ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡេកក្រោយបន្តិចមុនពេល ស៊ឹម សូលិកា ជួបជីវិតហ៊ឺហា

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈជាច្រើនឆ្នាំហើយ ដែលអតីតតារាសម្តែង ស៊ឹម សូលីកាបានប្រឡូក្នុងវិស័យសិល្បៈ ។ ទោះមិនមានការងារច្រើន ប៉ុន្តែជីវិតរបស់អ្នកនាងហាក់រស់ក្នុងស្ថានភាពឡូយឆាយច្រើន បើធៀបជាមួយអ្នករួមជំនាន់ជាច្រើន ។

ពិធីការិនី ស៊ឹម សូលិកា នៅតែបន្ដពោលពាក្យបដិសេធមិនបើកកកាយរឿងរ៉ាវជីវិតឯកជនរបស់នាងប្រាប់ដល់បណ្ដាសារព័ត៌មានដោយលើកហេតុផលថារូបនាងចាស់ហើយមិនចង់ល្បីអីនោះទេទុកឲ្យក្មេងៗជំនាន់ក្រោយចុះ ។ បើទោះបីជាយ៉ាងណា ក៏នាងមិនបានផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយមហាជន និងអ្នកគាំទ្រឡើយគឺទំនាក់ទំនងតាមរយៈគេហទំព័រFacebook ។

គេនៅចាំបានថាជីវិតលើថ្នាលសិល្បៈរបស់តារាសម្ដែង ស៊ឹម សូលិកា ចាប់ផ្ដើមចេញពន្លកចាប់តាំងពីឆ្នាំ២០០៤ ដែលទាំងរូបសម្ពស្ស និងជីវភាពរស់នៅរបស់នាងមានលក្ខណៈសាមញ្ញប៉ុណ្ណោះ ។ នាងអាចស្រូបទាញបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីសម្ដែងឈុតខារ៉ាអូខេឲ្យផលិតកម្មរស្មីហង្សមាស ។

អ្វី ដែលរុញឲ្យជីវិតសិល្បៈរបស់នាងកាន់តែត្រដែត បន្ទាប់ពីនាងបានក្លាយជាតួឯកក្នុងខ្សែភាពយន្តរឿង“នេសាទក្រពើ”ឲ្យផលិតកម្មនេះ ។ ជំហានចុងក្រោយអាចឲ្យជីវិតរបស់នាងឈរជើងយ៉ាងនឹងគឺនាងបានវិវឌ្ឍខ្លួនក្លាយជាពិធីការិនីនៃស្ថានីយទូរទស្សន៍បាយ័នដោយនាងអាចក្រសោបបាននូវកម្មវិធីល្អៗល្បីៗមួយចំនួនធំ ។

រហូតមកដល់ដំណាច់ឆ្នាំ២០១០ពិធីការិនីវ័យ៣៨ឆ្នាំរូបនេះ បានស្ថិតក្នុងលំដាប់សិល្បករ ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និងប្រជាប្រិយបំផុតហើយបើទោះបីជាកន្លងនាងពុំធ្លាប់បានទម្លាយឲ្យដឹងពីមូលហេតុនៅពីក្រោយជីវភាពហ៊ឺហាស្ដុកស្ដម្ភនេះក្ដី ក៏គេអាចយល់បានខ្លះៗតាមរយៈសកម្មភាពការងារ និងសិល្បករ ដែលស្និទ្ធនឹងនាង ។

