ភ្នំពេញ៖ តារាចម្រៀងបែបមនោសញ្ចេតនា និងជាអ្នកពនិពន្ធវ័យក្មេងលោក ម៉ានិត បានប្រកាសដើរចេញពីផលិតកម្មហង្សមាសហើយ កាលពីពេលថ្មីៗនេះ បន្ទប់ពីលោកបានជ្រកក្រោមផលិតកម្មនេះអស់រយៈពេល៥ឆ្នាំ ។
តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង ម៉ានិត បានចូលច្រៀងក្នុងផលិតម្ម Pleng Record ដែលគ្រប់គ្រងដោយក្រុមហ៊ុនកម្មហង្សមាស ។ តារារូបនេះ បានសម្រេចចិត្តចាកចេញពីផលិតកម្មនេះ ដោយមិនបន្តកិច្ចសន្យាទៀត ។
ការចាកចេញរបស់តារាចម្រៀង វ័យក្មេងរូបនេះបានក្លាយជាប្រធានបទថ្មីរបស់អ្នកគាំទ្រ និងមានមតិខ្វែងគ្នាច្រើនរបស់អ្នកគាំទ្រពួកគេជុំវិញការចាកចេញនេះ ។
ការប្រកាសនេះ ក៏ធ្វើឡើងក្រោយពីតារាចម្រៀងរូបនេះខកខានក្នុងការបញ្ចេញស្នាដៃបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនមួយរយៈកន្លងមកតែបែជាប្រកាសចាកចេញពីផលិតកម្មនាំមុខគេមួយនេះទៅវិញ ខណៈដែលអ្នកគាំទ្រខ្លះសាទរ និងអ្នកគាំទ្រខ្លះមិនសប្បាយចិត្តនឹងការចាកចេញនេះ ។
ទោះជាយ៉ាងណាម្ចាស់បទ “មាននាងក៏ធុញ គ្មាននាងក៏ធុញ” រូបនេះបញ្ជាក់ថា រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានមនុស្សជាច្រើនបាននិយាយពីចំណុចអវិជ្ជមាននៃការដែលលោកចូលធ្វើជាតារាចម្រៀងនៅផលិតកម្មមួយនេះ គេនិយាយថា ធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះខុសហើយ លោកមិនគួរបែបនេះ លោកមិនគួរបែបនោះ តែជាក់ស្ដែងលោកមិនដែលស្ដាយក្រោយក្នុងបម្រើការងារនៅទីនោះឡើយ ។
ម្ចាស់ស្នាដៃប្រលោមលោក”បេសកកម្មមួយ” រូបនេះបញ្ជាក់ដែរថាកាលដែលលោកចុះកិច្ចសន្យាធ្វើជាតារាចម្រៀងដំបូង លោកមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ លោកពិតជាត្រូវរត់ឲ្យទាន់អ្នកដទៃដែលឈានជើងដើរធម្មតា មានរឿងជាច្រើន ដែលលោកបានរៀនពីកន្លែងមួយនេះ ។
វាក៏ធ្វើឲ្យលោកចេះគិត ចេះប្រឈមមុខ ចេះទំនាក់ទំនង រៀនស្គាល់ពីខ្លួនឯង និងចេះវិនិច្ឆ័យចំណុចតូចលម្អិតកាន់តែច្បាស់ ។
អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះរូបនេះបន្តថា”លោកគ្រាន់តែចង់ឲ្យគ្រប់គ្នាបញ្ឈប់ការកាត់សេចក្ដីថា ការដែលលោកចូលហង្សមាសគឺជាកំហុស ។ វាមិនមែនជាកំហុសឡើយ ព្រោះវាជាការសម្រេចចិត្តរបស់លោក ហើយលោកក៏មិនស្ដាយក្រោយនឹងការសម្រេចចិត្តនេះដែរ ។ ចៅប្រុសបង្កើតអ្នកស្រីពាន់ ភួងបុប្ផារូបនេះលើកឡើងដែរថា”ការចាកចេញនេះមិនមែនជាការចុះចាញ់ ឬបរាជ័យ តែវាជាការចាកចេញដើម្បីបន្តដំណើរទៅមុខ ស្វែងរកគោលដៅ និងក្ដីស្រមៃថ្មីមួយ”។
ទោះជាយ៉ាងណាលោកអរគុណដល់លោកនាយក អ្នកគ្រប់គ្រង ក្រុមការងារនៃក្រុមហ៊ុនហង្សមាសទាំងអស់ ដែលបានសហការយ៉ាងល្អ ហើយសង្ឃឹមថា នឹងបានធ្វើការជាមួយអ្នកទាំងអស់គ្នាជាថ្មី ។
ទោះជាយ៉ាងណាក្តីក៏ក្រោយពីបញ្ចប់កិច្ចសន្យា និងប្រកាសចាកចេញពីហង្សមាស ម៉ានិត នៅមិនទាន់បញ្ជាក់ថានឹងចូលច្រៀងឬនិពន្ធសម្រាប់ផលិតកម្មណានៅឡើយដែរ ។
លោកនៅតែជាធនធានមនុស្សដ៏កម្រដែលផលិតកម្មដទៃចង់បានព្រោះតែទាំងទឹកដមសំនៀង ស្នាដៃនិពន្ធបទចម្រៀង និងប្រលោមលោកគឺតារារូបនេះមានគ្រប់គ្រាន់សម្រាប់ទាក់ទាញអ្នកគាំទ្ររបស់ខ្លួន៕ វឌ្ឍនា