ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ គម្លាតរវាងអ្នកមាននឹងអ្នកក្រមិនអាចបំបាត់បានឡើយមានតែឃ្លាតកាន់តែឆ្ងាយជាងមុន

ចែករំលែក៖

ជាមនុស្សជាតិដូចគ្នា ហេតុអ្វីចាំបាច់ បែងចែក វណ្ណៈអ្នកមានអ្នកក្រ បើអ្វីគ្រប់ យ៉ាង នៅលើលោកយើងនេះ មិនអាចស្ថិត ស្ថេរជារៀងរហូតនោះ។ ដូចទស្សនៈពុទ្ធ សាសនា បានធ្វើការប្រៀបធៀប រវាងទារក ដែលទើបតែកើតមកភ្លាម នឹង មនុស្សចាស់ដែលបានដាច់ដង្ហើមស្លាប់ភ្លាម ។ចំណុចចាប់ផ្តើមនឹងចុងបញ្ចប់នៃជីវិតមនុស្សពិតជាមានន័យខ្លាំងណាស់រាល់ទារកកើតមក គឺដៃទាំងសងខាង បានក្តាប់យ៉ាងតឹង ជាការបង្ហាញថា នៅលើពិភពលោកអ្វី គ្រប់យ៉ាង គឺជារបស់«អញ» ។ តែនៅពេល ដាច់ខ្យល់ស្លាប់ភា្លម ដៃទាំងពីរ ក៏បានលា ត្រង់ ជាការបង្ហាញឲ្យឃើញថា អ្វីដែលខិតខំក្តាប់ទុកតាំងពីកើតមក គឺមិនអាចយក ទៅតាមបានឡើយ…។

បើទោះបីមនុស្សគ្រប់រូបបានដឹងច្បាស់ថា ខ្លួនមិនអាចគេចផុតពីក្តីស្លាប់បានក្តី ប៉ុន្តែនៅតែមានការប្រកាន់ខ្លួន ប្រកាន់អ្នក មាននិងអ្នកក្រ ធ្វើឲ្យគម្លាត របស់មនុស្សជាតិកាន់តែខ្លាំងឡើង។តាមរបាយការណ៍របស់ អង្គការOxfamបានចេញរបាយ ការណ៍បង្ហាញពីគម្លាតរវាងអ្នកមានបំផុត នឹងអ្នកក្របំផុតក្នុងពិភពលោក។ អង្គ ការOxfamបរិហារថា ជាគម្លាតធំធេងមិន ធ្លាប់មានទេ។ ទ្រព្យសម្បត្តិរឬក៏ធនធាន ៨២ភាគរយ ដែលពិភពលោករកបានក្នុងឆ្នាំ២០១៧កន្លងទៅ បានហូរចូលទាំងស្រុងក្នុងហោប៉ៅរបស់ក្រុមអ្នកមានបំផុត។

រៀងរាល់ឆ្នាំ អង្គការOxfamតែងតែ ចេញរបាយការណ៍ស៊ើបអង្កេតបង្ហាញពី គម្លាតរវាងអ្នកមាននឹងអ្នកក្រ។ ឆ្នាំ២០១៧ កន្លងទៅ តួលេខគម្លាតគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ដោយសារតែរបាយការណ៍ របស់Oxfam បង្ហាញថា ប្រជាជនជាអ្នក មានបំផុតលើពិភពលោក ប្រហែលជាមួយ ភាគរយ ទទួលបានធនធានទ្រព្យសម្បត្តិដែលពិភពលោករកបាន ដល់ទៅ៨២ភាគ រយ តែបើស្ថានភាពជីវភាពអ្នកក្របំផុតវិញ គ្មានអ្វីប្រែប្រួលទាល់តែសោះ។ ឧទាហរណ៍ ជាក់ស្តែង កម្មការិនីនៅប្រទេសបង់ក្លាដែសម្នាក់ ធ្វើការរកប្រាក់ ពេញមួយជីវិតរកបានស្មើត្រឹមនឹងប្រាក់ចំណូល៤ថ្ងៃ របស់ថៅកែក្រុមហ៊ុនយីហោសម្លៀកបំពាក់ធំបំផុត ក្នុងពិភពលោកប៉ុណ្ណោះ។