មួយរយៈចុងក្រោយនេះជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាសកម្មភាពបំពេញការងាររបស់នាងត្រូវបានលាតត្រដាងជាបណ្ដើរៗតាមរយៈគេហទំព័រFacebook ដែល ។ រូបភាពរាប់រយសន្លឹកត្រូវបានបង្ហោះលើគេហទំព័ររបស់នាងហើយអ្វី ដែលគេមានការចាប់អារម្មណ៍រូបភាពយ៉ាងច្រើនសន្លឹកបានបង្ហាញពីជីវភាពរស់នៅរបស់នាងស្ថិតនៅក្នុងលក្ខខណ្ឌមួយ ដែលសិល្បការិនី និងអភិជនមួយចំនួនមិនអាចធ្វើបាន ។ រូបភាពរស់នៅលើផ្ទះវីឡាដ៏ធំស្កឹមស្កៃអមដោយគ្រឿងសង្ហារឹមប្រណីតៗថ្លៃៗរបស់ប្រើប្រាស់ប្រចាំថ្ងៃទំនើបៗ ដែលសូម្បីតែផ្ទះបាយរបស់នាងស្រស់ស្អាតគួរឲ្យចង់រស់នៅ ។

សិល្បការិនីម្នាក់ ដែលធ្លាប់បានរួមដំណើរ និងជួប ស៊ឹម សូលិកា ជាញឹកញាប់បានពោលពាក្យកោតសរសើរស្ងប់ស្ងែងពីជីវិតដ៏ថ្កុំថ្កើងរបស់នាងថាមានវាសនាខ្ពស់ព្រោះសព្វថ្ងៃនាងរស់នៅលើគំនរមាសប្រាក់មានលុយចាយពេញៗដៃមិនតែប៉ុណ្ណោះបុគ្គលិក ដែលមួយចំនួនធំនៅស្ថានីយទូរទស្សន៍បាយ័នគោរពស្រឡាញ់យកចិត្ដនាងផងដែរ ។

ក្រៅពីជីវិតពោរពេញដោយភាពរុងរឿងទាំងនេះសាច់ឈាមពណ៌សម្បុរស្រអែមរបស់នាងកាន់តែសភ្លឺរលោងមិនចាញ់សិល្បករជំនាន់ក្រោយប៉ុន្មានឡើយ ។ ក្រៅពីរស់នៅជាមួយនឹងគេហដ្ឋាន និងសម្ភារៈដ៏សម្បូរបែបនេះនាងនៅមានហាងកែសម្រស់ដ៏ធំទំនើបមួយនៅម្តុំក្រោយពេទ្យព្រះកុសុមៈផងដែរ ដែលគេដឹងថាដើមទុននៃការបើកដំណើរការហាងស្តង់ដានេះចំណាយអស់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ។

បើទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់នាងមួយចំនួនធំត្រូវបានបង្ហាញជាសាធារណៈក្ដី ក៏ជីវិតឯកជនរបស់នាងនៅមិនលាតត្រដាងនៅឡើយពិសេសជុំវិញមូលហេតុ ដែលនៅពីក្រោយភាពហ៊ឺហាទាំងនេះ ដែលកន្លងទៅធ្លាប់មានរលករឿងរ៉ាវពីទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងជាមួយបុរសដ៏មានឥទ្ធិពលម្នាក់ បន្ទាប់ពីចែកផ្លូវគ្នាដើរជាមួយអតីតស្វាមីកាលពីឆ្នាំ២០០៧នោះ ប៉ុន្ដែជាញឹកញាប់ត្រូវបាននាងបដិសេធ និងច្រានចោលចំពោះការជជីកសួរអំពីព័ត៌មានទាំងនេះហើយនាងនៅតែបន្ដវេចខ្ចប់នូវជីវិតស្នេហារបស់នាងឲ្យស្ថិតក្នុងប្រអប់មួយយ៉ាងអាថ៌កំបាំង ។

នៅពេលមានអារម្មណ៍ធុញថប់នឹងរឿងរ៉ាវស្នេហាម្តងៗពិធីការិនីរូបនេះ តែងតែបង្ហាញពីអារម្មណ៍មួរហ្មងទាំងនោះប្រាប់មិត្តភក្តិតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជានិច្ចហើយនាង ក៏ទទួលការលួងលោមផ្តល់យោបល់យ៉ាងច្រើនពីមិត្តភក្តិនាង៕ វឌ្ឍនា


ចែករំលែក៖