ព័ត៌មានទាន់ហេតុការណ៍៖

IAEA៖ អ៊ីរ៉ង់នៅតែគោរពទៅតាមកិច្ចព្រមព្រៀងបរមាណូ

ចែករំលែក៖

កាលពីថ្ងៃទី២២ ខែកុម្ភៈ របាយការណ៍ប្រចាំត្រីមាសរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបង្ហាញថា ប្រទេសអ៊ីរ៉ង់បានគោរពតាមការសន្យារបស់ខ្លួនទៅតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយប្រទេស P5 +1 (រួមទាំងអង់គ្លេស, បារាំង, សហរដ្ឋអាមេរិក, រុស្ស៊ី, ចិនបូកអាល្លឺម៉ង់)។

នៅក្នុងរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសអ៊ីរ៉ង់មិនបានបំពានទៅលើកិច្ចព្រមព្រៀង ក្នុងនោះ មានការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ម ក៏ដូចជាការចម្រើនសារធាតុអ៊ុយរ៉ានីញ៉មលើសពី៣,៦៧ភាគរយ ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនោះឡើយ ។

នៅក្នុងរបាយការណ៍របស់IAEA ដែលបានប្រកាសកាលពីចុងឆ្នាំ២០១៧កន្លងមក ក៏បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែគោរពកិច្ចព្រមព្រៀង បរមាណូ ។ នៅក្នុងរបាយការណ៍ផ្ញើទៅកាន់ប្រទេសជាសមាជិក បានបញ្ជាក់ថា អ៊ីរ៉ង់បានគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមអ្វីដែលបានព្រមព្រៀង ។ នៅក្នុងឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉មរបស់អ៊ីរ៉ង់មានតែ ៩៧,៧គីឡូក្រាម គឺតិចជាងឆ្ងាយពីចំនួនកំណត់គឺ ២០២,៨គីឡូក្រាម ហើយកម្រិតចម្រើនមិនលើសពី៣,៦៧ភាគរយនោះឡើយ ។

មានប្រសាសន៍កាលពីថ្ងៃទី២២ ខែកុម្ភៈ រដ្ឋលេខាធិការក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា កិច្ចព្រមព្រៀង បរមាណូ រវាងអ៊ីរ៉ង់នឹងប្រទេស៥+១កំពុងរងការគំរាមកំហែង ។ ក្រៅពីនេះ លោកក៏បានថ្កោលទោស ដល់រដ្ឋាភិបាល របស់លោកដូណាល់ ត្រាំ ថាបានប៉ុនប៉ងបំផ្លាញកិច្ចព្រមព្រៀង ខាងលើ ដោយលើកយកបញ្ហាមីស៊ីលនៅក្នុងប្រទេសនេះមកនិយាយ ។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ធ្លាប់បានស្នើឲ្យមានការកែប្រែច្បាប់មួយចំនួននៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែត្រូវបានប្រទេសផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនោះប្រឆាំង ។ ចិន និងប្រទេសអ៊ីរ៉ង់ បានការពារកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ដោយមិនមានការកែប្រែណាមួយនោះឡើយ ៕ ម៉ែវ សាធី


ចែករំលែក៖