ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មហាអំណាចយោធាពិភពលោកបង្កើនសមត្ថភាពមីស៊ីលដើម្បីអ្វី?

ចែករំលែក៖

ពិភពលោកពិតជាពិបាកស្ថិតក្នុងសភាពស្ងៀមស្ងាត់ណាស់ ក្រោយពេលមហា អំណាចធំៗនៅលើពិភពលោក ក្នុងនោះ មានអាមេរិក ចិននិងរុស្ស៊ី បានបង្កើនឃ្លាំង អាវុធ ក្នុងនោះមានមីស៊ីលនិងបរមាណូ។

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសពង្រីកឃ្លាំងគ្រាប់បរមាណូ និងបង្កើតការផលិតក្បាលគ្រាប់បរមាណូ។ នៅពេលនេះដែរ ចិនក៏បានបង្កើនសមត្ថ ភាព មីស៊ីលផ្លោងឲ្យរឹតតែខ្លាំងជាងមុន នៅពេលដែលស្ថានការណ៍នយោបាយនៅលើពិភពលោក មិនអំណោយផល មានការប្រឈមមុខជាច្រើន នៅក្នុង តំបន់។

អ្នកនាំពាក្យយោធាចិនបានបង្ហើបឲ្យ ដឹងថា កងកម្លាំងជំនាញប្រើប្រាស់គ្រាប់ រ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន PLA ទើបតែបានបញ្ចប់ការបង្កើនសមត្ថភាព ទៅលើប្រព័ន្ធមីស៊ីលផ្លោងរបស់ខ្លួន ខណៈ ដែលបញ្ហាក្នុងតំបន់អាស៊ីខាងកើត នៅតែជាការប្រឈមមុខដ៏ធំសម្រាប់មហាអំណាចលេខ១ នៅអាស៊ីនេះ។ នេះបើតាមការ ចេញផ្សាយពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ ២០១៨។

នាថ្ងៃព្រហស្បតិ៍ម្សិលម្ងៃ៉នេះ អ្នក ជំនាញវិស័យយោធាម្នាក់របស់ចិន បាន ប្រាប់សារព័ត៌មាន Global Times ថា សមត្ថភាពស៊ូទ្រាំ និងចល័តនៃប្រព័ន្ធមីស៊ីលវាយប្រហារជាយុទ្ធសាស្រ្ត នៃកងរ៉ុក្កែត របស់យោធាចិន ទើបតែធ្វើឲ្យប្រសើរឡើង បន្ថែមទៀត។ នាថ្ងៃដដែល អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Ren Guoqiang បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា «កងមីស៊ីល ជាផ្នែកចម្បងនៃយុទ្ធសាស្រ្តការពារខ្លួនរបស់ចិន និងជា សសរស្តម្ភ ដើម្បីទ្រទ្រង់ចិនក្នុងនាមជា ប្រទេសមហាអំណាចមួយ ហើយក៏ជាមូល ដ្ឋានគ្រឹះ ដើម្បីថែរក្សាការពារសន្តិសុខជាតិផងដែរ»។

លោក Ren បានបន្តថា «វាជារឿង ធម្មតា និងជាភាពចាំបាច់ ដែលកងមីស៊ីល របស់យើង ធ្វើការអភិវឌ្ឍ និងធ្វើបច្ចុប្បន្ន ភាពទៅលើគ្រឿងសព្វាវុធរបស់ខ្លួន ហើយវាក៏ជាទម្លាប់ក៏ដូចជាការអនុវត្តជាទូទៅ ផងដែរ សម្រាប់ប្រទេសដទៃៗទៀត ក្នុងការធ្វើទំនើបកម្មទៅលើវិស័យយោធា របស់ពួកគេ»។

គួរជម្រាបថា យ៉ាងណាមិញអ្នកនាំ ពាក្យរូបនេះ ពុំបានបញ្ជាក់នោះឡើយថា តើមីស៊ីលប្រភេទណាខ្លះ ត្រូវបានបង្កើន សមត្ថភាព ឬក៏ថា តើមីស៊ីលដែលកាល ពីមុន ស្ថិតក្រោមដំណាក់កាលអភិវឌ្ឍន៍នៅឡើយនោះ នាពេលនេះត្រូវបានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការដែរ ឬយ៉ាងណា?

កន្លងមក អាមេរិក បានស្នើឲ្យបង្កើន ការផលិត ក្បាលគ្រាប់បរមាណូ ដើម្បីទប់ទល់នឹងស្ថានការណ៍ប្រែប្រួលនៅលើពិភពលោក។សកម្មភាពខាងលើកើតឡើង ក្រោយពេល អាមេរិកកាន់តែឯកោដោយសារតែគោលនយោបាយអាត្មានិយមធ្វើ ឲ្យសម្ពន្ធមិត្តទាំងនៅក្នុងតំបន់អឺរ៉ុប និង អាស៊ីបាត់ បង់ទំនុកចិត្តមកលើខ្លួន ព្រោះតែអាមេរិកគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ភាពឯកោ នឹងធ្វើឲ្យអាមេរិកកាន់តែជួប ផលលំបាក ប្រសិនបើមានសង្គ្រាមកើត ឡើង ប្រទេសដែលធ្លាប់ចូលរួមសង្គ្រាមជាមួយអាមេរិក អាចនឹងដកខ្លួនចេញវិញ។

