ប្រភពព័ត៌មាន៣ផ្សេងគ្នារបស់ប្រទេសលោកខាងលិចបានផ្សាយថា បណ្តានាវា ដឹកធ្យូងថ្មពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី កាលពីឆ្នាំ២០១៧ ការណ៍ពិតបានទៅកាន់ កូរ៉េខាងត្បូង និងជប៉ុនដែលជាគោលដៅ ចុងក្រោយនៃនាវាកូរ៉េខាងជើង។
ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខអឺរ៉ុប បានប្រាប់សារព័ត៌មានរ៉យទ័រថា «កំពង់ផែ Nakhodka បានក្លាយជាទីកន្លែងកណ្តាលសម្រាប់បញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើងទៅកាន់ពិភពលោក»។
នៅពេលនេះក្រសួងការបរទេសរុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយ។ ចំណែកគណៈប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា រុស្ស៊ីតែងតែគោរពទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងនោះរារាំងការផ្តល់ហិរញ្ញវត្ថុដល់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងរងការ ចោទប្រកាន់ថា បានប្រើប្រាស់រូបិយវត្ថុ បរទេស ដើម្បីអភិវឌ្ឍកាំជ្រួចមីស៊ីល និង បរមាណូនៅក្នុងប្រទេសនេះ។ ទាំងនោះ ហើយ បានជាអង្គការសហប្រជាជាតិបានឡោមព័ទ្ធការលក់ធ្យូងថ្មទៅក្រៅប្រទេស របស់កូរ៉េខាងជើង។
កូរ៉េខាងជើង ត្រូវបានគេសង្ស័យថា បានដឹកធ្យូងថ្ម៣លើកតាមផ្លូវសមុទ្រ ទៅ កាន់កំពង់ផែ Nakhodka និង Kholmsk របស់រុស្ស៊ី។ ក្រោយមក ក៏បានផ្លាស់ទៅ កាន់នាវាផ្សេងទៀត រួចបញ្ជូនទៅកាន់ ជប៉ុន និងកូរ៉េខាងត្បូង។ ទំនិញខាងលើត្រូវ បានគេដឹងថា បានបញ្ជូនទៅកាន់ប្រទេស ទាំង២ខាងលើ កាលពីខែតុលា ឆ្នាំ២០១៧។
ប្រភពព័ត៌មានពីក្រុមសន្តិសុខអាមេរិកបានបញ្ជាក់ថា ការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាស់ពីការបំពាន ច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
មកទល់ពេលនេះ គេមិនទាន់ដឹងថា ក្រុមហ៊ុនណាទទួលទិញធ្យូងថ្មខុសច្បាប់ពីកូរ៉េខាងជើងនោះឡើយ។ ក្នុងពេលជា មួយគ្នានេះ ក្រសួងហិរញ្ញវត្ថុអាមេរិក កាល ពីថ្ងៃទី២៤ ខែមករា បានបញ្ជាក់ថា ក្រុម ហ៊ុន UAL Ji Bong 6 ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដឹកធ្យូងថ្មរបស់កូរ៉េខាងជើងទៅកាន់កំពង់ផែ Kholmsk របស់ រុស្ស៊ី។ ក្រុមហ៊ុននេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្មដោយបានរកសុីជាមួយកូរ៉េខាងជើង។
នេះមិនមែនជាលើកទី១ឡើយ ដែលអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានជួយ ដល់កូរ៉េខាងជើង គេចវេះពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ កន្លងមកអាម េរិកក៏បានចោទប្រកាន់រុស្ស៊ីថា បានលក់ ប្រេងទៅឲ្យកូរ៉េខាងជើង ដោយមានការ ដោះដូរនៅលើដែនសមុទ្រ។
ប៉ុន្តែការចោទប្រកាន់នោះត្រូវបានរដ្ឋ មន្ត្រីការបរទេសរុស្ស៊ី លោក Sergey lavrov ច្រានចោលការចោទប្រកាន់របស់ អាមេរិក ថារុស្ស៊ីបានជួយដល់កូរ៉េខាងជើង ដោយសម្ងាត់បំពានច្បាប់ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ថា រុស្ស៊ី បានគោរពច្បាប់ដាក់ទណ្ឌកម្មរបស់អង្គ ការសហប្រជាជាតិយ៉ាងពេញលេញ ទៅ លើកូរ៉េខាងជើង។ លោក Sergey lavrov បានស្នើដល់អាមេរិកត្រូវតែបង្ហាញភស្តុ តាងច្បាស់លាស់មុនពេលចោទប្រកាន់ ទីក្រុងមូស្គូ។
