ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិបានបញ្ជាឱ្យអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសពិភាក្សា គ្នាត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ ចំពោះការប្រើប្រាស់យានយន្តពាក់ស្លាកលេខ ខ.ម. ខុសច្បាប់ ។
ការលេីកឡេីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាធ្វើឡើងបន្ទាប់ពីមានសេចក្តី រាយការណ៍ថា ករណីប្រើប្រាស់យានយន្ត ស្លាកលេខខេមរភូមិន្ទ (ខ.ម.) សម្រាប់ជាមធ្យោបាយខុសច្បាប់ក្នុងប្រទេសកម្ពុជា កើតឡើងជាថ្មីបង្កឡើងដោយជនស៊ីវិល ធម្មតា និងជនបរទេសថែមទៀតផង ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាការងារ បច្ចេកទេសទូទាំងកងយោធពលខេមរ ភូមិន្ទ(ខ.ភ.ម.)រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២)នៅទីបញ្ជាការកងពល តូចលេខ៧០កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ សម្តេចពិជ័យសេនាគូសបញ្ជាក់ យ៉ាងដូច្នេះថា «ស្លាកលេខ ខ.ម. មិនត្រូវ បំពាក់លើមធ្យោបាយដែលមិនបង់ពន្ធជូនរដ្ឋទេគឺត្រូវមានពន្ធទាំងអស់។ រថយន្តគ្រប់ ប្រភេទត្រូវគ្រប់គ្រងដោយអគ្គនាយកដ្ឋានសម្ភារ បច្ចេកទេសក្រសួងការពារជាតិ។ រថយន្តពាក់ស្លាកលេខ ខ.ម. មិនអនុញ្ញាតឱ្យបុគ្គលផ្សេងប្រើប្រាស់ ក្រៅពីស្ថាប័នកងឯកភាពនិងម្ចាស់រថយន្តនោះឡើយ» ។
សម្តេចបានបន្តថា «កន្លងទៅ ខ.ភ.ម. តែងតែទទួលការរិះគន់ពីមតិសាធារណជន ជាតិ អន្តរជាតិថា មានបរទេសឬជនស៊ីវិលឆ្លៀតឱកាសយករថយន្តស្លាកលេខ ខ.ម. ទៅប្រើប្រាស់ជាមធ្យោបាយខុសច្បាប់។ ចំពោះករណីនេះខ្ញុំសូមប្រគល់ភារកិច្ចជូន អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិសហការជាមួយកងរាជអាវុធ ហត្ថពិភាក្សាគ្នាដើម្បីរិះរកនីតិវិធីចាត់ចែង ការងារនេះឱ្យមានប្រសិទ្ធភាព» ។
ជាគោលការណ៍របស់រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិយានយន្តដែលអាច បំពាក់ស្លាកលេខខេមរភូមិន្ទបានគឺមាន៤ ប្រភេទរួមមានមធ្យោបាយគ្រប់ប្រភេទ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បំពាក់ជូន, មធ្យោបាយគ្រប់ប្រភេទ, ស្ថាប័ន កងឯកភាពទទួលបានពីដៃគូអភិវឌ្ឍន៍យោធា និងសប្បុរសជននានាជួយឧបត្ថម្ភ ស្នើសុំជាបន្ទុករដ្ឋៗបង់ពន្ធ, មធ្យោបាយ របស់បុគ្គល និងទិញសម្រាប់បម្រើការងារ ប្រចាំថ្ងៃ ហើយស្ម័គ្រចិត្តដាក់ក្រោមការគ្រប់ គ្រងរបស់ក្រសួងការពារជាតិនិងរថយន្តផ្ទាល់ខ្លួនស្នើសុំបំពាក់ស្លាកលេខ ខ.ម. សម្រាប់បម្រើការងារប្រចាំថ្ងៃជាដើម ៕ សុខដុម