ប្រទេសថៃ៖ នៅវេលាម៉ោង១១និង៣០ នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ អាទិត្យ ១ រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស. ២៥៦១ សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជួបសវនការ និងសម្តែងការគួរសមជាមួយ លោក សាស្រ្តាចារ្យ ផនពេជ្រ វិឆឹតឆុលឆៃ Pornpetch Wichitcholchai ប្រធានសភានីតិប្បញ្ញត នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅអគាររដ្ឋសភា១។
សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខណ្ឌនីតិប្បញ្ញត ដែលកាន់តែមានលក្ខណៈប្រសើរ និងជិតស្និតជាលំដាប់ តាមរយៈការផ្លាស់ប្តួរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញរបស់សភា សំដៅផ្លាស់ប្តូរបទពិសោធន៏ ចំណេះដឹង និងការអនុវត្តជាក់ស្តែង អំពីកិច្ចការសភា បន្ថែមលើការជួយគាំទ្រពីគ្នាទៅវិញទៅវិញទៅមកលើវេទិកាសភាតំបន់ និងអន្តរជាតិ។
ឆ្លើយតបទៅនឹងមតិសម្តេចប្រធានរដ្ឋសភា លោកសាស្រ្តាចារ្យ ផនពេជ្រ វិឈីតឆូលឆៃ Pornpet Vichitcholchai បានលើកទ្បើងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយះពេល ៦៨ ឆ្នាំហើយ។ ហើយដំណើរទស្សនកិច្ចរបស់សម្តេច និង ថ្នាក់ដឹកនាំជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ បានធ្វើអោយចំណងមិត្តភាព កម្ពុជា ថៃ កាន់តែរឹងមាំទ្វេរដងថែមទៀត។ ថ្នាក់ដឹកនាំ នៃស្ថាប័ននិតិប្បញាតិទាំងពីរ បានសន្យាបន្តផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកនៅគ្រប់កំរិត។ កាលពីខែតុលា ឆ្នាំ ២០១៨ សភានិតិបញ្ញាតិ ថៃទ្បងដ៏ ក៏បានបញ្ជូលសមាជិកខ្លួនមកចូលរួមប្រជុំ សភាអាសុីប៉ាសុីហ្វិក ដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា។ ភាគី ទាំងពីរតែងតែជួបពិភាគ្សា ទ្វេភាគីនៅរាល់ការប្រជុំអន្តរជាតិនានា ដូចជា AIPA (អៃប៉ា) APA ( សភាអាសុីប៉ាសុីហ្វិក) និង IPU (អន្តរសភា) ។
សម្តេចប្រធាន ក៏បានលើកទ្បើងដែរថា ប្រទេសទាំងពីរ ប្រៀបបាននិងបងប្អូន និងមានទំនាក់ទំនងនិងគ្នាមានប្រវត្តិយូរលុងមកហើយ ដោយសារមានវប្បធ៌ម អរិយធ៌ម និង សាសនា ស្រដៀងនិងគ្នា ៕ ហេង សូរិយា