ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ដែលជាកម្មករស៊ីឈ្នួលដកដំឡូងបានរងរបួសយ៉ាងធ្ងន់ រហូតបាក់ឆ្អឹងជំនីរខាងឆ្វេង ខណៈដែលស្ត្រីរូបនេះកំពុងសម្រាកយ៉ាងលង់លក់នៅក្នុងរោងកណ្តាលចម្ការស្រាប់តែមានសត្វដំរីព្រៃមួយក្បាលដែលគេអាចសម្គាល់ បានថា ជាដំរីចុះប្រេងបានរត់មកជាន់លើស្ត្រីនោះទាំងកំរោលធ្វើឲ្យមានការភ្ញាក់ ផ្អើលទាំងកណ្តាលយប់ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ភ្នំណាំសាប ស្ថិតក្នុងភូមិដំណាក់ក្សាន្ត ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨វេលាម៉ោង៩យប់មានការភ្ញាក់ផ្អើលមួយនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុក សំពៅលូន ខេត្តបាត់ដំបងដោយសារតែ មានសត្វដំរីព្រៃមួយក្បាលបានលុកលុយចូលមកក្នុងភូមិរហូតធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះមានការភ័យ ខ្លាចដោយបាននាំគ្នាបំពក់ភ្នក់ភ្លើងដើម្បី បង្ការនិងការពារមិនឲ្យសត្វដំរីព្រៃនេះចូលមកក្បែរមនុស្សបាន ។
ដោយឡែកភាគីថៃបានអះអាងថា សត្វដំរីព្រៃមួយក្បាលនេះបានរត់ចេញពីព្រៃក្នុងតំបន់អភិរក្សសត្វព្រៃអាងឬណៃ ស្ថិតក្នុងខេត្តឆៈឈើងសៅ ហើយបានរត់មកឆ្លងដែនចូលទៅក្នុងទឹកដីនៃប្រទេស កម្ពុជាត្រង់ចំណុចភូមិ៧ ឃុំបានថាប់ក្រិកស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវបើទោះបីជាប្រជាពលរដ្ឋ និងអាជ្ញាធរថៃបានយកត្រាក់ទ័រប្រមាណជាង១០គ្រឿង ទៅដាក់ពង្រាយដើម្បីការពារកុំឲ្យសត្វដំរីនេះឆ្លង ដែនបានយ៉ាងណាក៏ដោយ ។
យោងតាមសេចក្តីរាយការណ៍ពីប្រភពដែលនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ក្រោយមកសត្វដំរីនេះគឺមិនព្រមវិលចូលទៅក្នុងទឹកដីថៃវិញឡើយ ដោយវាបានដើរវិលវល់តាមស្រុកមួយចំនួនដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន រហូតដល់យប់កើតហេតុក៏មានការដេញជាន់មនុស្សតែម្តងដោយសារតែសត្វដំរីព្រៃមួយក្បាលនេះទំនងជាកំពុងចុះប្រេងដោយបានជាន់ទៅលើស្ត្រីម្នាក់ឈ្មោះ ចក់ គឹមហៃ អាយុ ៣២ឆ្នាំ ជាកម្មករដកដំឡូង និងមានស្រុកកំណើតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យហើយ ស្នាក់នៅស៊ីឈ្នួលកាប់ ដំឡូងត្រង់ចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសត្រង់ស្មាបោះដៃផុត ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ព្រមទាំងបានឆ្លុះមើលគឺក្រុមគ្រូពេទ្យបានអះអាងថា ស្ត្រីរូបនេះបាក់ឆ្អឹងជំនីរខាង ឆ្វេងចំនួន១០ឆ្អឹង ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរ បាលស្រុកភ្នំព្រឹកបានលើកឡើងថា បញ្ហានេះលោកបានរាយការណ៍ទៅអង្គភាព ជំនាញហើយដើម្បីចុះពិនិត្យឬក៏អាចប្រើប្រាស់កាំភ្លើងសម្រាប់បាញ់ឲ្យសន្លប់ដែលជាកិច្ចការរបស់អង្គភាពជំនាញ។ ចំណែកមន្ត្រីរបស់លោកនៅចាំឃ្លាំមើលជាប់ជា ប្រចាំក្រែងលោមានបញ្ហាណាមួយដែល បង្កឡើងដោយសារសត្វដំរីនេះទៀតដែល រហូតមកទល់នឹងព្រឹកថ្ងៃដដែលសត្វដំរីព្រៃមួយក្បាលនេះកំពុងស្ថិតនៅច្រមុះភ្នំណាំសាបនៅឡើយទេ ។
តាមប្តីជនរងគ្រោះបានអះអាងថា គ្រួសារគាត់ក្រីក្រណាស់មានកូនស្រីតូចៗ៣នាក់ផ្ញើជាមួយប្អូនស្រីមើលថែនៅឯស្រុកកំណើតសូម្បីតែទូរស័ព្ទក៏គ្មានប្រើដែរ ។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យបានអះអាងថា ដំរីដ៏ធំមួយក្បាលនេះគឺ ជាដំរីរបស់ខែ្មរដែលទើបឆ្លងដែនពីប្រទេសថៃមកកម្ពុជាវិញកាលពីជាងមួយសបា្តហ៍មុននេះបន្ទាប់ពីកម្ពុជាមានសង្រ្គាមវាទៅជ្រកពួនរស់នៅក្នុងទឹកដីថៃជាច្រើនឆ្នាំនោះ ។
ប្រជាពលរដ្ឋបានអះអាងថា ការណ៍ ពិតដំរីរបស់ខ្មែរដែលភៀសខ្លួនទៅក្នុងទឹកដីថៃនោះមានដល់ទៅ៣ក្បាលឯណោះ ហើយប៉ុន្មានសប្តាហ៍មុននេះវានាំគ្នាវិល ត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពី ប្រទេសកម្ពុជាមានសុខសន្តិភាពតែត្រូវ អាជ្ញាធរថៃរារាំងមិនឲ្យមក២ក្បាលឯមួយក្បាលធំនេះអាជ្ញាធរថៃមិនអាចរារាំងវាបានឡើយព្រោះវាកាចណាស់ ៕ វណ្ណា+វិច្ឆិកា