ខេត្តកោះកុង៖ ពិតជារឿងមួយដ៏អស្ចារ្យ ណាស់នៅក្នុងករណីដែលឈ្មួញលួចនាំ ចូលរថយន្តទំនើបម៉ាកឡិចស៊ីស៥៧០ ចំនួន២គ្រឿងគេចពន្ធហើយថែមទាំង គំរាមបាញ់សមត្ថកិច្ចទៀត។ អ្វីដែល កាន់តែពិសេសទៀតនោះគឺឈ្មួញមាន អំណាចម្នាក់ហ៊ានដាក់លក្ខខណ្ឌ២ចំណុច ឲ្យមន្ត្រីគយជ្រើសរើសថា បើបង់ពន្ធពិន័យ មិនចូលខ្លួនបង់ទេតែបើចូលខ្លួនគឺបង់ពន្ធធម្មតា។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨ ។
ឈ្មួញដាក់លក្ខខណ្ឌចំនួន២ចំណុច មកគំរាមសមត្ថកិច្ចនេះបន្ទាប់ពីកម្លាំង សមត្ថកិច្ចគយចល័តប្រចាំផ្លូវជាតិលេខ៤ និងគយខេត្តកោះកុងគ្រប់ស្នាក់ការរួមទាំងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ទៀតបានប្រើអូប័រប្រដេញចុះឡោមព័ទ្ធទូក១គ្រឿងដឹករថយន្តគេចពន្ធប្រើពេលមួយ យប់ទល់ភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ដែលឈ្មួញមានអំណាចកំពុងធ្វើសកម្មភាពដឹករថយន្តស៊េរីទំនើបផលិតឆ្នាំ២០១៨ ម៉ាកឡិចស៊ីស ៥៧០គេចពន្ធចំនួន២គ្រឿងចេញពីប្រទេសថៃចូលមកក្នុងដៃសមុទ្រ មួយត្រង់ភូមិតាចាត ឃុំទួលគគីរ ស្រុក មណ្ឌលសីមា ខេត្តកោះកុង ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការចុះស្ទាក់ចាប់រថយន្តទំនើបទាំង២គ្រឿងនេះកម្លាំងសមត្ថកិច្ចបានទទួលបញ្ជាផ្ទាល់តាមប្រព័ន្ធតេឡេក្រាមពីលោកអគ្គនាយក និងរដ្ឋាករកម្ពុជាតែម្តង ពោលគឺមិនឲ្យមេសាខាគយថ្នាក់ក្រោមដឹងឡើយ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ប្រតិ បត្តិការនេះដឹកនាំដោយលោក កែវ អង្កាម ប្រធានស្នាក់ការគយចល័តតំបន់ទទួល បន្ទុកផ្លូវជាតិលេខ៤ហើយការតាមប្រមាញ់នេះទទួលបានលទ្ធផលដូចការរំពឹងទុក មែន។ នៅវេលារំលងអធ្រាត្រកម្លាំងសមត្ថ កិច្ចក៏បានប្រទះឃើញទូកមួយគ្រឿងដឹក រថយន្តទំនើបទាំងនោះចូលមកដល់គោល ដៅដែលបានកំណត់ទុក ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺនៅពេលដែលអូប័រសមត្ថកិច្ចចូលទៅជិតទូកដឹកទំនិញគេចពន្ធក៏ឮសំឡេងស្រែកគំរាមខ្លាំងៗចេញពីក្នុង ទូកនោះថា «បើពួកឯងហ៊ានចូលមកអញ នឹងបាញ់ឲ្យងាប់»។ ដោយសារយប់ងងឹត ផង ហើយអូប័រសមត្ថកិច្ចតូចទៀតក៏សម្រេច ចិត្តឈប់នៅស្ងៀមជាហេតុធ្វើឲ្យទូកខាងលើបើកគេចចេញទៅក្នុងលំហសមុទ្រវិញបាត់ទៅក្រោយមកកម្លាំងសមត្ថកិច្ចក៏ត្រូវដកឡើងលើគោកវិញអស់ដែរ ។
ប្រភពពីមន្ត្រីស្នាក់ការគយម្នាក់សុំមិនចេញឈ្មោះបានខ្សឹបប្រាប់ថា ឈ្មួញមាន អំណាចម្នាក់នេះបើចង់ដឹងថា ជានរណា ទាល់តែអ្នកសារព័ត៌មានទៅសួរមេសាខាគយកោះកុង ព្រោះគាត់ស្គាល់ឈ្មួញនោះច្បាស់ណាស់។ នេះជាលើកទី១ហើយ ដែលឈ្មួញមានអំណាចដ៏ល្បីម្នាក់នេះសុំចូលខ្លួនបង់ពន្ធស្របច្បាប់ដែលមានតម្លៃពន្ធប្រមាណ១២ម៉ឺនដុល្លារក្នុងរថយន្ត ទំនើប១គ្រឿង ។
ប្រភពបានអះអាងថា ទោះបីឈ្មួញ បានសុំចូលខ្លួនបង់ពន្ធក៏ពិតមែនតែបាន បង្វែរពីការគេចពន្ធតាមសមុទ្រមកសុំចូលបង់ពន្ធស្របច្បាប់តាមផ្លូវគោកដោយនាំ ចូលតាមច្រកទ្វារអន្តរជាតិចាំយាមវិញ ប៉ុន្តែ ឈ្មួញបានលើកយកលក្ខខណ្ឌចំនួន២ ចំណុចសម្រាប់ឲ្យមន្ត្រីគយជ្រើសរើសថែម ទៀតគឺទី១-បើបង់ពន្ធពិន័យគេមិនចូលខ្លួន បង់ទេ ព្រោះសមត្ថកិច្ចចាប់រថយន្តទំនើបទាំងនោះមិនបាន និងទី២-សុំបង់ដោយ ស្របច្បាប់ ។
សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ទីបំផុតទៅមន្ត្រីគយថ្នាក់លើបាន ឯកភាពគ្នាដោយរើសយកលក្ខខណ្ឌទី២ របស់ឈ្មួញដ៏មានអំណាចកប់ពពកម្នាក់នោះហើយ ៕ ហេង សូរិយា