ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង កោះប្រជុំជាបន្ទាន់ក្រោយហេតុការណ៍ឆេះមន្ទីរពេទ្យស្លាប់និងរបួសជាង១០០នាក់

ចែករំលែក៖

យ៉ាងហោចណាស់មានមនុស្ស ៣៣ នាក់ស្លាប់ និងជាង៧០នាក់រងរបួសនៅ ក្នុងគ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យ នៅតំបន់ Miryang កូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអីុន នៅថ្ងៃទី២៦ ខែមករានេះបានកោះ ប្រជុំជាបន្ទាន់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ព្រមទាំអភិបាលក្រុងសេអ៊ូល ដើម្បីពិភាក្សា លើគ្រោះអគ្គិភ័យឆាបឆេះ មន្ទីពេទ្យជាទ្រង់ទ្រាយធំ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Soo Hun បានបញ្ជាក់ថា ប្រធានាធិបតីបានចេញបញ្ជាឲ្យប្រើគ្រប់ វិធីសាស្ត្រដើម្បីកាត់បន្ថយការខូចខាត ទ្រព្យសម្បត្តិនិងអាយុជីវិត។ ប្រធានាធិបតីក៏បានស្នើដល់មន្ត្រីទទួលបន្ទុក បើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ ពីហេតុ ការណ៍ឆាបឆេះខាងលើ ដើម្បីបង្ការហេតុការណ៍បែបនេះកើតឡើងនៅពេលអនា គត។ លើសពីនេះទៅទៀត ប្រធានាធិបតី ក៏បានស្នើ ឲ្យត្រួតពិនិត្យ អត្តសញ្ញាណ សាកសព ដើម្បីផ្តល់ព័ត៌មានដល់គ្រួសារបានដឹងឲ្យបានឆាប់បំផុត។

គ្រោះអគ្គិភ័យខាងលើនេះ បានកើត​ឡើងនាវេលាម៉ោងប្រមាណជា ៧និង៣០ នាទីព្រឹក ថ្ងៃសុក្រកន្លងទៅនេះ (ពេល វេលានៅកូរ៉េខាងត្បូង) នៅឯមន្ទីរពេទ្យ Sejong ក្នុងក្រុង Milyang នៃខេត្ត Gyeongsang ខាងត្បូង ដោយអណ្តាតភ្លើង បានរាលដាល ចេញពីបន្ទប់សង្រ្គោះបន្ទាន់ មួយ ដែលស្ថិតនៅជាន់ទីមួយនៃមន្ទីរ ពេទ្យកើតហេតុ។

គួរជម្រាបថា ជាលទ្ធផលមនុស្ស យ៉ាងតិច ៣៣នាក់បានស្លាប់ និងប្រហែល ជាង ៧០នាក់ទៀត បានទទួលរងរបួស ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងតែ ប្រព្រឹត្តទៅ។ អ្នកជំងឺសរុបប្រមាណ ១០០ នាក់ ត្រូវគេរាយការណ៍ថា បានស្ថិតនៅ ក្នុងមន្ទីរពេទ្យនេះ នៅមុនពេលដែល គ្រោះអគ្គិភ័យបានកើតមានឡើង៕ ម៉ែវ សាធី


ចែករំលែក៖