ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកនឹងម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូដោយសារបើកបរបញ្រ្ចាសទិសគ្នា ពី កើតទៅលិច បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ២នាក់របួសធ្ងន់ ព្រមទាំងខូចខាត ម៉ូតូទាំងសងខាង ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើដងផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការស្រុកប្រាសាទបាគងបានប្រាប់នៅល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០១៨នេះថា បន្ទាប់ពីមានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ថា មានករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦រវាងម៉ូតូនិងម៉ូតូ លោកបានឲ្យកម្លំាងនគរបាលជំនាញបានចុះទៅពិនិត្យនិងវាស់វែង ដើម្បីយកម៉ូតូទាំងសងខាង ចេញកុំឲ្យកកស្ទះចរាចរណ៍។

ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ ប៉ុន ប៉ុក ភេទស្រីអាយុ៣៤ឆ្នាំរស់នៅភូមិល្អក់ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប(ជាអ្នកឌុប) បានបើកបរ ពីកើតមកលិច ម៉ូតូម៉ាក ហុងដា ពណ៌ ឆ្នាំ២០១៧ គ្មានស្លាកលេខ ចំណែក អ្នកជិះពីក្រោយ ឈ្មោះ ហៀង ភេទស្រី រស់នៅភូមិដូចគ្នា(រងរបួសធ្ងន់)រីឯជនបង្ក មានឈ្មោះ ចាន់ ចិន្តា ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ដូនស្វា ឃុំ ចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប (របួសធ្ងន់) បើកបរពីលិចមកកើត ម៉ូតូម៉ាក ពណ៌ខ្មៅC១២៥ពាក់ស្លាក លេខសៀមរាប១.O.០៧៧៥ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។មូលហេតុ ជនបង្កចាន់ ចិន្តា ភក្តី ភេទប្រុស បើកបរ មិនប្រកាន់ស្តាំ ទើបបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍។

បច្ចុប្បន្ន សពស្ត្រីជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក វត្ថុតាងទាំងសងខាង យកមករក្សាទុកនៅអធិការដ្ឋានបាលស្រុក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តទៅតាមផ្លូវច្បាប់។ រីឯ ជនរងគ្រោះ សងខាង ប្រុស ស្រី ទាំង ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ ប៊ុន​រិទ្ធី​


ចែករំលែក៖