ភ្នំពេញៈ ក្រុមចោរឆក់ ប្លន់យ៉ាងសកម្ម៣នាក់ ដែលប៉ាវផ្តាច់នៅតំបន់ខណ្ឌសែនសុខ និងខណ្ឌទួលគោក ហើយតែងតែធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់ ដោយប្រើកាំភ្លើងបាញ់គ្រាប់ឃ្លី ប្លន់យកទ្រព្យសម្បតិពីប្រជាពលរដ្ឋតាមដងផ្លូវជាញឹកញាប់នោះ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ កាលពីថ្ងៃព្រហស្បត៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
គួររំលឹកផងដែរថា មុនពេលឈានដល់ចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់បានរាយការណ៍ទៅកាន់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយប្រាប់ថា រូបគាត់ឃើញក្មេងស្ទាវ២នាក់ ជិះម៉ូតូ១គ្រឿង បានយកកាំភ្លើងភ្ជង់ក្រុមក្មេងស្ទាវផ្សេងទៀត នៅចំណុចផ្លូវរថភ្លើង ម្តុំត្រឡោកបែក ផ្លូវលេខ៥៩៨ ព្រុំប្រទល់ខណ្ឌទួលគោក និងខណ្ឌសែនសុខ ។
ភ្លាមនោះឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាកម្លាំងចេញប្រតិបត្តិការ ចុះបង្ក្រាបក្មេងស្ទាវទាំងនោះជាបន្ទាន់ ពេលអាវុធហត្ថរាជធានីភ្នំពេញទៅដល់ ចំណុចមុខសួនធម្មជាតិផ្លូវលេខ៥៩៨ ក៏បានឃើញអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ រួមជាមួយប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ ដោយដកហូតកាំភ្លើងខ្លី១ដើម ម៉ាកឡុក ១៧ បាញ់គ្រាប់ឃ្លី មានបង់១ គ្រាប់៧គ្រាប់ ក៏ទទួលយកមកសាកសួរ ។
ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ សែន ពន្លឺ អាយុ១៨ឆ្នាំ មុខរបរនិស្សិត និងទី២.ឈ្មោះ តាំង សារ៉ារិទ្ធី អាយុ១៥ឆ្នាំ មុខរបរសិស្ស បានសារភាពថា នៅថ្ងៃចាប់ខ្លួន រូបគេទាំង២នាក់នោះ គឺពួកគេបានធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់យកទូរស័ព្ទដៃព្រមទាំងសម្ភារមានតម្លៃផ្សេងទៀត ពីប្រជាពលរដ្ឋ តែចៃដន្យទៅដល់រង្វង់មូលកាំកូស៊ីធី ស្រាប់តែឃើញ ក្រុមចោរឆក់មួយក្រុមផ្សេងទៀត មានគ្នា៤ម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវ ក្នុងតំបន់របស់ខ្លួន ទើបពួកគេទាំង២នាក់ ដេញតាមវាយ និងដកកាំភ្លើងភ្ជង់ គម្រាមក្រុមចោរឆក់ទាំងនោះ កុំឲ្យរកស៊ីក្នុងតំបន់របស់ខ្លួនទៀត ហើយក្រុមចោរឆក់ទាំងនោះ ក៏បានរត់គេចខ្លួនបាត់អស់ទៅ ។ ខណៈនោះស្រាប់តែកម្លាំងអាវុធហត្ថដែលកំពុងអន្តរាគមន៍នៅក្បែរនោះក៏ស្ទាក់ និងចាប់ខ្លួនពួកគេបានទាំង២នាក់តែម្តង ។ លុះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ មាន ធារ៉ា អាយុ១៦ឆ្នាំ មុខរបរសិស្ស ដែលតែងធ្វើសកម្មភា ឆក់ ប្លន់ជាមួយជនសង្ស័យទាំង២នាក់ខាងលើ។
ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានដកហូតកាតឥណទានចំនួន៣សន្លឹក និងលិខិតឆ្លងដែន(ប៉ាស្ព័រ) ចំនួន២ច្បាប់។ ដូច្នេះសូមអំពាវនាវដល់ម្ចាស់កាតនិងប៉ាស្ព័រ មកទទួលយកសម្ភារខ្លួនវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ឬទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 012 66 77 98 / 096 766 77 98 / 097 766 77 98 ៕ ស តារា