ព័ត៌មានទាន់ហេតុការណ៍៖

ទើបតែរៀបការបាន៨ខែចងកសម្លាប់ខ្លួនព្រោះឈ្លោះនឹងប្តីរឿងលុយចំណងដៃ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ទើបតែរៀបការបាន៨ខែបានសម្រេចចិត្តធ្វើអត្តឃាតដោយ ចងក បញ្ចប់ជីវិតក្នុងបន្ទប់ជួលសង្ស័យតូចចិត្តនឹងប្តីឈ្លោះគ្នារឿងលុយចំណងដៃ រហូតដល់ប្តីចុះចេញពីផ្ទះទៅរស់នៅជា មួយឪពុកម្តាយវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច នៅផ្ទះជួលលេខ៩០ បន្ទប់លេខ២៨ ផ្លូវ បេតុង ក្នុងភូមិស្លែងរលើង សង្កាត់អូរបែក ក្អម ខណ្ឌសែនសុខ ។

ស្រ្តីរងគ្រោះឈ្មោះ សេន វឌ្ឍនា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្រាបៀរ ស្នាក់ នៅបន្ទប់ជួលលេខ២៨ ផ្លូវបេតុង ក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិដោម ឃុំតាអូ ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រភពពីបុរសម្នាក់ឈ្មោះ កាន់ ពិសាល អាយុ២០ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះ ជួលបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រី២នាក់បានមករកនារីរងគ្រោះនៅបន្ទប់កើតហេតុខាងលើ ប៉ុន្តែដោយសាទ្វារបន្ទប់កើតហេតុខាងលើជាប់គន្លឹះពីក្នុង គាត់ក៏បានយកសោទៅចាក់ដើម្បីបើកទ្វារឲ្យចូលទៅស្រាប់តែឃើញនារីរងគ្រោះចងកនឹងចម្រឹងបង្អួចដោយខ្សែកំណាត់ស្លាប់បាត់ទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។

ស្ត្រីម្នាក់ឈ្មោះ គឹម ផាន់នី អាយុ៦០ឆ្នាំ ជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីវេលា ម៉ោង៣រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ កូនស្រីរបស់គាត់បានទូរស័ព្ទពី កន្លែងធ្វើការមកប្រាប់គាត់ថា «ប្តីរបស់ខ្ញុំបានផ្ញើសារមកប្រាប់ខ្ញុំថា គាត់យកខោអាវចេញទៅស្នាក់នៅខាងក្រៅមួយរយៈសិន ព្រោះនៅទីនេះយើងចេះតែឈ្លោះគ្នា»។ គាត់ក៏ប្រាប់ទៅកូនស្រីវិញថា «បើអ៊ីចឹងកូន កុំគិតច្រើនពេកទៅផ្ទះវិញញ៉ាំបាយហើយ បិទទ្វារចាក់គន្លឹះឲ្យស្រួលបួល កុំមានគំនិត គិតខ្លីឲ្យសោះ» រួចគាត់ក៏បិទទូរស័ព្ទទៅ ។ មួយសន្ទុះក្រោយមកគាត់បានទូរស័ព្ទទៅកូនស្រីវិញស្រាប់តែកូនស្រីរបស់គាត់មិនលើកទូរស័ព្ទ ហើយគាត់ខំប្រឹងព្យាយាម ទូរស័ព្ទទៅទៀតតែកូនស្រីនៅតែមិនលើក។ ពីមួយថ្ងៃទៅមួយថ្ងៃគាត់ខំព្យាយាមទូរស័ព្ទទៅកូនស្រីតែនៅតែមិនលើកនិងបានទៅរកកូនស្រីរបស់គាត់នៅឯផ្ទះដន្លងឯខេត្តកំពង់ស្ពឺតែមិនឃើញកូនស្រីរបស់គាត់សោះ។

រហូតដល់ថ្ងៃកើតហេតុគាត់ក៏បានទៅ រកកូនស្រីគាត់នៅឯបន្ទប់ជួលកើតហេតុ។ ពេលទៅដល់ស្រាប់តែឃើញទ្វារបន្ទប់ចាក់គន្លឹះពីក្នុង ហើយគាត់ក៏បានទូរស័ព្ទទៅកូនស្រីទៀតតែមិនឆ្លើយតប។ ពេលនោះគាត់ក៏ហៅឲ្យអ្នកមើលការខុសត្រូវបន្ទប់ជួលនោះយកកូនសោមកចាក់មើលស្រាប់តែឃើញកូនស្រីរបស់គាត់ចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

បើតាមសម្តីបុរសឈ្មោះ កូយ ចាន់រ៉ា អាយុ២៧ឆ្នាំ ជាជាងធ្វើស្លាកយីហោត្រូវជាប្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា គាត់ និងប្រពន្ធបានរៀបការជាមួយគ្នាអស់រយៈពេល៨ខែមកហើយ។ ក្នុងអំឡុង៨ខែនេះតែងតែមានរឿងរកាំរកូសឈ្លោះប្រកែកគ្នារហូតព្រោះរឿងលុយចំណងដៃ។ ដោយសារ ពេលរៀបការបានទៅធ្វើពិធីមង្គលការនៅផ្ទះរបស់គាត់ ហើយលុយចំណងដៃដែលបានពីខាងស្រីត្រូវបានឪពុកម្តាយខាងស្រីប្រគល់ឲ្យពួកគាត់ទាំង២ទុក ដោយឡែក លុយចំណងដៃដែលបានពីខាងប្រុសត្រូវបានឪពុកម្តាយរបស់គាត់យកទុកដើម្បី សងអីវ៉ាន់គេ ដូច្នេះហើយទើបបង្កឲ្យប្រពន្ធ ខឹងរហូតមក ។

ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅមុនថ្ងៃកើតហេតុ នាងតែងតែឈ្លោះប្រកែក និងជេរឪពុកម្តាយក្មេករហូត។ លុះដល់ថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០១៨ គាត់ក៏បាន សម្រេចចិត្តចាកចេញពីប្រពន្ធមួយរយៈ ទៅនៅផ្ទះម្តាយដើម្បីកុំឲ្យចេះតែឈ្លោះគ្នាច្រើនពេក ប៉ុន្តែដល់វេលាកើតហេតុស្រាប់តែម្តាយក្មេកទូរស័ព្ទប្រាប់ថា ប្រពន្ធគាត់ បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ស្ត្រីរង គ្រោះពិតជាស្លាប់ដោយការចងកសម្លាប់ ខ្លួនប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើ បុណ្យទៅតាមប្រពៃណី ៕ តុង សីហា


ចែករំលែក៖