យោងតាមរបាយការណ៍Oxfam ពីខែ មីនា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ គេឃើញមានមហាសេដ្ឋីមានប្រាក់រាប់ ពាន់លានកើនចំនួនម្នាក់ថែមទៀត រៀង រាល់២ថ្ងៃម្តង។ ជាមធ្យម ទ្រព្យសម្បត្តិ មហាសេដ្ឋីទាំងនេះ បានកើនឡើង១៣ ភាគរយ រាល់ឆ្នាំ គិតតាំងពីឆ្នាំ២០១០។ នៅសហរដ្ឋអាមេរិក អ្នកមាន៣នាក់ ដែលមានទ្រព្យច្រើនជាងគេបំផុត មាន ទ្រព្យស្មើអ្នកក្របំផុតដែរ។ នៅបារាំងវិញ មានជនជាតិបារាំង៣២នាក់ មានប្រាក់ រាប់ពាន់លានហ្វ្រង់ មានទ្រព្យសម្បត្តិច្រើនដូចពលរដ្ឋក្រីក្របំផុត៤០ភាគរយក្នុង ស្រុកបារាំងដែរ។ ថៅកែក្រុមហ៊ុនធំៗ មួយចំនួន ដែលមានប្រាក់វាល់ពាន់លាន យើងក៏ប្រហែលស្គាល់ខ្លះដែរ ដូចជាលោក Zuckerberg ថៅកែហ្វេសប៊ុក លោក Bezos ថៅកែក្រុមហ៊ុនអាម៉ាហ្សូន ឬក៏លោក ប៊ីល ហ្គេតជាដើម។

អង្គការOxfamប្រាប់ថា រាល់ឆ្នាំ អង្គការតែងតែជំរុញឲ្យមេដឺកនាំរដ្ឋាភិបាលប្រទេសនានា ដែលមកប្រជុំគ្នា ក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោក នៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស ឲ្យពួកគេចាត់វិធានការដោះស្រាយគម្លាតនេះ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលធំៗបានសន្យាដែរថានឹងដោះស្រាយ តែការសន្យាដូចជាសន្យាតាមខ្យល់ដូច្នោះដែរ។ តើពួកគេ សន្យាឲ្យរួចពីមាត់ឬយ៉ាងណា ទើបបាន ជាគម្លាតអ្នកមានអ្នកក្រ នៅតែមិនអាច ដោះស្រាយបាន។ ប្រហែលអ្នកសន្យា ទាំងនេះ ពិបាកនឹងសម្រេចពាក្យសន្យា បាន ពួកគេប្រហែលជាគិតថា សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ដំណើរការ ទៅមុខ ដោយសារតែចំនួនមហាសេដ្ឋីកើន ឡើង និងដោយសារទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើងហើយមើលទៅ។ សម្រាប់អង្គ ការOxfam ចំនួនមហាសេដ្ឋីកើនឡើង ទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើង មិនមែន ជាសញ្ញាថា សេដ្ឋកិច្ចវិវត្ឍល្អទៅមុខនោះ ឡើយ។ ស្ថានភាពនេះបង្ហាញថាលក្ខ ខណ្ឌរស់នៅរបស់ជនក្រីក្រកាន់តែដុនដាបទៅវិញទេ។

