ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលនឹងទូទាត់ប្រាក់សំណងដល់កម្មករដែលថៅកែរោងចក្របិទទ្វារមុនចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា យ៉ាងយូរបំផុតនៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខរដ្ឋាភិបាលកម្ពុជានឹងទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករ និយោជិតជាង៤ពាន់ នាក់ដែលបានរងគ្រោះដោយសារម្ចាស់ ក្រុមហ៊ុន (ថៅកែរោងចក្រ) បិទទ្វារ និង រត់ចោល ។

មានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទ កាលពីរសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី៩ ខែមីនា ឆ្នាំ២០១៨ មន្ត្រីក្រសួងការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈម្នាក់សុំមិន បញ្ចេញឈ្មោះបានឲ្យដឹងទៀតថា ថវិកា ដែលគ្រោងនឹងទូទាត់ជូនដល់បងប្អូនកម្មករនិយោជិតពេលនេះនៅមិនទាន់បាន ទទួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ ឡើយទេ ព្រោះក្រសួងសេដ្ឋកិច្ចកំពុងរៀបចំបែបបទនិងត្រៀមទម្លាក់ជូនមកក្រសួងការងារជាអ្នករៀបចំចាត់ចែងបន្តសម្រាប់បងប្អូនកម្មករប្រមាណជាង៤ពាន់នាក់ នេះ ។

មន្ត្រីខាងលើបានបញ្ជាក់ទៀតថា ប្រាក់សំណងដែលត្រូវទូទាត់ជូនកម្មករនិយោជិត នឹងគិតជូនកម្មករ និយោជិតតាមចំនួនម៉ោងធ្វើការក្នុងរយៈពេលចុងក្រោយរហូតដល់ម្ចាស់ក្រុមហ៊ុនបិទទ្វារ និងរត់ចោល ។

មន្ត្រីដដែលនេះបានអំពាវនាវបន្ថែម ដល់កម្មករនិយោជិតដែលត្រូវបានម្ចាស់ក្រុមហ៊ុន(ថៅកែ)បិទទ្វារ និងរត់ចោលឲ្យទៅចុះឈ្មោះនិងណែនាំខ្លួននៅក្រសួង ឬ តាមមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យក្រុមការងារអន្តរាគមន៍ចំពោះការស្វែងរកការងារធ្វើទៅតាមគោលបំណងដែលបងប្អូនចង់បាន និងស្របទៅតាម ក្រុមហ៊ុននានាកំពុងខ្វះកម្លាំងពលកម្មធ្វើការងារទាំងនៅរាជធានីភ្នំពេញ និងបណ្តា ខេត្ត ក្រុងទូទាំងប្រទេស ។

កាលពីពេលថ្មីៗកន្លងទៅមានរោង ចក្រចំនួន៩បានបិទទ្វារ ក្នុងនោះនៅខេត្ត កណ្តាលមានចំនួន១ ខេត្តកំពង់ស្ពឺចំនួន៣ និងរាជធានីភ្នំពេញចំនួន៥ ហើយរាជរដ្ឋា ភិបាលបានបញ្ចេញហិរញប្បទានពិសេសជាង៤លានដុល្លារដើម្បីបើកប្រាក់ខែជូន កម្មករនិយោជិតចំនួនជាង៤.០០០នាក់៕ ហេង សូរិយា


ចែករំលែក៖