ប្រទេសថៃ ៖ ក្រដាសប្រាក់បាតចាប់ពី ប្រភេទ២០បាតដល់ប្រភេទ១.០០០បាតត្រូវបានផ្លាស់ប្តូររូបភាពថ្មីដោយតម្រូវទៅតាមសម័យរជ្ជកាលនៃអង្គស្តេចនីមួយៗដោយប្រភេទថ្មីនេះគឺនៅផ្នែកខាងមុខមានតាំងរូបព្រះមហាក្សត្រថៃដែលទើបឡើងគ្រងរាជ្យថ្មីគ្រប់ប្រភេទក្រដាសប្រាក់ ហើយនឹងប្រកាសឲ្យធ្វើចរាចរណ៍នៅលើទីផ្សារនាពេលឆាប់ៗខាងមុខ ។
យោងតាមសារាចរណែនាំរបស់ក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិនៃព្រះរាជាណា ចក្រថៃបានឲ្យដឹងថា បន្ទាប់ពីមានព្រះរាជា នុញ្ញាតពីព្រះមហាក្សត្រថៃដែលតម្រូវឲ្យមានការផ្លាស់ប្តូរនូវប្រភេទក្រដាសប្រាក់គ្រប់ប្រភេទរួចមកក្រសួងបានសម្រេចធ្វើការបោះពុម្ពក្រដាសប្រាក់គ្រប់ប្រភេទដោយ ចាប់ពី២០បាតដល់១.០០០បាត ។
នៅផ្នែកខាងមុខនៃក្រដាសប្រាក់នីមួយៗមានដាក់រូបព្រះមហាក្សត្រថៃដែលទើបនឹងឡើងគ្រងរាជ្យក្នុងឯកសណ្ឋានគ្រប់លក្ខណៈក្នុងនាមជាមេបញ្ជាការកងទ័ព អាកាស។ រីឯផ្នែកខាងក្រោយក៏មានតាំង រូបព្រះមហាក្សត្រថៃនៅគ្រប់រជ្ជកាលផងដែរ ។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្រដាស ប្រាក់ប្រភេទថ្មីគឺមានទំហំ និងពណ៌សម្បុរមិនខុសពីក្រដាសប្រាក់ប្រភេទចាស់នោះឡើយដោយគ្រាន់តែមានការតុបតែងកែ លម្អលើចំណុចខ្លះៗឲ្យមានលក្ខណៈ ស្រស់ស្អាតជាងមុនប៉ុណ្ណោះ ។
នៅលើសេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមានការផ្អាកមិនឲ្យចាយនូវក្រដាសប្រាក់ប្រភេទចាស់នោះឡើងដោយប្រជាពលរដ្ឋអាចដកយកទៅប្រើប្រាស់នៅគ្រប់ទីកន្លែងឬធនាគារនៅ ទូទាំងប្រទេសដោយអាចធ្វើចរាចរណ៍ បានទាំងប្រភេទចាស់ និងប្រភេទថ្មីចូលគ្នា បាន ។
ធនាគារជាតិថៃបានកំណត់ថ្ងៃនៃការធ្វើចរាចរណ៍ទៅតាមប្រភេទក្រដាសប្រាក់ចំនួន២វគ្គទៅតាមព្រះរាជានុញ្ញាតគឺ ក្រដាសប្រាក់ប្រភេទ២០បាត, ៥០បាត និង១០០បាតត្រូវកំណត់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារទូទាំងព្រះរាជាណាចក្រថៃនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។ រីឯ ក្រដាសប្រាក់ប្រភេទ៥០០បាត និង១.០០០ បាតព្រះរាជានុញ្ញាតឲ្យធ្វើចរាចរណ៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ៕ ហេង សូរិយា