ខេត្តត្បូងឃ្មុំ ៖ ក្រោមការចង្អុលបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក និងខេត្តត្បូងឃ្មុំ បានចាត់វិធានការសម្ងាត់ផង ចំហផង បានបានតាមប្រមាញ់ និងចាប់បានជនសង្ស័យម្នាក់នារសៀលថ្ងៃសុក្រ១០កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈគេកំពុងសំងំគេចខ្លួននៅភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ចក់ សុខកៅ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងសហការីជំនាញៗរបស់លោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទ ហ៊ន បូរ៉ា ហៅ ប៉ែល ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ចាមបន្ទាប់ពីធ្វើសកម្មភាពប្លន់ម្តងហើយម្តងទៀត នៅខេត្តកំពង់ចាម តាំងពីឆ្នាំ២០១១, ២០១៣, ២០១៤ និង២០១៥ ហើយភាពព្រហើនរបស់គេបានជំរុញគេមកធ្វើសកម្មភាពលើកចុងក្រោយដោយប្លន់ម៉ូតូកាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៧ នៅឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ រួចគេចខ្លួនមិនដឹងទៅទីណា រហូតមកដល់ពេលនោះទើបសមត្ថកិច្ចស្រាវជ្រាវដឹងចាប់ខ្លួនបាន ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ចំពោះពលរដ្ឋល្អដែលបានរាយការណ៍ពីគោលដៅលាក់ខ្លួនរបស់ជនល្មើស និងជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុន ។ ជាពិសេសក៏សូមថ្លែងអំណរគុណ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី លោកអធិការស្រុកកែវសីមា និងសហការីដ៏សកម្មរបស់លោក ដែលបានជួយសហការចាប់ជនល្មើសរហូតទទួលលទ្ធផលជាវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននគរបាលខេត្តត្បូងឃ្មុំយកទៅប្រគល់ឲ្យស្ថាប័នតុលាការ ខេត្ត ដើម្បីចាត់ការតាមច្បាប់បន្ត ៕ សហការី