ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានរង្វង់៧ភាគរយទៀតដោយពឹងផ្អែកលើវិស័យធំៗចំនួន៣

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជានឹងសម្រេចបានក្នុងរង្វង់៧ភាគរយ ទៀតដោយពឹងផ្អែកលើវិស័យធំៗចំនួន៣ ដែលជាចន្ទល់ដ៏រឹងមាំជួយរក្សាកំណើន សេដ្ឋកិច្ច។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីធ្វើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋ កិច្ចកម្ពុជាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសំខាន់ៗកាលពីព្រឹកថ្ងៃទី២០ ខែ កុម្ភៈកន្លងទៅថ្មីៗនេះ វង្សី វិស្សុត រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន ឱ្យដឹងថា តាមការព្យាករកំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ខាងមុខ អាចនឹងសម្រេចបានក្នុងរង្វង់៧ភាគរយ ដោយក្នុងនោះវិស័យកសិកម្មត្រូវបានរំពឹង ថានឹងបន្តកំណើនក្នុងរង្វង់១.៨ភាគរយ វិស័យឧស្សាហកម្មនឹងបន្តរក្សាកំណើនរឹង មាំក្នុងអត្រាមធ្យមប្រចាំឆ្នាំ១០ភាគរយ និងវិស័យសេវាកម្មត្រូវបានព្យាករថានឹង មានកំណើនខ្ពស់ក្នុងរង្វង់ប្រមាណ៧ ភាគរយ។

ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជាដាក់ ចេញនូវវិធានការគោលនយោបាយចាំ បាច់មួយចំនួននៅក្នុងរយៈពេលខ្លី និង មធ្យមខាងមុខ ដើម្បីទ្រទ្រង់កំណើនសេដ្ឋ កិច្ចឱ្យបន្តសម្រេចបានក្នុងរង្វង់៧ភាគរយ តាមរយៈការបន្តអភិវឌ្ឍលើកកម្ពស់ ក្បាលម៉ាស៊ីនសេដ្ឋកិច្ចចាស់ ប្រពៃណី ដែលមានស្រាប់ផង និងការបង្កើតក្បាល ម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗផង ដែលរួមមានការ អភិវឌ្ឍលើកកម្ពស់ក្បាលម៉ាស៊ីនចាស់ ប្រពៃណីដែលមានស្រាប់ ពិសេសវិស័យ កាត់ដេរតាមរយៈបង្កើនតម្លៃបន្ថែមក្នុង វិស័យនេះឱ្យបានខ្ពស់ដោយផ្លាស់ប្តូរ ពីការផលិតនូវផលិតផលដែលមានតម្លៃ ថោកៗដូចបច្ចុប្បន្នតម្រង់ឆ្ពោះទៅរកការ ផលិតនូវផលិតផលដែលមានថ្លៃមធ្យម និងតម្លៃខ្ពស់។

ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗ ដូច​ជាវិស័យគ្រឿងបង្គុំ និងវិស័យសេវាកម្ម​មួយចំនួន ដែលកំពុងតែមានសក្តានុពល ខ្ពស់ និងការផ្តួចផ្តើមបង្កើតឧស្សាហកម្ម ថ្មីៗដោយរដ្ឋខ្លួនឯងផ្ទាល់សហការ​ជាមួយ នឹងវិស័យឯកជន។

លោករដ្ឋលេខាធិការបានលើកឡើង ថា ចំពោះស្ថានភាពហិរញ្ញវត្ថុសាធារណៈ របស់កម្ពុជាវិញ គឺមានលក្ខណៈរឹងមាំ និងចីរភាព ទាំងនៅក្នុងផ្នែកចំណូល និង ទាំងនៅក្នុងផ្នែកចំណាយដោយសាររាជ រដ្ឋាភិបាលបានគ្រប់គ្រងវិស័យហិរញ្ញវត្ថុ សាធារណៈរបស់ប្រទេសបានយ៉ាងល្អ ដែលនេះ គឺជាលទ្ធផលផ្លែផ្កានៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៅកម្ពុជា។

លោករដ្ឋលេខាធិការបានបន្ដថា ជា ទិសដៅនៅក្នុងរយៈពេលមធ្យមខាងមុខ គឺយើងនឹងបន្តខិតខំរក្សានូវចីរភាពកំណើន នៃចំណូលនៅក្នុងកម្រិតដ៏សមរម្យមួយ ដោយមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការគ្រប់គ្រងការប្រមូលចំណូលឱ្យកាន់ តែទូលំទូលាយតាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តកៀរគរចំណូលថ្មី ទន្ទឹមគ្នានឹង ការរៀបចំប្រព័ន្ធពន្ធដារថ្មីសម្រាប់ទ្រទ្រង់ កំណើន និងការបង្កើតការងារដោយឈរ លើគោលការណ៍សមធម៌ យុត្តិធម៌សង្គម និងតម្លាភាព។