ថៅកែរឬក៏អ្នកដឺកនាំក្រុមហ៊ុនរកចំណូលបានកាន់តែច្រើន។ កម្មករ កម្មការិនី ឬបុគ្គ លិក ខំធ្វើការឲ្យថៅកែ ស្ទើររកពេល សម្រាកគ្មាន តែប្រាក់ខែពួកគេនៅថារ ឬកើនតិចតួចប៉ុណ្ណោះ។ តើមានសមភាព ដូចម្តេចទៅកើតទៅ? ការដែលប្រជាជន ជាអ្នកមានបំផុត ១ភាគរយ ក្នុងពិភពលោក ទទួលបានធនធានពិភពលោកដល់ទៅ ៨២ភាគរយ ក្នុងឆ្នាំ២០១៧កន្លងទៅ មិនបង្ហាញទេរឬថា ក្រុមអ្នកមានរកចំណូលបានពីញើសឈាមរបស់កម្មករក្រីក្រ? នេះមិននិយាយពីលក្ខខណ្ឌការងារដ៏លំបាករបស់កម្មករនៅតាមប្រទេសក្រីក្រ ដូចជា បង់ក្លាដែស ឬឥណ្ឌា ដែលខំធ្វើការដើម្បីលើកស្ទួយភាពរុងរឿងរបស់សហគ្រាស អ្នកមានផង!

បើនិយាយពីរដ្ឋតាមប្រទេសមួយចំនួនវិញ រដ្ឋខ្លះគិតតែចង់ដំឡើងពន្ធទំនិញTVA រកថវិកាចូលជាតិ ចង់បន្ថយពន្ធសហគ្រាស លើកទឹកចិត្តសហគ្រាសទៅវិញ។ ទន្ទឹម នឹងពាក្យដែលយើងធ្លាប់លឮថា “អ្នកមាន ចេះតែមានទៅ”នោះ អង្គការOxfamក៏បាន លើកឡើងដែរ ពីបញ្ហាផ្សេងៗទៀត ដូច ជាការគេចពន្ធ ការលួចយកលុយទៅដាក់តាមធនាគារនៅក្រៅប្រទេស ដើម្បីគេច ពន្ធជាដើម។ ដើម្បីដោះស្រាយគម្លាតរវាង អ្នកមាន នឹងអ្នកក្រ ដើម្បីចែករំលែកធន ធានឬចំណូលពិភពលោកឲ្យបានស្មើគ្នា រវាងអ្នកមាននិងអ្នកក្រ អង្គការOxfam បានបង្ហាញសំណើមួយចំនួន ក្នុងនោះ អង្គការស្នើឲ្យអ្នកដឹកនាំប្រទេសនីមួយៗ ចាត់ចែងគ្រប់គ្រងលើក្រុមហ៊ុនពហុជាតិ។

ក្នុងសំណើដែលអង្គការ ផ្ញើឲ្យប្រធា នាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង គេឃើញថា អង្គការOxfamស្នើឲ្យមានការចែករំលែកធនធានឲ្យសមភាពគ្នាក្នុង សហគ្រាស រវាងអ្នកដឺកនាំ និងបុគ្គលិក នឹងម្ចាស់ភាគហ៊ុនផងដែរ។ ការពង្រឹងវិធានការប្រឆាំងការគេចពន្ធ ក៏ជាមធ្យោបាយ ជួយរកថវិកាឧបត្ថម្ភហិរញ្ញវត្ថុសាធារណៈ ដែលនេះជាការចូលរួមដោះស្រាយគម្លាត រវាងអ្នកមាននឹងអ្នកក្រ។ Oxfam មើលឃើញ ដែរថា ជាជាងផ្តោតការយកពន្ធលើពន្ធ ទំនិញ TVA គេគួរតែយកពន្ធលើទ្រព្យ សម្បត្តិមហាសេដ្ឋីកំពូលៗវិញ។

មិនដឺងថា សំណើទាំងនេះ អាចត្រូវ បានមេដឹកនាំប្រទេសនីមួយៗធ្វើតាម ឬ យ៉ាងណាទេ ព្រោះអង្គការOxfam បង្ហាញគម្លាតអ្នកមានអ្នកក្ររាល់ឆ្នាំ តែក៏នៅតែមិនអាចដោះស្រាយបញ្ហាវិសមភាពនេះបានដែរ៕ ម៉ែវ សាធី


ចែករំលែក៖