ភ្នំពេញ៖ កងទ័ពកម្ពុជាប្រមាណជាង២០០នាក់ និងកងទ័ពចិន១៩០នាក់នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត សមយុទ្ធប្រឆាំងភេរវកម្ម និងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នារយៈពេល១៥ថ្ងៃ នៅក្នុងពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ខាងមុខនេះ នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ហើយសមយុទ្ធនេះ ក៏ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីបើកកិច្ចប្រជុំនិងចុះត្រួតពិនិត្យទីលានប្រយុទ្ធ រួមគ្នាជាមួយភាគីចិននាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះនៅភ្នំម្រះព្រៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយកទីចាត់ការហ្វឹកហ្វឺន នៃ កងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជា ជនប្រមាណជិត៥០០នាក់ នឹងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា «នាគមាសឆ្នាំ២០១៨» រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ខាងមុខនេះលើវិធានបទជាច្រើនដូចជាការកម្ទេចសម្បុកភេរវកម្ម និងការ សង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះធម្មជាតិអ្វីផ្សេងៗជាដើម។
បើតាមលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលធ្វើសម យុទ្ធនោះភាគីកម្ពុជា និងភាគីចិននឹងបំពាក់គ្រឿងសម្ភារៈជាច្រើនផងដែរ ដែលសម្ភារៈទាំងនោះ ភាគច្រើនសំដៅចំពោះសព្វាវុធធន់ធ្ងន់ និងទំនើបៗ។ យ៉ាងណាក៏ដោយលោកនាយឧត្តមសេនីយ៍បានលើកឡើងទៀតថា ការធ្វើសមយុទ្ធជាមួយនិងភាគីចិននេះពុំមែនជាការគំរាមកំហែងដល់បុគ្គលណាឬប្រទេសណានោះឡើយ គឺធ្វើឡើងដើម្បីលើកស្ទួយសមត្ថភាពរវាងកង ទ័ពនៃប្រទេសទាំងពីរតែប៉ុណ្ណោះ។
សូមរំលឹកថា នៅក្នុងកិច្ចប្រជុំពិភាក្សានោះភាគីទាំងពីរក៏បានឯកភាពគ្នាយកទីតាំងភ្នំ ម្រះព្រៅធ្វើជាទីលានបាញ់គ្រាប់ពិត ហើយគ្រាប់ដែលនឹងត្រូវបាញ់ពេលធ្វើសមយុទ្ធនោះរួមមានបាញ់រថពាសដែក បាញ់កាំភ្លើងត្បាល់ និងបាញ់កាំជ្រួញចំងាយឆ្ងាយពីលើអាកាស និងបាញ់កាំភ្លើងយន្តជាច្រើនទៀត៕ ហេង សូរិយា