ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ព្រៃសរៀបចំពិធីប្រណាំងគោក្នុងគោលបំណងរក្សាប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ ប្រណាំងគោលឿនគឺជាទំនៀមទំលាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលរបស់ប្រជាកសិករខ្មែ។ ពិធីនេះគេតែងតែធ្វើឡើងក្រោយរដូវច្រូតកាត់បង្ហើយជាមួយគ្នានិងពិធីបុណ្យដាលៀនភូមិផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃអាទិត្យ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥ ៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ បានរៀបចំពិធីប្រណាំងគោលឿន នៅវាលស្រែដ៏ធំមួយស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកជំទាវ គង់ សំអូន ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃស។

លោក ខាត់ សុខៃ បានបញ្ជាក់ប្រាបដឹងថា ពីធិប្រណាំងគោនេះគឺលោកតែងតែបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩មកម្លេះ រហូតដល់ពេលនេះ៣៨លើកមកហើយ។ លោកថា នេះជាលើកទី៣៩ ដែលលោកតែងតែធ្វើពិធីនេះក្នុងគោលបំណងរក្សាទំនៀមទំលាប់ប្រពៃណីជាតិរបស់ខ្មែរយើង ដែលប្រជាកសិករចូលចិត្តលេងប្រណាំងគោក្រោយរដូវច្រូតកាត់ជាមួយនិងបុណ្យដាលៀនភូមិរបស់អ្នកភូមិខ្មែរ។

លោក វើក សាមឿន ក៏បានឲ្យដឹងដែរថា ពិធិប្រណាំងគោនេះលោកក៏បានធ្លាប់ស្នើទៅគណៈកម្មាធិការអូឡាំពិកឲ្យដាក់បញ្ចូលកីឡាប្រណាំងគោលឿន ក្នុងគោលបំណងរក្សាវប្បធម៌របស់ខ្មែរកុំឲ្យបាត់បង់សត្វគោ។ លោកថា សត្វគោបាន ជួយមនុស្សយើងច្រើនណាស់ កាលពីក្នុងសម័យសង្គ្រាមគេយកគោជួយអូសទាញអាវុធធុនធំ និងដឹកគ្រាប់រំសេវ។ ក្នុងរដូវវស្សាគោបានជួយភ្ជួររាស់ស្រែរបស់ប្រជាកសិករ រហូតដល់ច្រូតបង្ហើយគឺប្រជាកសិករខ្មែរយើ តាមភូមិស្រុកតែងតែបានអួតអាងអំពីគោរបស់ខ្លួន ទើបពួកគេបង្កើតឡើងជាការប្រកួតប្រណាំងគោលឿនរហូតមកដល់បច្ចុប្បន្ននេះ។

លោក ខាត់ សុខៃ ក៏បានបន្ថែមថា នៅក្នុងទស្សវត្តឆ្នាំ៨០ពីធីប្រណាំងគោ ក៏បានរៀបចំធ្វើឡើងនៅមុខសារមន្ទីរប្រល័យពូជសាសន៍ជើងឯក កាលណោះលោក ជា សុផារ៉ា អភិបាលក្រុងជាអធិបតីភាព។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាកសិករទាំងអស់យកគោទៅចូលរួមប្រណាំងរហូតដល់ទៅ៨០គូរឯណោះ។

លោក ខាត់ សុខៃ បន្តថាដោយឡែកនៅព្រឹកថ្ងៃអាទិត្យនេះគោដែលបានចូលរួមប្រណាំងមានចំនួន១១នឹម មកពីខេត្តកណ្តាល៧នឹម ខេត្តកំពង់ស្ពឺ៣នឹម និងរាជធានីភ្នំពេញ១នឹម។ ក្នុងការប្រណាំងសំរាប់គោដែលបានជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា៤០ម៉ឺនរៀល លេខ២ទទួលបាន៣០ម៉ឺនរៀល លេខ៣ទទួលបាន២០ម៉ឺនរៀល និងគោមិនមានចំណាត់ថ្នាក់ទទួលបាន១០ម៉ឺនរៀលផងដែរ។ ក្នុងនោះលោកជំទាវ គង់ សំអូន ក៏បានផ្តល់ជូនបន្ថែម១០ម៉ឺនរៀល ទៅឲ្យគោចំណាត់ថ្នាក់លេខ១ និង១០ម៉ឺនរៀលទៀតទៅឲ្យគោមិនទទួលបានចំណាត់ថ្នាក់ផងដែរ សរុប២០ម៉ឺនរៀល៕ តាឡឹម


ចែករំលែក៖