ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិបង្កើតមុខរបរលក់លៀសជាង៤ឆ្នាំអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគួរសម

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋរស់នៅចំណុចខាងត្បួងសាលាបឋម អូរជ្រៅ ឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជា២០គ្រួសារ បានប្រកបរបលក់លៀសហាល កាក់កបគួរសម ចំណូលជាមធ្យមយ៉ាងតិច៤ម៉ឺនរៀលម្នាក់ៗក្នុង១ថ្ងៃ ។

អ្នកស្រុកបានលើកឡើងថា ភូមិមួយនៅក្រុងប៉ោយប៉ែត មានអ្នកលក់លៀសច្រើនជាងគេក្នុងក្រុងមួយនេះ ហើយអ្នកស្រុកស្ទើរដាក់ងារជាភូមិលក់លៀសទៅហើយ ដែលរទេះលក់លៀសមានច្រើនចតត្រៀបត្រា នៅរៀងរាល់ពេលល្ងាច ក្រោយម្ចាស់វិលត្រឡប់ពីរុញលក់តាមភូមិ ប៉ុន្តែរៀងរាល់ពេលព្រឹក លើរទេះទាំងនោះ មានលៀសពេញៗដែលស្រុះឆ្អិន និងផ្សំគ្រឿងរួចស្ទើរគ្រប់រទេះ។

បន្ទាប់ពីអ្នកសារព័ត៌មានចុះដល់កន្លែងកើតហេតុ ផ្តិតយករូបភាពផ្ទាល់ក្រុមអ្នកលក់លៀសបាននិយាយថា មុខរបរនេះ បើមិនមានការរំខានពីធម្មជាតិ(ភ្លៀង) ពួកគាត់លក់ដាច់ល្អ ហើយថាបើលក់ជាលក្ខណៈគ្រួសារ(2នាក់ប្តីប្រពន្ធ) ផលចំណេញមិនក្រោមពី៨ម៉ឺនរៀលឡើយ ខណៈគ្រួសារខ្លះ អះអាងថា លក់២នាក់ប្តីប្រពន្ធ ចំណេញ១ថ្ងៃរហូតជាង១០ម៉ឺនរៀល បើប្រៀបធៀបទៅនឹងការចំណាកស្រុក គឺពួកគាត់រស់ស្រួលក្នុងរង្វងគ្រសារ ដោយមិនបានភ័យព្រួយពីការបាត់បង់អាយុជីវិត ឬក៏ចាញ់បោកមេខ្សល់នោះទេ?។

អ្នកខ្លះទៀតបង្ហាញពីរបៀបស្រុះចម្អិនមុនផ្សំគ្រឿង អ្នកខ្លះបង្ហាញពីរបៀបផ្សំគ្រឿងហើយអះអាងថា លៀសដែលពួកគាត់រុញលក់នេះ គ្រប់ជនជាតិអាចទទួលទានបានទាំងអស់ ព្រោះប្រើរ៉ុតឌីសាច់មាន់ មិនប្រើរ៉ុតឌីសាច់ជ្រូកទេ។

ពួកគាត់បន្តថា លៀសទាំងនេះ គឺទិញបន្តពីគេនាំមកពីខេត្តសៀមរាប ដោយទិញចូលលៀសឆៅ១គីឡូក្រាមតម្លៃ១០០០រៀល ហើយក្នុង១គីឡូក្រាមមាន៣កំប៉ុង។

ពួកគាត់បន្តថា ក្រោយពីចំអិន និងផ្សំគ្រឿងរួចលក់ចេញបានតម្លៃ១កំប៉ុង១៥០០រៀល ហើយថា ការរុញលក់ដាច់តិច ដាច់ច្រើន អាស្រ័យលើស្គាល់ភូមិសាស្ត្រលក់ ដោយគ្រួសារខ្លះ លក់ជាលក្ខណៈគ្រួសារអស់លៀស១ថ្ងៃ៥០គីឡូក្រាម ឯគ្រួសារខ្លះ៦០ទៅ៧០គីឡូក្រាម និងគ្រួសារខ្លះអះអាងថា លក់អស់រហូត៨០ទៅ១០០គីឡូក្រាមក៏មានដែរ។

ពួកគាត់បន្តថា អ្នកប្រកបមុខរបរលក់លៀសក្រៅពីរុញលក់ថ្មើរជើងក៏មាន ការលក់ដោយម៉ូតូផងដែរ ៕ វណ្ណា


ចែករំលែក៖