ជាមួយគ្នានេះ អង្គប្រជុំបានវាយតម្លៃថា ជាចក្ខុវិស័យទៅថ្ងៃមុខសេដ្ឋកិច្ចកម្ពុជានៅ តែបន្តពឹងផ្អែកច្រើនទៅលើកត្តាពីខាង​ក្រៅដោយសារសេដ្ឋកិច្ចកម្ពុជានៅមាន ទំហំតូចនៅឡើយ តែក្នុងពេលជាមួយគ្នា​ នេះយើងចាំបាច់ត្រូវបន្តធ្វើពិពិធកម្មមូល ដ្ឋានសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លានិងធ្វើឱ្យ កាន់តែមានភាពប្រកួតប្រជែងខ្ពស់តាម យន្តការសេដ្ឋកិច្ចទីផ្សារតែរដ្ឋត្រូវចេញមុខ ធ្វើអន្តរាគមន៍ភ្លាមៗ។ នៅពេលមានបរា ជ័យទីផ្សារ ឬទីផ្សារមិនអាចដោះស្រាយ បញ្ហាបាន (Market failure)។

កម្ពុជាគួរបន្តធ្វើទំនើបកម្មមូលដ្ឋាន សេដ្ឋកិច្ចរបស់ខ្លួនទៅរកសេដ្ឋកិច្ចដែលមាន តម្លៃបន្ថែមកាន់តែខ្ពស់ (High Value Added Economy) ហើយក្នុងរយៈពេល វែងខាងមុខទៅជាសេដ្ឋកិច្ចដែលបង្កើត តម្លៃ(Value Creation Economy)។ ទន្ទឹម នឹងនេះក្នុងផ្នែកចំណាយវិញ, គឺកម្ពុជានឹង បន្តអនុវត្តន៍គោលនយោបាយ ដំឡើងប្រាក់ បៀវត្សរ៍ជូនមន្រ្តីរាជការនៅក្នុងកម្រិតមួយ ដ៏សមស្របតាមលទ្ធភាពថវិកាជាតិ។ ក្រៅពីការបន្តបង្កើនទំហំចំណាយមិនមែន បៀវត្សរ៍, គឺយើងនឹងបន្តបង្កើនគុណភាព និងប្រសិទ្ធភាពនៃចំណាយបន្ថែមទៀត ដើម្បីបង្កើតបាននូវលំហថវិកាបន្ថែម សម្រាប់យកទៅបង្កើនការចំណាយលើ វិស័យអាទិភាពសំខាន់ៗ ពិសេសវិស័យ ធនធានមនុស្ស និងលើកកម្ពស់គុណភាព សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជន។

ទន្ទឹមនឹងនេះកម្ពុជានឹងបង្កើនការវិនិ យោគឱ្យកាន់តែខ្លាំងក្លាលើវិស័យហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ដោយក្នុងនោះយើងនឹង វិនិយោគដោយឆ្លាតវៃ (smart investment) លើការតភ្ជាប់លើវិស័យទូរគមនា គមន៍ដឹកជញ្ជូន, ថាមពល និងឌីជីថលក្នុង គោលដៅធ្វើឱ្យការតភ្ជាប់នៅក្នុងប្រទេស របស់យើង គឺកាន់តែល្អ និងមានគុណភាព កាន់តែប្រសើរឡើង។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយសេដ្ឋកិច្ចកម្ពុជានឹងត្រូវជួប ប្រទះនូវហានិភ័យ និងបញ្ហា ប្រឈមមួយ ចំនួនទាំងបណ្តាលមកពីតក្តាខាងក្រៅ និងខាងក្នុងយើងចាំបាច់ត្រូវមានអប្បមាទ (ការមិនធ្វេសប្រហែស)ជាប់ជាប្រចាំ ព្រោះការមិនប្រុងប្រយ័ត្ននៅពេលមិនទាន់ មានបញ្ហាកើតឡើង គឺជាហានិភ័យដ៏គ្រោះ ថ្នាក់​មួយ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរមតិ លើទិដ្ឋភាពនៃស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ពិសេសលើស្ថានភាពរួម នៃសេដ្ឋកិច្ចកម្ពុជា រួមទាំងហានិភ័យ និង បញ្ហាប្រឈមនានារួចមក, កិច្ចពិភាក្សា បានជ្រើសយកចំណុចសំខាន់ៗមួយចំនួន សម្រាប់ពិចារណាលើជម្រើសនយោបាយ, គោលនយោបាយ និងយុទ្ធសាស្រ្តមួយ ចំនួន៕ ហេង សូរិយា


ចែករំលែក៖