ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងជើងចាស់អ្នកនាង អម្ពរទេវី ចង់មករស់នៅស្រុកខ្មែរវិញ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរទេវី បានវិលមកសម្តែងជាថ្មី ក្រោយពីស្នាដៃទើបនឹងសម្តែងរបស់អ្នកនាងទទួលបានជោគជ័យខ្លាំង។ ក្រៅពីការវិលមកសម្តែង អ្នកនាងក៏មានបំណងវិលមករស់នៅកម្ពុជាវិញដែរ ។

តារាសម្ដែងល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បានកោតសសើរក្រុមការងារផលិតកម្ម Red Picture ដែលកំពុងថតរឿង «ឆន្ទា»ដែលតារាសម្ដែងជើងចាស់រូបនេះ កំពុងសម្ដែងក្នុងប្រទេស កម្ពុជា។ ការកោតសសើរ ព្រោះតែភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការថត ធ្វើឲ្យអ្នកនាងទុកចិត្តសម្រាប់ស្នាដៃមួយនេះ។ អ្នកនាងបង្ហើបថា ក្រោយការសម្តែងជាមួយក្រុមការងារផលិតកម្មកន្លងមក គឺអ្នកនាងពេញចិត្តជាខ្លាំងនឹងការបច្ចេកទេស និងសមត្ថភាពភាពអត់ធ្មត់របស់ផលិតករ។

អ្នកនាងថា វាក៏ជាហេតុធ្វើឲ្យអ្នកនាងគិតថាអាចនឹងពិចារណាវិលមកសម្តែងស៊ប់ និងរស់នៅកម្ពុជាវិញនៅថ្ងៃណាមួយ។ អ្នកនាងលើកឡើងថា ដោយសារចង់មកសម្តែង នឹកស្រុកកំណើត ពិសេសនៅតែចង់ទទួលទាននូវអាហារខ្មែរ ទើបអ្នកនាងមិនចង់ឃ្លាតពីទឹកដីកំណើត។

អ្នកចាត់ការទូទៅរបស់ផលិតកម្ម Red Picture ម្នាក់បានលើកឡើងថា ការសម្តែងរបស់អ្នកនាង អម្ពរ ទេវីនៅតែល្អបើទោះបីជាភាសាមួយចំនួនតួចអ្នកនាងនៅមិនទាន់ថ្នឹកដូចមុនក្តី។ លោកថា អ្នកនាងបានព្យាយាមច្រើនដើម្បីការសម្តែងឲ្យប្រាកដថា នឹងធ្វើឲ្យទស្សនិកជនជក់ចិត្តនឹងការសម្តែងរបស់អ្នកនាង។ ការផ្ដេជ្ញាចិត្តខ្ពស់ពីតារាសម្ដែងល្បីឈ្មោះដូច្នេះហើយ ទើបធ្វើឲ្យផលិតកម្ម មានក្ដីរំពឹងខ្ពស់ថា ខ្សែភាពយន្តរឿង «ឆន្ទា» នឹងទទួលការគាំទ្រខ្លាំងពីទស្សនិកជនពេលចាក់បញ្ចាំងជាផ្លូវការ ។

គេចាំបានថា បច្ចុប្បន្នអតីតតារាសម្តែង អម្ពរទេវី កំពុងរស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់ គឺកូនប្រុសបងឈ្មោះ ភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍៨០ និងក្នុងទសវត្សរ៍៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាង អម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗ រួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម ៕ វឌ្ឍនា


ចែករំលែក៖