ព័ត៌មានទាន់ហេតុការណ៍៖

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិច្រានចោលព័ត៌មានថា មានស្នេហាជាមួយប្រធានាធិបតីត្រាំ

ចែករំលែក៖

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានច្រានចោលនូវពាក្យចរចាមអារ៉ាម ដែលបានផ្សព្វផ្សាយតាមបណ្តាញអ៊ីនធើណេតថា លោកស្រីមានទំនាក់ទំនងស្នេហាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ។ លោកស្រីបានបញ្ជាក់ថា ព័ត៌មានខាងលើគឺខុសពីការពិតទាំងស្រុង។

សារព័ត៌មាន Guardian កាលពីថ្ងៃទី២៦ ខែមករា បានផ្សាយថា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ដែលជាមន្ត្រីក្រោមឱវាទរបស់លោកត្រាំ ដែលជាស្ត្រី ហើយបង្កឲ្យមានពាក្យចរចាមអារ៉ាម ពីទំនាក់ទំនងខុសប្រក្រតីជាមួយប្រធានាធិបតី ។

ពាក្យចរចាមអារ៉ាម បានផ្សព្វផ្សាយ តាមបណ្តាញ អ៊ីនធើណេត ក្រោយពេលអ្នកសារព័ត៌មាន Michael Wolff ជាអ្នកនិពន្ធសៀវភៅ Fire And Fury : inside the trump white house បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ថា «ជាការពិត» ប្រធានាធិបតីត្រាំ កំពុងតែមានទំនាក់ទំនងខុសប្រក្រតី។

លោកស្រី Haley បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន Politico ថា «ការចោទប្រកាន់នោះ មិនមែនជារឿងត្រឹមត្រូវនោះឡើយ» ។ លោកស្រី Nikki Haleyបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន Wolff មានកំហុសពីព័ត៌មាន នៅក្នុងសៀវភៅ ដែលលោកសរសេរថា «ប្រធានាធិបតីត្រាំ និងលោកស្រី Nikki Haley បានឆ្លងកាត់នូវពេលវេលាផ្ទាល់ខ្លួន នៅលើយន្តហោះ Airforce one សម្រាប់ដឹកប្រធានាធិបតី ។

លោកស្រីNikki Haley បញ្ជាក់ថា«ខ្ញុំបាននៅលើយន្តហោះ នោះតែម្តងគត់ ហើយមានមនុស្សជាច្រើន នៅក្នុងបន្ទាប់ជាមួយគ្នា»។

លោកស្រី Nikki Haley អាយុ៤៦ឆ្នាំ បានរៀបការ២០ឆ្នាំកន្លងមកហើយ មានកូនពីរនាក់ និងជាស្ត្រីដំបូងដែលបានតែងតាំងកាន់តំណែងអភិបាលរដ្ឋ south Carolina ជាជនជាតិអាមេរិកដើមកំណើតឥណ្ឌាទីពីរនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

លោកស្រី Nikki Haley ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពដ៏មានឥទ្ធិពលរបស់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលអនាគត។ លោកស្រីធ្លាប់បានប្រកាសថា មិនមែនជាអ្នកគាំទ្រដល់លោកត្រាំ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦នោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