ភ្នំពេញ៖ នាវេលារសៀល ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុណ ឆ្នា រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៨ នេះ អនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំ ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានដឹកនាំក្រុមការងារ និងមន្ត្រីសាមាជិក សមាជិកាចុះសួរសុខទុក្ខ និង នាំយកអំណោយចែកជូន ក្មេងតូចៗ ដែលជាកុមារពិការស្វិតដៃជើង និង ក្មេងៗដែលមានសតិមិនគ្រប់គ្រាន់ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល បុរីទារក និង កុមារ ដែលមានទីទាំងស្ថិតតាមបណ្តោយផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
មជ្ឈមណ្ឌល បុរីទារក និង កុមារជាតិ គឺជាកន្លែងសម្រាប់មើលថែទាំក្មេងៗ ទាំងការរស់នៅ ហូបចុក និង ការមើលថែទាំងជំងឺផ្សេងៗ ដល់កុមារតូចៗ ដែលសុទ្ធសឹងជាកុមារដែលជាក្មេងអាណាថា បាត់បង់អាណាព្យាបាល ឬ ពិការភាពស្វិតដៃជើងជាដើម ។ ដែលជាទីតាំងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គ នាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ។
មជ្ឈមណ្ឌល បុរីទារក និង កុមារជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨០ ដែលកាលពីកំឡុងនោះ គេហៅថា មជ្ឈមណ្ឌល សង្គ្រោះទារក លុះមកទល់នឹង ឆ្នាំ២០០៨ ទើបសម្រេចប្តូរមកថា បុរីទារក និង កុមារជាតិ ជំនួសវិញ ។
ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បានមានមតិសំណេះសំណាល និង សួរសុខទុក្ខក្មួយទាំងអស់ដែលកំពុងទទួលបានការមើលថែទាំ និង ផ្តល់ភាពកក់ក្តៅ ពីសំណាក់ បុរីទារក និង កុមារជាតិ ។
លោក ឌី រ័ត្នខេមរុណ ក៏បានធ្វើការផ្ដាំផ្ញើ បងប្អូនដែលជាបុគ្គលិក និងជាអ្នកមើល ថែទាំការរស់នៅរបស់ក្មេងៗ អោយចេះមានអនាម័យល្អ ក្នុងការហូបស្អាត រស់នៅស្អាត ដើម្បីធានាបាននូវសុខភាពល្អបរិបូរណ៍ទាំងកុមារតូចៗដែលមានជំងឺ និង អ្នកថែទាំ ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ទូទាំងប្រទេស ដោយ មិនប្រកាន់និន្នាការនយោបាយ ពណ៍សប្បុរ ឬក៏សាសនាអ្វីឡើយ ពោលគឺទីណាមានការ លំបាកទីនោះមានកាកបាទក្រហមកម្ពុជាតែងតែចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។
ក្នុងអំណោយដែលត្រូវផ្តល់ជូនមជ្ឈមណ្ឌល បុរីទារក និង កុមាជាតិ រួមមាន : អង្ករ ១០ប៉ាវ , មី ១៤ កេះ , ទឹកសុទ្ធ ២០យួរ , ទឹកក្រូច ទឹកផ្លែឈើ ៥កេះ, ទឹកត្រី ១០យួរ , ទឹកស៊ីអុីវ ១០យួរ , ភួយចំនួន ៧០ភួយ , ត្រីខ ៥យ៉ួរ , និង ថវិការ ៥០ ម៉ឺនរៀល ៕ ស តារា