ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចព្រមព្រៀង TPP ដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតីលោកអូបាម៉ាត្រូវបានចុះហត្ថលេខា

ចែករំលែក៖

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរ ទ្វីប ដែលហៅកាត់ថា TPP ដែលផ្តួចផ្តើមនិងបង្កើតឡើងដោយអតីតប្រធានាធិបតីអូបាម៉ា ហើយត្រូវបាន ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ ពេលនេះបានចុះហត្ថ​លេខាដោយប្រទេស ចំនួន១១ លើកលែង តែអាមេរិក។

ការចុះហត្ថលេខាខាងលើគឺជាជោគ ជ័យមួយយ៉ាងធំធេង របស់ប្រទេសជា សមាជិក នៅក្នុងការបង្កើនពាណិជ្ជកម្ម សេរី នៅក្នុងប្រទេសជាសមាជិក លើក លែងតែអាមេរិក ហើយកិច្ចព្រមព្រៀងនោះ ធ្វើឡើង ក្នុងពេលដែលលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់ ដំឡើងពន្ធនាំ ចូលដែកថែបនិង អាលុយមីញ៉ូម។ កិច្ច ព្រមព្រៀង TPP គឺផ្តួចផ្តើមគំនិតចរចា ដោយអាមេរិក ក្នុងរដ្ឋបាលលោកអូប៉ាមា តែពេលនេះគឺត្រូវចុះហត្ថលេខាដោយគ្មានអាមេរិក ដ្បិតថាលោកប្រធានាធិបតី ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ តាំងពីពេលលោកចូលកាន់តំណែងបាន៣ថ្ងៃ។ អស់ពីអាមេរិកទៅ កិច្ចព្រមព្រៀងនេះ ស្ទើរតែស្លាប់បាត់ទៅហើយ តែអាចបន្ត មានជីវិតរស់រានច្បាស់លាស់នៅថ្ងៃនេះ គឺដោយសារការខិតខំខ្នះខ្នែងរបស់ប្រទេសចំនួន១១ ពិសេសគឺជប៉ុន ដែលគេមើល ឃើញថា បានប្រឹងប្រែងសម្បើមណាស់ ខុសពីសព្វដង។

ចំពោះរឿងដកខ្លួនរបស់អាមេរិក ប្រទេសជាសមាជិក មិនមែនបិទទ្វារឈប់ឲ្យអាមេរិកចូលខ្លួនទៅក្នុងកិច្ចព្រមព្រៀង វិញនោះទេ ក៏ប៉ុន្តែ ប្រសិនបើថ្ងៃណាមួយ អាមេរិករបស់លោកត្រាំ ប្តូរចិត្ត ឬក៏រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ ចង់ភ្ជាប់ខ្លួនជាមួយកិច្ចព្រមព្រៀង ក៏ប្រទេសហត្ថលេខី នៅតែស្វាគមន៍ដដែល។ ប៉ុន្តែនៅពេល នោះ អាមេរិក ប្រហែលមិនអាចចង់ផ្លាស់ ប្តូរឬទាមទារលក្ខខណ្ឌអ្វីច្រើនទៀតហើយ គឺត្រូវចូលទៅអនុវត្តដូចគេដូចឯងដែរ។

សូមរម្លឹកជាថ្មីថា កិច្ចព្រមព្រៀង តំបន់ អាស៊ី – ប៉ាស៊ីហ្វិក ដែលប្រទេសទាំង១១ចុះ ហត្ថលេខា នោះ គឺមាន ជប៉ុន កាណាដា អូស្ត្រាលី ញូវហ្សឺលែន ប៊្រុយណេ ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក ប៉េរូ សិង្ហបុរី និងវៀត ណាម។ ប្រសិនបើ ប្រទេសចំនួន៦ក្នុង ចំណោមប្រទេស ដែលបានរៀបរាប់នេះសម្រេចផ្តល់សច្ចាប័នរួចនោះកិច្ចព្រម ព្រៀង TPP នឹងត្រូវអនុវត្តភ្លាមៗ នារយៈ ពេល៦០ថ្ងៃបន្ទាប់មក។

