាយផ្តេសផ្តាសទាំងអន្ទះអន្ទែង និងខ្លះទៀតស្រែកគំរោះគំរើយដាក់អ្នកសង្រ្គោះ ប្រៀបដូចខ្មាចចោលនោះដែរ ។
ទាក់ទិននឹងអម្ភូតហេតុខាងលើនេះ គេមិនទាន់ឃើញមានសារព័ត៌មានណាមួយចុះផ្សាយនៅឡើយទេ គ្រាដែលមានវីដេអូសកម្មភាពសិស្សស្រីច្រើននាក់នៅវិទ្យាល័យ ហ៊ុនសែន អង្គស្តុក នេះដួលសន្លប់ ដែលអ្នកមានជំនឿខ្លះថាខ្មោចចូលនោះ ត្រូវបានមិត្តអ្នកអានម្នាក់ផ្ញើ ទៅកាន់ការិយាល័យនិពន្ធកាសែតនគរវត្ត ឲ្យឃើញ ។
រីឯអាជ្ញាធរដែនដី និងអ្នកជំនាញសុខាភិបាល កាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីមូលហេតុនេះបានទេកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ២កើត ខែ មាឃឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ នេះ ៕ ប្រាថ្នា