ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ ស្នើឲ្យអ្នកវិនិយោគ ទុន និងអ្នកទេសចរណ៍ អង់គ្លេសមកបណ្តាក់ទុន នឹងទស្សនានៅកម្ពុជា ឲ្យបានច្រើន។ លោកអភិបាលបានស្នើបែបនេះក្នុងជំនួបជាមួយលោក អេតវ៉ត វ៉ាស៊ី ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ប្រចាំកម្ពុជា ឡាវ និងវៀតណាម កាលពិព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការងារអភិវឌ្ឍន៍រីកចម្រើន របស់រាជធានីភ្នំពេញ ដោយមានហេដ្ឋារចនាសម្ព័នជាច្រើនរួម មានអគារខ្ពសៗរីកដូចផ្សិត ហើយទំហំនៃការវិនិយោគក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។ ភ្នំពេញជាទីក្រុងប្រមូលផ្តុំទៅដោយសេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត ដោយមាន ប្រជាពលរដ្ឋ រស់នៅ នឹងស្នាក់អាស្រ័យ ៣លាន់នាក់ និងមានយានយន្តរាប់លានគ្រឿង ។ ទន្ទឹមនឹងការ រីកចម្រើន រាជធានីភ្នំពេញក៏មានបញ្ហាប្រឈមដែលត្រូវដោះស្រាយផងដែរ ពិសេសលើ បញ្ហាចរាចណ៍ ដែលតម្រូវឲ្យយើងមានដំណោះស្រាយឲ្យបានល្អ។
លោក អេតវ៉ត វ៉ាស៊ី ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ ប្រចាំកម្ពុជា ឡាវ និងវៀតណាម ក្នុងឪកាសនោះក៏បានថ្លែងការកោតសរសើពី ការរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ដោយកំនើនសេដ្ឋកិច្ច នឹងការអភិវឌ្ឃន៍មានល្បឿនលឿន ។ នេះជាការទាក់ទាយយ៉ាងខ្លាំងដល់អ្នកវិនិយោគបរទេស ចង់មកវិនិយោគនៅកម្ពុជា ។
ពាក់ព័ន្ធ និងវិស័យដឹកជញ្ជូននៅកម្ពុជា លោកបញ្ជាក់ថា៖ ប្រទេសអង់គ្លេសមានក្រុមហ៊ុនឈ្មោះ Mabey Bridge ហើយក្រុមហ៊ុននេះបានសាងសង់ស្ពាននៅប្រទេសហ្វីលីពិន និងប្រទេសម៉ាឡេស៊ី រាប់ពាន់ស្ពាន ។ ពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់បានអះអាងថា៖ក្រុមហ៊ុននេះចង់មានវត្តមាននៅកម្ពុជាដែរ ។ ជាជំហានដំបូង ក្រុមហ៊ុន Mabey Bridge នឹងផ្តល់ជាស្ពានគំរូមួយដល់រាជធានីភ្នំពេញមួយ ។
លោក ឃួង ស្រេង បានអះអាងថា៖ សម្រាប់រាជធានីភ្នំពេញ គឺត្រូវការកសាងហេដ្ឋារចនាសម្ព័នជាច្រើនទៀត បើទោះបីយើងមានស្ពានឆ្លងទន្លេ ស្ពានអាកាស និងស្ពានថ្មើលជើង។ ចំពោះការលើកឡើង ពីគម្រោងសាងសង់ស្ពាននេះ លោកអភិបាលបានឯកភាពនឹងគាំទ្រគម្រោងនេះ ដោយលោកនឹងចាត់ឲ្យលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ សិក្សាពីការងារនេះ ជាមួយនឹងក្រុម ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ ប្រចាំកម្ពុជា៕ សំរិត