កត្តាទាំងនោះហើយ បានជាប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ដុតដៃដុតជើង ក្នុងគម្រោងផលិតក្បាលគ្រាប់បរមាណូថ្មីបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៅក្នុង សង្គ្រាមជាមួយប្រទេសបរមាណូផ្សេងទៀត ដូចជារុស្ស៊ី និងចិនជាដើម។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនផែនការសម្រាប់កម្មវិធី ​ បរមាណូជាតិទៅកាន់គណៈកម្មាធិការការ ពារជាតិហើយ នាពេលឆាប់ៗខាង មុខនេះ លោកនឹងដកការដាក់កំហិតចេញពីការ ផលិតអាវុធនុយក្លេអ៊ែរ ដែលរួមមានទាំងការបើកផ្លូវឲ្យអភិវឌ្ឍន៍ក្បាលគ្រាប់នុយក្លេអ៊ែរដ៏ចម្រូងចម្រាសថែមទៀត។

ផែនការត្រួតពិនិត្យតួនាទី នៃអាវុធនុយ ក្លេអ៊ែរអាមេរិកហៅកាត់ថា NPR ដែលជា ការសម្រេចរបស់សេតវិមាន ដែលធ្វើឡើង ជារៀងរាល់៨ឆ្នាំម្តង ត្រូវគេរាយការណ៍ថា នឹងរួមមានទាំងគម្រោង សំដៅលុបការដាក់កំហិតផ្សេងៗលើក្រសួង ថាមពល ដើម្បី អនុញ្ញាតឡើងវិញឲ្យមានការកែច្នៃមីស៊ីលផ្លោងប្រភេទបាញ់ចេញពីនាវាមុជទឹក (SL BM) Trident D5 ដើម្បី បង្កើនសក្តានុពលនៃវិស័យការពារជាតិ អាមេរិក។

ជុំវិញរឿងនេះ អ្នកជំនាញបានយល់ ឃើញថា វាជាការផ្ញើសារមួយយ៉ាងជាក់ច្បាស់ទៅកាន់ប្រទេសរុស្ស៊ី និងកូរ៉េខាង ជើង ថាការព្យាយាមណាមួយ ដើម្បី ប្រើ ប្រាស់អាវុធនុយក្លេអ៊ែរ នឹងជះផល វិបាក ធ្ងន់ធ្ងរបំផុតទៅរកពួកគេវិញ។ សម្រាប់រដ្ឋ​បាលលោក ដូណាល់ ត្រាំ គឺ កំពុងបង្ហាញ ឲ្យគ្រប់គ្នាមើលឃើញថា លោកពិតជាយកផលប្រយោជន៍អាមេរិកជាគោល ក្នុងនោះការផលិតសព្វាវុធលក់សព្វាវុធ និងអភិ វឌ្ឍន៍សព្វាវុធ គឺជាគោលដៅចម្បង ធំមួយ ក្នុងការរកចំណូលជូនជាតិផង និង ការពារ​ខ្លួនពីសត្រូវផង។

ចំណែករុស្ស៊ីវិញ ក៏បានបង្កើនកម្លាំង មីស៊ីល និងហ្វឹកហាត់ ជាបន្តបន្ទាប់ដោយមានការបាញ់គ្រាប់ពិតផងដែរ។ ក្រៅពីនេះរុស្ស៊ីក៏បានបង្កើនការផលិតយន្តហោះទម្លាក់គ្រាប់ ឧទ្ធម្ភាគចក្រ ដែលអាចហោះ ហើរនៅក្នុងស្ថានភាព អាកាសធាតុត្រជាក់ បាន។ តាមគម្រោងនៅចុងខែនេះរុស្ស៊ីនឹងសាកល្បង យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបរបស់ខ្លួន ដែលជាការបង្ហាញឲ្យពិភពលោកបានដឹងពីសមត្ថភាពរបស់រុស្ស៊ី។

លោក Dmitry Rogozin ឧបនាយករដ្ឋ មន្ត្រីរុស្ស៊ី ដែលធ្លាប់បាននិយាយ កាលពី ដើមខែមករា មកហើយថា យន្តហោះ ប្រភេទTu-160M2 នឹងហោះហើរ លើក ដំបូងរបស់ខ្លួន នៅចុងខែនេះ។

តាមបណ្តាញព័ត៌មានThe Businessin sider ចេញផ្សាយកាលពីថ្ងៃពុធ ទី២៤ ខែមករា ម្សិលម្ងៃ៉ បានឲ្យដឹងថា Tu-160M2 ជាយន្តហោះទម្លាក់គ្រាប់បែក បើកក្នុងផ្លូវឆ្ងាយ ហើយវាជាម៉ូដែលថ្មី នៃយន្តហោះ Tu-160M និងយន្តហោះម៉ូ ដែលដំបូងTu-160។ ប៉ុន្តែប្រព័ន្ធផ្សព្វ ផ្សាយរុស្ស៊ី បានរាយការណ៍ថាវា ជាបច្ចេក វិទ្យាថ្មីសន្លាង ទាំងរូបរាងផងដែរ ទាស់តែ ឈ្មោះប៉ុណ្ណោះ ដែលគេយកដាក់ឈ្មោះ ស្រដៀងទៅនឹង Tu-160M។

ទោះបីជាយ៉ាងណាក្តី នៅក្នុងការអះ អាងមួយផ្សេងទៀត ដែលធ្វើឡើង ដោយ លោកឧត្តមសេនីយ៍ Viktor Bondarov មេបញ្ជាការទ័ពអាកាសរុស្ស៊ី កាលពីលើក ចុងក្រោយ បាននិយាយថា យន្តហោះ ទម្លាក់គ្រាប់បែកម៉ូដែលនេះ គេរំពឹងថា អាចហោះហើរ ជាលើកដំបូងរបស់ខ្លួន នៅចុងឆ្នាំ២០១៨ និងបន្ទាប់មក ការចាប់ ផ្តើមផលិតលក់ជាផ្លូវការ នៅក្នុងឆ្នាំ២០២១ ឯនណោះ៕ ម៉ែវ សាធី

 

 


ចែករំលែក៖