ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ៖ ប្រាប់ប្រជាពលរដ្ឋខ្មែរឥស្លាមថា ប្រទេសជាតិមានសន្តិភាព ទើបបងប្អូនមានអ្វីៗ គ្រប់បែបយ៉ាងរហូតដល់ សព្វថ្ងៃនេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីក ដុះដាលយ៉ាងឆាប់រហ័ស ផ្លូវថ្នល់ស្អាតធ្វើដំណើរបានស្រួល។ ទន្ទឹមនឹងនេះ សហគមន៍ឥស្លាម ក៏បាននឹងកំពុងអភិវឌ្ឍខ្លួន យ៉ាងឆាប់រហ័សផងដែរ ដែលយើងអាចមើលឃើញច្បាស់ ដូចជាសំណង់អាគារ សាលារៀន និង ស៊ូរ៉ាវ វិហារស្កឹមស្កៃដ៏ស្រស់ស្អាត មាននៅគ្រប់ភូមិ ទូទាំងប្រទេស។

លោករដ្ឋមន្រ្តីប្រតិភូបានមានប្រសាសន៍យ៉ាងដូច្នេះ នៅចំពោះមុខបងប្អូនសាសនិកឥស្លាម ប្រមាណ ៣៥០នាក់ នៅភូមិខ្នាយកកោះក្រោម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃ ១៧ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានបញ្ចប់ការសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនសាសនិកឥស្លាម នៅភូមិ អំពាក់២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំកាលពីព្រឹក ថ្ងៃដដែល នោះមក ។

លោកបានបន្តថា៖ រាជរដ្ឋាភិបាល ដែល មានសម្តេចតេជោជាប្រមុខ តែងតែបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋស្មើៗគ្នា ហើយក៏បានផ្តល់ និងអនុគ្រោះ សព្វបែបយ៉ាង ជូនដល់សហគមន៍ ។

លោកបន្តថា ៖ ដោយគោល នយោបាយរបស់រាជរដ្ឋាភិបាល បានអនុវត្តការតំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនិងកម្មករកម្មការនី មានការកោះនឡើងជាបន្តបន្ទាប់ ព្រមជាមួយនឹងការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗយ៉ាងច្រើន។ ទាំងនេះ គឺជាគុណូបការ: ដែលមិនត្រូវមើលរំលង ហើយយើងត្រូវតែតបស្នង សងគុណ ដោយគាំទ្រចំពោះរាជរដ្ឋាភិបាលវិញ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានប្រសាសន៍ផ្តាំផ្ញើ ឲ្យបងប្អូនសាសនិកឥស្លាមសហការ សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុខសន្តិភាព។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាចំនួន ៣លាន ១៩ម៉ឺនរៀល ជូនដល់លោកតាលោកយាយ ប្រជាការពារ និង យុវជនមុស្លិមកម្ពុជា ផងដែរ៕ សំរិត

 

 


ចែករំលែក៖