កិច្ចព្រមព្រៀង TPP ដែលចុះហត្ថ លេខានៅទីក្រុង សាន់ទីយ៉ាហ្គោ (Santiago) ប្រទេសឈីលី គឺខ្លឹមសារបានឯក ភាពគ្នា ដោយយោងទៅតាមការព្រមព្រៀងចាស់ពីមុន ស្ទើរតែទាំងស្រុង។ គេក៏បាន ដកសំណើរបស់អាមេរិក ចេញដែរ។ នោះ គឺជាលក្ខខណ្ឌ ដែលអាមេរិកបានស្នើឲ្យ បញ្ចូល ការគោរពកម្មសិទ្ធិបញ្ញា។

តែយ៉ាងណាក៏ដោយ ខ្លឹមសារនៃកិច្ច ព្រមព្រៀងថ្មីនេះ គឺមានបង្កើតជាបទដ្ឋានពាណិជ្ជកម្មសេរីរួមគ្នា តាមរយៈការធ្វើឲ្យមានស្តង់ដារទំនិញរួមគ្នា លុបចោល នូវឧបសគ្គនានា មិនថាឧបសគ្គផ្នែកពន្ធ អាករ ឬឧបសគ្គក្រឹត្យក្រមច្បាប់ផ្សេងទៀត ក្នុងវិស័យចរាចរណ៍ទំនិញនោះទេ។ កិច្ច ព្រមព្រៀងTPP នេះ ក៏មានកំណត់ពីកម្រិតស្តង់ដារបរិស្ថាន និងការគោរពច្បាប់ ការងារផងដែរ។ ទោះបីជាអ៊ីចឹងមែនក្តី ក៏ពុំមែនមានន័យថា កិច្ចព្រមព្រៀងTPP នេះល្អឥតខ្ចោះនោះទេ។ វាមានចំណុច ខ្វះខាតខ្លះ ដែលមានគេរិះគន់នៅឡើយ។

ការសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិកនេះ ពុំមែនជាគុណសម្បត្តិរបស់ជប៉ុនតែម្នាក់ ឯងនោះទេ វាគឺជាកិច្ចខិតខំប្រឹងរបស់ ប្រទេសទាំង១១ ដើម្បីសម្រេចបានផលប្រយោជន៍រួមរបស់ប្រទេស។ កាដាណា ដែលជាប្រទេសមានផលិតផលក្នុងស្រុកសរុបច្រើន ក្នុងចំណោមប្រទេសទាំង ១១នេះ ក៏ខំប្រឹងមិនតិចដែរ។

ប៉ុន្តែ ទោះបីយ៉ាងណាក្តី អ្នកជំនាញ បានសង្កេតឃើញថា តួនាទីរបស់ជប៉ុន សម្រាប់កិច្ចព្រមព្រៀងដ៏មានសារសំខាន់នេះ ជប៉ុនបានខំដើរតួនាទីច្រើន បានខំខ្នះខ្នែងទៅជជែកចរចាជាមួយប្រទេសនីមួយៗ កុំឲ្យអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខ ទៀត បើទោះបីជាគ្មានអាមេរិកក៏ដោយ។ អាមេរិកដកខ្លួនចេញ ព្រោះលោក ដូណាល់ ត្រាំ យល់ថា កិច្ចព្រមព្រៀងនេះគឺឲ្យខូច ផលប្រយោជន៍អាមេរិក និងធ្វើឲ្យបាត់បង់ការងារធ្វើសម្រាប់ពលរដ្ឋអាមេរិក។

