អង់គ្លេសទើបតែបានបញ្ជូននាវាមុជទឹកដើរដោយថាមពលបរមាណូ ទៅកាន់ប៉ូលខាងជើងនៃផែនដីជាលើកទី១ ក្នុងរយៈពេលជាងមួយទស្សវតន៍កន្លងមក។
ការបញ្ជូននាវាមុជទឹកនេះ កើតឡើងក្នុងពេលដែលអង់គ្លេស និងរុស្ស៊ីកំពុងប្រឈមមុខតានតឹងដាក់គ្នា ពាក់ព័ន្ធនឹងសកម្មភាពយោធានៅតំបន់ប៉ូលខាងជើងផែនដីរបស់រុស្ស៊ីនាពេលកន្លងមក និងរឿងរ៉ាវពាក់ព័ន្ធនឹងអតីចារបុរសជនជាតិអង់គ្លេស រងការសម្លាប់ដោយជាតិពុលកាលពីថ្ងៃទី៤ ខែមីនា។
សារព័ត៌មានអង់គ្លេសបានផ្សាយថា នាវាមុជទឹក HMS Trenchant របស់អង់គ្លេស បានចូលរួមជាមួយនាវា២គ្រឿងផ្សេងទៀត របស់អាមេរិក នៅក្នុងការធ្វើសមយុទ្ធអូសបន្លាយជាច្រើនសប្តាហ៍ដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាម នៅក្នុងអាកាសធាតុត្រជាក់ខ្លាំង។ ក្រៅពីនេះ ក៏បានធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រនៅទីនោះ។
នាវាមុជទឹកខាងលើមានចំណុះ៥ពាន់តោន មានប្រវែង៨៥ម៉ែត្រ។ នាវាមុទឹកខាងលើ បំពាក់ដោយកាំជ្រួចមីស៊ីល Tomahawk និងមីស៊ីលបុកធុនស្រាលប្រភេទ Spearfish។ នៅក្នុងការធ្វើសមយុទ្ធនោះ បានឡើងគម្រោងជាយូរណាស់មកហើយ ប៉ុន្តែត្រូវបានមហាជនចាប់អារម្មណ៍ដោយសារតែកើតឡើងក្រោយអតីតចារបុរស និងកូនស្រីរងការបំពុល។
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Gavin Williamson កាលពីថ្ងៃទី១៥ ខែមីនា បានប្រកាសថា តំបន់សមុទ្រភាគខាងជើងផែនដី គឺជាតំបន់ដែលមានអាកាសធាតុត្រជាក់បំផុត ដូច្នេះកម្លាំងទាហានអង់គ្លេស ចាំបាច់ត្រូវតែធ្វើសកម្មភាពឲ្យបានញឹកញ៉ាបនៅទីនោះ ដើម្បីឲ្យសមនឹងការធ្វើសង្គ្រាមក្នុងអាកាសធាតុត្រជាក់។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អង់គ្លេស និងសម្ពន្ធមិត្តលោកខាងលិច បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីសកម្មភាពរបស់រុស្ស៊ីនៅប៉ូលខាងជើងផែនដី ក្រោយពេលរុស្ស៊ីបង្កើនវត្តមានយោធានៅតំបន់នោះ។ រុស្ស៊ីបានបង្កើតទីតាំងយោធា និងបង្កើនចំនួនទាហានអាវុធនៅទីនោះ៕ ម៉ែវ សាធី