លោកត្រាំ បានក្លាយជាប្រធានាធិបតីប្រវត្តិសាស្ត្ររបស់អាមេរិក ដែលបានដក តំណែង មន្ត្រីក្រោមឱវាទច្រើនជាងគេ បំផុត និងការលាលែងពីតំណែង ដោយសារតែខ្វែងគំនិត្យជាមួយប្រធានាធិបតី ។ ការដកតំណែង ដែលបង្កឲ្យមានវិវាទ ខ្លាំង បំផុតនោះគឺ ការដកដំណែង រដ្ឋមន្ត្រីការ បរទេស Rex Tillerson។
នៅពេលនេះ នាយករងFBI លោក Mc Cabe ត្រូវបានដកហូតតំណែង ក្នុងពេលដែលការចូលនិវត្តន៍របស់លោកសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ។ លោក McCabe ធ្លាប់ ត្រូវបានលោក ដូណាល់ ត្រាំ ចោទប្រកាន់ ថាមានភាពលម្អៀង ផ្នែកនយោបាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ ២០១៨។
កាលពីខែមករា លោក McCabe បានស្នើសុំលាលែងពី តំណែងជានាយក រង FBI ហើយត្រូវបានអនុញ្ញាតឱ្យសម្រាក។ ប៉ុន្តែ ការសុំលាលែងនេះ កើតមានឡើង ចំពេលរូបលោក បានជាប់ផុងកាន់តែជ្រៅនៅក្នុងការស៊ើបអង្កេតរបស់ FBI ពាក់ព័ន្ធ នឹងរឿង អាស្រូវលេចធ្លាយ E-mail របស់ លោកស្រី ហ៊ីលឡារី គ្លីនតុន និងការលូកដៃពីរុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ លើសពីនេះទៅទៀត លោក McCabe ត្រូវបានបណ្ដេញចេញពីតំណែង តែពីរថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវបាន គេរំពឹងថានឹង ប្រកាសចូលនិវត្តន៍។
ដោយឡែក ជុំវិញការបណ្ដេញចេញពី តំណែងនេះដែរ លោកJeff Sessions បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែង ការណ៍មួយ កាលពីថ្ងៃសុក្រ ដូច្នេះថា៖ «ផ្អែកលើរបាយការណ៍ នៃការិយាល័យ ទទួលបន្ទុកវិជ្ជាជីវៈរបស់ FBI និងអនុ សាសន៍ពីមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ខ្ញុំ បានសម្រេចចិត្តបណ្ដេញលោក Andrew McCabe ពីតំណែងនាយករង FBI»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយ អាមេរិក លោក Andrew McCabe អាចនឹងក្លាយជាសាក្សីដ៏សំខាន់ម្នាក់នៅក្នុងការស៊ើប អង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ស្ពីពីការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតី អាមេរិក កាលពីឆ្នាំ២០១៦៕ ម៉ែវសាធី