លោក Lavrov បានប្រកាសថា «ប្រសិន បើមន្ត្រីរបស់យើងបាននិយាយជាមួយ យើងថាមិនសហការជាមួយកូរ៉េខាងជើង (អនុវត្តតាមច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ) ដូច្នេះយើងសូមឲ្យ ផ្តល់ភស្តុតាងច្បាស់លាស់ដើម្បីដឹងថា យើង នៅមានចំណុចខ្វះខាតណាខ្លះ?»។
លោក ឡាវរ៉ូវ បន្តទៀតថា «ជាអកុសល ជាច្រើនលើកកន្លងមក យើងរងការចោទ ប្រកាន់ជាច្រើន ក្នុងនោះមានទាំងការជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួន ដែលយើងផ្ទាល់មិនបានដឹងផង។ ដូច្នេះ តើមានអ្នកណាម្នាក់ដែលអាចប្រាប់យើងថា បានធ្វើអ្វីខុសបំពានច្បាប់ត្រង់ចំណុចណា?»។
អាមេរិក និងលោកខាងលិចតែងតែ ថ្កោលទោសរុស្ស៊ី តែមិនបានបង្ហាញពីភស្តុតាងច្បាស់លាស់ណាមួយឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាសន្តិសុខមានគណៈ កម្មការ ដើម្បីតាមដានរាល់ការដាក់ទណ្ឌ កម្ម ហើយបើគ្មានការតវ៉ាណាមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិទេនោះ នឹង មិនមានការបំពានច្បាប់ណាមួយឡើយ។
ពាក់ព័ន្ធនឹងការលក់ប្រេងទៅឲ្យកូរ៉េ ខាងជើងពីសំណាក់សត្រូវអាមេរិក គឺរុស្ស៊ី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន បញ្ជាក់ថា រុស្ស៊ីកំពុងតែជួយដល់កូរ៉េខាងជើងដោយបានផ្តល់ទំនិញជាច្រើនដល់ ប្រទេសនេះ បំពានលើច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើទីក្រុង ព្យុងយ៉ាង។
លោក ត្រាំ បានបញ្ជាក់ទៀតថា «រុស្ស៊ីមិនបានជួយដល់យើងស្តីពីវិបត្តិបរមាណូនៅកូរ៉េខាងជើង នោះឡើយ ផ្ទុយទៅវិញ រុស្ស៊ីបានជួយដល់កូរ៉េខាងជើងដោយ សម្ងាត់។ ដោយឡែកប្រទេសចិនដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតជាមួយកូរ៉េខាជើង បែរជាជួយយើងវិញ»។
កូរ៉េខាងជើងជាឧបសគ្គដ៏ធំនៅលើ ពិភពលោក និងអាមេរិកនាពេលកំពុង ប្រឈមមុខផ្ទាល់ជាមួយកូរ៉េខាងជើង ក្រោយពេលទីក្រុងព្យុងយ៉ាងបានប្រកាសថា មីស៊ីល និងបរមាណូទាំងអស់ទុក សម្រាប់តែអាមេរិកប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ត្រាំ បញ្ជាក់ថា លោកមិនប្រាកដនៅក្នុងការពិភាក្សាជា មួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នោះឡើយដោយមិនអាចទទួលបានលទ្ធផលជាវិជ្ជមាន។
លោក ត្រាំ ក៏បានថ្កោលទោសដល់ អតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា ដែលមិនអាចរារាំងកម្មវិធីបរមាណូកូរ៉េ ខាងជើងបាន ទុកឲ្យប្រទេសនេះបាន សម្រេចគោលដៅផលិតបរមាណូបំពាក់លើកាំជ្រួចមីស៊ីលវាយប្រហារដល់ទឹកដីអាមេរិក។
លោក ត្រាំ បានបញ្ជាក់ថា «ខ្ញុំនឹង អង្គុយតុចរចា ដើម្បីពិភាក្សាគ្នា តែខ្ញុំមិន ប្រាកដថា អាចដោះស្រាយបញ្ហាបច្ចុប្បន្នបាននោះឡើយ។ ពួកគេបាននិយាយថា ចង់ពិភាក្សា២៥ឆ្នាំមកហើយ ប៉ុន្តែមិនបាន សម្រេចឡើយ»៕ ម៉ែវ សាធី