ជាការពិតក្រោយការដកខ្លួនរបស់ អាមេរិក គឺធ្វើឲ្យប្រទេសផ្សេងៗក្នុង ចំណោមរដ្ឋទាំង១១នោះ អស់សង្ឃឹម និង ស្រងាកចិត្តជាខ្លាំង។ សូម្បីតែជប៉ុនខ្លួនឯង តាមរយៈលោកនាយករដ្ឋមន្ត្រី Shinzo Abe ក៏ធ្លាប់ព្រលយពាក្យកាលពីឆ្នាំមុនថា កិច្ចព្រមព្រៀងTPP នេះ បើអត់ពីអាមេ រិកទៅ គឺហាក់ដូចជាគ្មានន័យ។ ទោះជា យ៉ាងនេះក្តី ក្រុមការងារចរចារបស់ជប៉ុន គឺមិនទម្លាក់សេចក្តីសង្ឃឹមចោលនោះឡើយ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជប៉ុនសម្រាប់សិក្សាកិច្ចការអន្តរជាតិ បានលើកឡើងថា ជាការពិតណាស់ អត់ពីអាមេរិទៅ គឺកិច្ច ព្រមព្រៀងនេះ អាចថមថយសក្តានុពល ច្រើន ក៏ប៉ុន្តែប្រទេសទាំង១១ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះ គឺនៅតែទទួល បានផលចំណេញជាដដែលទេ។

បានជាគេអះអាងថា អត់ពីអាមេរិក កិច្ចព្រមព្រៀងថយសក្តានុពល គឺដោយសារតែអាមេរិកមានប្រភពចំណូលសេដ្ឋ កិច្ចច្រើនខ្លាំង។ កិច្ចព្រមព្រៀងTPP បើប្រៀបធៀបពីផលិតផលក្នុងស្រុកសរុប ទាំង១២ប្រទេស គឺស្មើនឹង៤០ភាគរយនៃចំណូលពិភពលោកសរុប។ ប៉ុន្តែ ពេល អាមេរិកដកខ្លួនចេញទៅ គឺនៅតែប្រមាណ ជា១៥ ទៅ១៨ភាគរយតែប៉ុណ្ណោះ។ ដូច្នេះហើយ បានជាជប៉ុននិងកាដាណា ដែលមានផលិតផលចំណូលក្នុងស្រុក សរុប បូកបញ្ចូលគ្នា គឺ១៣ភាគ បានខំប្រឹងជំរុញឲ្យកិច្ចព្រមព្រៀងនេះកើតឡើងបាន។

ចំពោះជប៉ុន កិច្ចព្រមព្រៀងនេះ មាន ភាពសំខាន់ជាយុទ្ធសាស្ត្រ ក្នុងផ្លាស់ប្តូរ ពាណិជ្ចកម្ម សម្រាប់ផលចំណេញទាំង អស់គ្នាផង ហើយក៏ដើម្បីទប់ទល់នឹងគូសត្រូវយុទ្ធសាស្ត្រនៅអាស៊ី គឺមហាយក្ស ចិនផង។ ជប៉ុន ដែលជាគូសត្រូវប្រវត្តិសាស្ត្រជាមួយចិន គឺពិតជាមិនចង់ឃើញចិន វាតទីអាងយ៉ាងតែម្នាក់ឯងនៅអាស៊ីនោះទេ។ ហេតុដូច្នេះហើយ ទើបជប៉ុនខំដើរខ្នះខ្នែងបញ្ចុះបញ្ចូលគេឯងទាំង១០ប្រទេសផ្សេងទៀតឲ្យចូលតុចរចា។

ផលប្រយោជន៍ ធំមួយទៀត របស់ ជប៉ុន ដែលជាប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់លេខ៣នេះ គឺឲ្យជប៉ុនអាចនាំទំនិញទៅលក់នៅបណ្តាប្រទេសទាំង១០ ដោយគ្មានការបង់ពន្ធ គយឡើយ៕ ម៉ែវ សាធី

 

 

 


ចែករំលែក៖