កន្លងមកអាមេរិកបានចោទប្រកាន់រុស្ស៊ី ថាបានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកបង្កឲ្យមានវិវាទកាន់តែខ្លាំង រវាងអាមេរិក នឹងរុស្ស៊ី។ នៅពេលនេះវិញរុស្ស៊ីក៏បានចោទប្រកាន់អាមេរិក វិញម្តងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងនៃការបោះឆ្នោតរុស្ស៊ី។
អ្នកនំាពាក្យវិមានក្រិមឡាំង លោក Dmitry Peskov បានថ្លែងកត់សម្គាល់ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី គឺមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតី រុស្ស៊ី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
លោក Dmitry Peskov បានថ្លែងបែបនេះនៅចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជា នឹងចេញរបាយការណ៍មួយពាក់ព័ន្ធនឹង ការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក៏ដូចជា ការបន្ថែមឈ្មោះសហគ្រាស ឬក្រុមហ៊ុន រុស្ស៊ីមួយចំនួនទៅក្នុងបញ្ជីខ្មៅត្រូវជាប់ ទណ្ឌកម្មអាមេរិក។ ដោយឡែកទាក់ទិន នឹង ការបោះឆ្នោតប្រធានាធិបតី អ្នកនាំ ពាក្យរូបនេះបានគូសបញ្ជាក់ថា វិមានក្រិម ឡាំងមិនបានចាត់ទុកថា មេដឹកនាំបក្ស ប្រឆាំង លោក Alexei Navalny ជាអ្នក គំរាមកំហែងផ្នែកនយោបាយនោះទេ ហើយថាការធ្វើបាតុកម្មប្រឆាំងនឹងប្រធានា ធិបតី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃ អាទិត្យ គ្រាន់តែជារឿងធម្មតា គ្មានអ្វី សំខាន់ឡើយ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិជា ច្រើន លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានា ធិបតីនៅថ្ងៃទី៨ ខែមីនា នៅក្នុងបរិបទ ដែលមានការចោទប្រកាន់ជាច្រើនថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង។
ចំណែកអាមេរិកវិញ នៅពេលនេះក៏ បានចោទប្រកាន់រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោត សភាអាមេរិកពាក់កណ្តាលអាណត្តិដែលត្រូវធ្វើឡើងនៅចុងឆ្នាំ២០១៨នេះ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក Mike Pompeo បានអះអាងថា រុស្ស៊ីនឹងបន្តជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិនៅ ឆ្នាំ២០១៨នេះ។ លោក Pompeo ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ដែលចុះផ្សាយនៅថ្ងៃ អង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃចន្ទ លោក Mike Pompeo បានឲ្យដឹងទៀតថា មកទល់ពេលនេះ គ្មានសញ្ញាណាមួយបញ្ជាក់ថា ទីក្រុងមូស្គូ បោះបង់ចោលការ ព្យាយាមលូកដៃចូល ក្នុងកិច្ចការបោះឆ្នោតនៅអឺរ៉ុប និងសហ រដ្ឋអាមេរិកនោះឡើយ។ នាយក CIA រូប នេះបន្ថែមដូច្នេះថា «យើងគឺជាសេវាកម្ម ចារកម្មដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយយើង នឹងធ្វើការងាររបស់យើងឲ្យ បានល្អ ក្នុងនាមប្រជាជនអាមេរិក ដើម្បី ទប់ស្កាត់រាល់ចេតនាអាក្រក់ មកលើសហ រដ្ឋអាមេរិក»។
ទីភ្នាក់ងារចារកម្មអាមេរិកធ្លាប់បាន និយាយថា ពួកគេជឿជាក់ ថារុស្ស៊ីបាន ជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោត អាមេរិកកាលពីឆ្នាំ២០១៦ បើទោះជាទី ក្រុងមូស្គូបដិសេធយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៨ អ្នកនាំពាក្យវិមានក្រិម ឡាំង លោក Dmitry Peskov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា កំពុងប្រើប្រាស់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹង ទីក្រុងមូស្គូ ដើម្បីជ្រៀតជ្រែក និងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែ មីនា ខាងមុខនេះ៕ ម៉ែវ សាធី