ភ្នំពេញ៖ ក្រោយលេចចេញដំណឹងស្នេហ៍រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាសរួចមក ពេលនេះពួកគេបានចាប់ផ្តើមលាតត្រដាងស្នេហ៍ដោយបើកចំហរបណ្តើរៗហើយ រួមជាមួយដំណឹងចូលរោងការនៅចុងឆ្នាំនេះ ។
ចំណងស្នេហ៍រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសលោកថៅកែផលិតកម្មហង្សមាស ធ្លាប់បានលេចចេញម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញ ។
ដំណឹងនេះ បានផ្ទុះឡើងជាថ្មីកាលពីដើមឆ្នាំ២០១៨នេះ បន្ទាប់ពីមង្គលការសុគន្ធនីសាចប់សព្វគ្រប់ ។ ដំណឹងលើកឡើងថា ពួកគេបានភ្ជាប់ពាក្យនឹងគ្នាកាលពីអំឡុងខែឧសភា ឆ្នាំ២០១៧មកម្ល៉េះ ហើយលេចលឺថា នាងអាចនឹងចូលរោងការក្នុងអំឡុងចុងឆ្នាំ២០១៨នេះផងដែរ ។
បើទោះបីជាដំណឹងស្នេហ៍ចូលរោងការរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញាឱកសុគន្ធកញ្ញា នៅមានភាពស្រពិចស្រពិលនៅឡើយក្តីក៏ពេលនេះដំណឹងស្នេហ៍ ដែលក្រុមគ្រួសារនាងព្យាយាមមិនបញ្ចេញនោះចាប់ផ្តើមលេចចេញជាបណ្តើរៗដូចដំណឹងដែលគេលើកឡើងនោះហើយ។
កាលពីថ្មីៗនេះនាងថែមទាំងបណ្តើរលោក អ៊ឹង សុខលី ជាប្អូនប្រុសថៅកែផលិតកម្មហង្សមាសពេញមុខពេញមាត់ចូលរួមពិធីមង្គលការកូនស្រីលោកស្រី ទ្រី សុខា ជំនួយការសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។ ក្នុងកម្មវិធីនោះដែរមានទាំងមន្ត្រីមានមុខមាត់ និងអ្នកសិល្បៈច្រើនកុះករចូលរួមនោះ នាងហាក់ មានចេតនាចង់បញ្ចេញគូស្នេហ៍ដោយបើកចំហរ ស្របពេលដែលដំណឹងរៀបការនាងផ្ទុះឡើងកាលពីដើមឆ្នាំ២០១៨ ។
មានអ្នកគាំទ្រនាងមួយចំនួនបានគាំទ្រចំពោះចំណងស្នេហ៍របស់ ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មខាងលើ ។ ទោះជាយ៉ាងណាចំណងស្នេហ៍នេះ ត្រូវបានគេជឿជាក់ថា នឹងអាចជួយពង្រឹងការងាររបស់ សុគន្ធ កញ្ញា នៅផលិតកម្មហង្សមាសកាន់តែរឹងមាំនិងមានខ្នងបង្អែកក្រាស់ ៕ វឌ្ឍនា