ព័ត៌មានទាន់ហេតុការណ៍៖

បារាំងប្រឈមនឹងការធ្លាក់ព្រិលយ៉ាងក្រាស់ខុសប្រក្រតី

ចែករំលែក៖

ចរាចរណ៍នៅតំបន់ជាច្រើនក្នុងប្រទេសបារាំង ត្រូវបានបិទ ដោយសារតែអាកាស ធាតុត្រជាក់ ធ្លាក់ព្រិលយ៉ាងក្រាស់គ្រប់ ដណ្តប់នៅតំបន់ភាគខាងជើងប្រទេស រួមទាំងរដ្ឋធានីប៉ារីស និងទីតាំងនៅជុំវិញ នោះ។

នៅទីក្រុងប៉ារីស តំបន់ទេសចរណ៍ទួ Eiffel Tower ក៏ត្រូវបានបិទមិនឲ្យភ្ញៀវ ទេសចរចូលទស្សនាផងដែរ ខណៈព្រិលកើន ឡើងដល់កម្រាស់ ប្រមាណ ១៥សង់ទី ម៉ែត្រ ហើយសីតុណ្ហភាពចុះត្រជាក់ជិត ដល់ ១០អង្សាសេ នៅក្នុងទីក្រុងប៉ារីស និងតំបន់ផ្សេងៗទៀតនៅភាគខាងជើង ប្រទេសបារាំង។

ទោះបីជាទេសភាពនៅក្នុងតំបន់ ដែលគ្របដណ្តប់ដោយផ្ទាំងព្រិលសក្បុសមើលទៅស្រស់ត្រកាលយ៉ាងណាក្តី លក្ខខណ្ឌ អាកាសធាតុបែបនេះ បានបង្កការកកស្ទះ ចរាចរណ៍ជាខ្លាំង ដោយបណ្តាលឲ្យអ្នក ដំណើរទៅណាមកណាពុំរួច ជើងហោះ ហើរនិងរថភ្លើងត្រូវពន្យារពេល និងបណ្តាញរថយន្តក្រុងត្រូវជាប់គាំងជាដើម។

អាកាសធាតុត្រជាក់ បានវាយលុកយ៉ាងពេញទំហឹងនៅក្នុងប្រទេសបារាំង។ តំាងពីយប់ថ្ងៃអង្គារឆ្លងមកព្រឹកថ្ងៃពុធនេះ ព្រិលបានធ្លាក់យ៉ាងសម្បើមអស្ចារ្យនៅទីក្រុងប៉ារីសនិងនៅតំបន់ជាងមួយភាគបួនក្នុងភាគខាងជើងប្រទេសបារាំង។ ការធ្លាក់ ព្រិលនេះ បានបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងនៅក្នុងការដឹកជញ្ជូនសាធារណៈ។

ដើម្បីទប់ទល់នឹងអាកាសធាតុដ៏សែនត្រជាក់នេះ រដ្ឋាភិបាលបារាំង បានចាត់ វិធានការ រៀបចំទីកន្លែងសម្រាប់ទទួលអ្នកឥតទីជម្រកជាង ១០០០កន្លែងទៀតនៅ ទូទាំងប្រទេស បន្ថែមពីលើចំនួនមជ្ឈ មណ្ឌលជាង ១ម៉ឺន៣០០០កន្លែង ដែល បានបើកទ្វារហើយដើម្បីទទួលអ្នកឥត ជម្រកស្នាក់នៅពេញមួយរដូវត្រជាក់។

ទន្ទឹមនេះ ក្រសួងដឹកជញ្ជូនខាងរថភ្លើង បារាំង បានទូន្មានដល់ប្រជាជន ឲ្យលើក ពេលនៃការចេញដំណើរ ចំណែកអាជ្ញាធរ វិញ បានអំពាវនាវកុំឲ្យប្រជាជនបើករថយន្តទៅធ្វើការ ដោយសារតែព្រិល បានធ្លាក់ ខ្លាំងពេកឥតឈប់ឈរ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃអង្គារកន្លងទៅ ប្រជាជនជាច្រើនពាន់នាក់ បាននាំគ្នាទៅស្នាក់អាស្រ័យនៅតាមមជ្ឈមណ្ឌលនានានៅទីក្រុងប៉ារីសនិងជាយក្រុងប៉ារីស ក៏ដូចជានៅតាមទីចំណតអយស្ម័យយាន ឬក៏ព្រលានយន្តហោះ។ ម្យ៉ាងទៀត តំបន់ ជាង ៣០កន្លែងរួមទាំងទីក្រុង ប៉ារីស ត្រូវស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្ន ខ្ពស់តាំងពីយប់ថ្ងៃអង្គារមកទល់ថ្ងៃពុធ។ ក្រសួងឧតុនិយមបារាំង បានគ្រោងទុកថា ជារួម ព្រិល ធ្លាក់ក្នុងកម្រាស់ពី៧ទៅ ១៥ Cm ឬ ក៏រហូតដល់ទៅ២០cm នៅតំបន់ប៉ារីសក៏ដូចជានៅភាគខាងកើតនៃតំបន់ Pays de la Loire និង L’Aisne ។

នៅព្រឹកថ្ងៃពុធនេះ ព្រិលបានបន្តធ្លាក់យ៉ាងសម្បើមនៅតាមចិញ្ចើមថ្នល់នានា ក្នុងរដ្ឋធានី ជាហេតុធ្វើឲ្យអ្នកបើកបរយានយន្តជាច្រើនត្រូវជាប់គាំងនិងបោះបង់យានជំនិះរបស់ខ្លួនចោលនៅលើផ្លូវជាតិលេខ ១១៨ ភាគនិរតីនៃទីក្រុងប៉ារីសដើម្បីរកទីជម្រកវិញ៕ ម៉ែវ សាធី

 

 


ចែករំលែក៖