ភ្នំពេញ ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្តែងការគាំទ្រជំនួបផ្លូវការរវាងប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន អំពីការផ្អាកសាកល្បងអាវុធនុយក្លេអ៊ែ ។
ក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោក អូ ណាក់យ៉ុង ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជានោះប្រមុខការទូតកម្ពុជាថ្លែងថា កម្ពុជាសម្តែងការពេញចិត្តយ៉ាងខ្លាំងលើការកិច្ចចរចាផ្លូវការរវាងមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ នឹងមេដឹក នាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ថ្លែងប្រាប់អ្នកសារព័ត៌មានថា ដើម្បី រកបានសន្តិភាពក៏ដូចជាស្ថិរភាពនយោ បាយគឺទាមទារឲ្យមានការចរចាក្នុងការរិះ រកវិធីសាស្ត្រដែលឈានទៅរកការសន្ទនា។
លោក ជុំ សុន្ទរី បានបន្តថា បើសិនជា ជំនួបចរចានេះទទួលបានជោគជ័យបញ្ហាឧបទ្វីបកូរ៉េអាចនឹងមានភាពធូរស្រាលផងដែរ។ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គ្រោងនឹងជួបគ្នានៅខែឧសភាដើម្បី ពិភាក្សាអំពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីល ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន បានព្រមព្រៀងថា នឹងជួបគ្នានៅខែឧសភាខាងមុខនេះដើម្បីពិភាក្សាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមបេសក ជនពិសេសកូរ៉េខាងត្បូងដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានយុនហាប់កាលពី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ។
បេសកជនពិសេសកូរ៉េខាងត្បូងលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេត វិមាននាឱកាសបំពេញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកដោយគូសបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរក៏ដូចជា បញ្ឈប់រាល់ការធ្វើ តេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ មិន តែប៉ុណ្ណោះលោកប្រធានាធិបតីអាមេរិកក៏ បាននិយាយដែរថា លោកចង់ជួបជាមួយ លោក គីម ជុងអ៊ុន នៅខែឧសភាដើម្បី លុបបំបាត់ជាអចិន្ត្រៃយ៍នៃអាវុធនុយក្លេ អ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែភ្លាមៗនោះ បេសកជនពិសេសរូបនេះមិនបានបញ្ជាក់ពីទីកន្លែងឬពេលវេលាជាក់លាក់ជាងនេះនោះទេ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃ ព្រហស្បតិ៍បានអះអាងថា អាវុធនុយក្លេអ៊ែរ របស់ខ្លួនគឺទុកតែសម្រាប់ការពារខ្លួនពីការឈ្លានពានណាមួយរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយថាខ្លួននឹងឈប់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបើសិនជាខ្លួនត្រូវបានធានាសន្តិសុខ។ តែ យ៉ាងណាក៏ដោយគេនៅតរង់ចាំមើល ស្ថានភាពនៅខែមេសាខាងមុខនេះសិន ពោលគឺបើតាមការគ្រោងទុកទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនឹងដឹកនាំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការគំរាមកំហែង ៕ ហេង សូរិយា